វ៉ាស៊ីនតោន៖ នៅថ្ងៃចន្ទ សប្តាហ៍នេះ មន្ទីរប៉ង់តាហ្គោនរបស់អាមេរិក បានច្រានចោលនូវ ពាក្យចោទប្រកាន់ដែលថា អាមេរិកមាននយោបាយ បញ្ចុះបញ្ចូលឲ្យកងកម្លាំងរបស់ខ្លួន បដិសេធ ចំពោះការចោទប្រកាន់ពីសំណាក់ អាជ្ញាធរអាហ្វហ្គានីស្ថាន ថាពួកគេ បានរំលោភ បំពានលើក្មេងប្រុសអាហ្វហ្គានីស្ថាន។ ក៏ប៉ុន្តែមន្ទីរប៉ង់តាហ្គោន បានលើកឡើងថា វាជាបញ្ហា ដែលអាហ្វហ្គានីស្ថានខ្លួនឯង គួរតែដោះស្រាយឲ្យបានតាមផ្លូវច្បាប់។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ ទី២២ ខែកញ្ញា នេះ ដោយលើកឡើង នូវសម្តីរបស់អ្នកនាំពាក្យមន្ទីរប៉ង តាហ្គោន លោក ចេហ្វ ដាវីស ថ្លែងដូច្នេះថា “ខ្ញុំអាចប្រាប់ អ្នកថា យើងមិនដែលធ្លាប់មាននយោបាយណាមួយ នោះទេ ដែលអាចប្រាប់ ឲ្យកងកម្លាំង យោធា ណាម្នាក់ ឬ មួយក៏មន្ត្រីយោធាអាមេរិកនៅឯបរទេស ធ្វើការបដិសេធចំពោះ ការរំលោភបំពានសិទ្ធិមនុស្សក្នុងទម្រង់ណាមួយនោះ។”
គួរបញ្ជាក់ថាសេចក្តីរាយការណ៍ពីកាសែត ញូយ៉ក ថែមស៍ កាលពីថ្ងៃអាទិត្យ កន្លងទៅនេះថា កងកម្លាំងរបស់អាមេរិក ប្រចាំការនៅប្រទេសអាហ្វហ្គានីស្ថាន ត្រូវបានគេអះអាងថា បានទទួលបញ្ជាពីមេបញ្ជាកណ្តាលរបស់ខ្លួន ថាមិនឲ្យលូកដៃចូលកិច្ចការរបស់ប៉ូលិស អាហ្វហ្គានីស្ថាន និងមេបញ្ជាការយោធានោះឡើយ ជុំវិញរឿងចាប់រំលោភផ្លូវភេទ លើ ក្មេងប្រុសអាហ្វហ្គានីស្ថាន បើទោះបីជាការរំលោភនោះធ្វើឡើងនៅក្នុងមូលដ្ឋានយោធាជាក់ ស្តែងយ៉ាងណាក៏ដោយ។
ឆ្លើយតបទៅនឹងបញ្ហាខាងលើនេះ មន្ទីរប៉ង់តាហ្គោន បានហៅសកម្មភាពខាងលើនេះថា ប្រៀបបីដូចជាក្មេងលេងដី។ វាជាការអនុវត្តច្បាប់ដោយអាជ្ញាធរ អាហ្វហ្គានីស្ថាន សុទ្ធសាធ យើងមិនមានសមត្ថកិច្ចអ្វីលើរឿងនោះឡើយ។ យ៉ាងណាក៏ដោយ កន្លងមកបើមានទាហាន អាមេរិកណាមួយ នៅអាហ្វហ្គានីស្ថាន ហ៊ានប្រព្រឹត្តទង្វើដូចខាងលើនេះ ពួកគេក៏នឹងត្រូវ ទទួលការដាក់ទោសពីមន្ទីរប៉ង់តាហ្គោន ជាក់ជាមិនខាន៕