ត្បូងឃ្មុំ៖ សមត្ថកិច្ចនគរបាលស្រុកត្បូងឃ្មុំបាន បង្ក្រាបជនសង្ស័យម្នាក់ក្នុងពេលដែលគេកំពុងដោះដូថ្នាំញៀននៅកន្លែង លក់គ្រឿងក្លែមមួយកន្លែងយីហោម្លប់ស្វាយ។ប្រតិបត្តិការនេះធ្វើឡើងនៅ ចំណុចហាងលក់គ្រឿងក្លែមយីហោម្លប់ស្វាយភូមិជើងខាលឃុំមង់រៀវ ស្រុក-ខេត្តត្បូងឃ្មុំកាលពីរសៀលថ្ងៃទី២១ខែមេសាឆ្នាំ២០១៦។
លោកវរសេនីយ៍ត្រី ឡុង សារិន អធិការរងនៃអធិការដ្ឋាននគរបាលស្រុកមេមត់បានបញ្ជាក់ឲ្យបានដឹងថា ជនសង្ស័យខាងលើ ឈ្មោះ នឹម ផានិត ហៅមុំភេទប្រុសអាយុ៣៣ឆ្នាំ មានទីលំនៅភូមិត្រពាំងក្រពើរឃុំមង់រៀវ។ ខណៈដែលគេកំពុងធ្វើសកម្មភាពជួញដូរថ្នាំញៀននៅចំណុចហាងលក់ គ្រឿងក្លែមយីហោម្លប់ស្វាយភូមិជើងខាល ឃុំមង់រៀវ ក្នុងនោះសមត្ថកិច្ចយើងឆែកឆេររកឃើញម្សៅក្រាមពណ៌សសង្ស័យថ្នាំញៀន មួយកញ្ចប់។
លោកវរសេនីយ៍ត្រីឡុងសារិនបានឲ្យដឹងទៀតថា បន្ទាប់មកនៅម៉ោង៥និង៣០នាទីថ្ងៃដដែលកម្លាំងសមត្ថកិច្ចជំនាញ នគរបាលស្រុកត្បូងឃ្មុំសហការជាមួយកម្លាំងនគរបាលក្រុងសួង ក្រោមការដឹកនាំរបស់លោក ប៉ុក តារា ព្រះរាអាជ្ញារងខេត្តត្បូងឃ្មុំ បានចុះទៅឆែកឆេរកន្លែងជនសង្ស័យស្នាក់នៅ បន្ទប់លេខ១០១ផ្ទះសំណាក់ភ្នំមាសភូមិវិហារខ្ពស់សង្កាត់សួងក្រុង សួងរកឃើញនិងដកហូតឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួន។ក្នុងនោះមាន ម្សៅក្រាមពណ៍សសង្ស័យថ្នាំញៀននៅជាប់ឧបករណ៍បន្តិចបន្តួចដែលអាចយក ធ្វើកោសល្យវិច្ច័យបាន។បច្ចុប្បន្នជនសង្ស័យខាងលើរួមទាំងវត្ថុតាង ជាក់ស្តែងសមត្ថកិច្ចនគរបាលស្រុកត្បូងឃ្មុំកំពុងធ្វើសាកសួរនិងកសាង សំណុំរឿងតាមនីតិវិធីបញ្ជូនទៅតុលាការ៕