​រកឃើញ​មូលហេតុ​ដែល​ផ្តើម​ឲ្យ​ជនសង្ស័យ​វាយ​សម្លាប់​សិស្ស​វិទ្យាល័យ​ពងទឹក​ប្លន់​យក​ទ្រព្យសម្បត្តិ​ហើយ​

12-May-2016 | ដោយ មែន កំសត់




​ភ្នំពេញ ៖ ជុំវិញ​ករណី​ប្លន់​សម្លាប់​យុវ​សិស្ស​វិទ្យាល័យ​ពងទឹក ត្រូវបាន​សមត្ថកិច្ច​ប្រាប់​ឲ្យ​ដឹងថា ផ្តើមឡើង​ដោយសារ​ជន សង្ស័យ​ជំពាក់​លុយ​គេ​ចំនួន ៧០​ដុល្លារ ហើយ​សុំ​ខ្ចីលុយ ជនរងគ្រោះ​មិនបាន ទើប​ឈានដល់​ការ​វាយ​សម្លាប់​ប្លន់ បែបនេះ​។  ជនសង្ស័យ​ឈ្មោះ ជុំ វីរៈ ប្រាប់​ឲ្យ​សមត្ថកិច្ច​ដឹងថា មុនពេល​កើតហេតុ​វេលា​ម៉ោង​៧ ព្រឹក​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៦ រូបគេ​ពុំ​ហ៊ាន​ចូលទៅ​ធ្វើការ​រោងចក្រ​នោះទេ ដោយ សារ​រូបគេ​បាន​ជំពាក់​លុយ​ឈ្មោះ ពេជ្រ ដែល​ធ្វើការ​ជាមួយគ្នា ចំនួន ៧០​ដុល្លារ ហើយ​រូបគេ​ក៏បាន​ទូរស័ព្ទ​ទៅ​មិត្ត​ភ​ក្រ័​ឈ្មោះ តា និង​ឈ្មោះ វ័​ន្ត នៅ​បុរី​សន្តិភាព​២ ។​
​លុះដល់​វេលា​ម៉ោង ១២ ថ្ងៃ​ដដែល រូបគេ​ក៏បាន​ជិះ​ម៉ូតូ សេ​១២៥ ពណ៍​ខ្មៅ ស៊េរី​ឆ្នាំ​២០១១ បិទ​តែម​ឆ្នាំ​២០១៣ ពាក់​ស្លាក​លេខ ភ្នំពេញ 1AT-5204 ទៅផ្ទះ​ឈ្មោះ តា និង​ឈ្មោះ វ័​ន្ត នៅ​បុរី​សន្តិភាព​២ ព្រមទាំង​នាំគ្នា​ទិញ​ស្រា អា​ឡិច​សង់​វិ​ស្គី ចំនួន ២​ដប កូកាកូឡា ១​ដប មី ២​កញ្ចប់ ពេល​ទិញ​រួចហើយ ពួកគេ​ទាំង ៣​នាក់ ក៏បាន​ជិះ​ម៉ូតូឌុប​គ្នា​ទៅ​ផឹកស៊ី​នៅ​ទីវាល​ក្រោម​ដើមឈើ មួយកន្លែង ស្ថិតក្នុង​ភូមិ​ព្រៃ​ល្វា សង្កាត់​ចោមចៅ ខណ្ឌ ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។

​ជនសង្ស័យ​សារភាពថា ខណៈ​កំពុង​ផឹកស៊ី រូបគេ ( ជនដៃដល់​) ក៏បាន​និយាយ​ដំណើររឿង​ប្រាប់​មិត្ត​ភ​ក្រ័​ទាំង ២​នាក់ ថា រូបគេ​ជំពាក់​លុយ​គេ​នៅ​រោងចក្រ​ចំនួន ៧០​ដុល្លារ ដោយ​មិន​ដឹងបាន​លុយ​មកពីណា​យកទៅ​សង​គេ ។ ពាក្យ សំដី​នេះ​មិនត្រូវ​បាន​មិត្ត​ភ​ក្រ័​ទាំង ២​នាក់ ឆ្លើយតប​អ្វី​ឡើយ ភ្លាមនោះ​រូបគេ ក៏​នឹកឃើញ​ប្អូនស្រី​ជីទួតមួយ​ឈ្មោះ វ៉ុ​ន រដ្ឋា (​ជនរ​ងរ​គ្រោះ​) ហើយក៏​បាន​តេ​ទូរស័ព្ទ​ហៅ​នាង ដើម្បី​ខ្ចីលុយ តែ​នារី​រងគ្រោះ​បាន​ឆ្លើយថា រូបនាង​កំពុង​រៀន ចាំ​ពេល នាង​ចេញពី​រៀន ទើប​នាង​ទៅ​ជួប ។​

​រហូតដល់​វេលា​ម៉ោង ១៣ និង​៣០​នាទី ថ្ងៃ​ដដែល ទើប​នាងរង​គ្រោះ តេ​ទូរស័ព្ទ​មកវិញ​ថា នាង​កំពុង​ជិះ​ម៉ូតូ​ម្នាក់ឯង មកដល់​ចំណុច​បុរី​សន្តិភាព​២​ហើយ ដោយ​ឭ​បែបនេះ ជនសង្ស័យ​ក៏​នាំគ្នា​ឈប់​ផឹក ហើយ​ជិះ​ឌុប គ្នា​ទាំង ៣​នាក់​ទៅរក​នាង ពេល​បាន​ជួយ​នាង​ហើយ ក៏ ត្រឡប់មកវិញ ដោយ​រូបគេ​ជិះ​ម៉ូតូ​របស់​នារី​រងគ្រោះ ម៉ាក ហុងដា សេ​១២៥ ស៊េរី​ឆ្នាំ ២០០៧ ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AN-0301​ឌុប​នាង​ទៅកាន់​កន្លែង​ផឹកស៊ី​ដដែល​នោះ​វិញ ហើយ​ពួកគេ​ទាំង ៣​នាក់ ក៏​បន្ត​ការផឹកស៊ី​ទៀត ដោយ​នារី​រង គ្រោះ​មិនបាន​ផឹកស៊ី​ជាមួយ​នោះទេ គឺ​នាង​អង្គុយលេង​លើ​តង់ ចាស់ៗ​ដែល​គេ​ទុកចោល​នៅក្បែរនោះ ។ ខណៈពេល​ពួកគេ កំពុង​អង្គុយ​ផឹកស៊ី​នោះ នារី​រងគ្រោះ​បាន​ទារ​ទៅផ្ទះ​វិញ ភ្លាម នោះ​រូបគេ ក៏បាន​យល់ព្រម​ជិះ​ម៉ូតូឌុប​នាង​ត្រឡប់​ទៅវិញ ដោយ​មិត្ត​ភ​ក្រ័​ចំនួន ២​នាក់​ទៀត ជិះ​ម៉ូតូ​មកជា​មួយ​តាម ក្រោយ ។

​ចម្លើយសារភាព​ពី​ជនសង្ស័យ​បន្តថា ដោយមាន​ចិត្ត លោភលន់​ចង់បាន​ទ្រព្យសម្បត្តិ​ផង​នោះ រូបគេ​ក៏បាន​ជិះ​ម៉ូតូ ឌុប​មក​កន្លែង​ស្ងាត់ (​ចំណុចកើតហេតុ​) ក៏​ធ្វើ​សកម្មភាព​ចាប់ ខ្ទប់មាត់​នារី​រងគ្រោះ​អូស​ចូលទៅក្នុង​សំណង់​បាក់បែក និង រើស​ដុំ​ឥដ្ឋតាន់​វាយ​ក្បាល​ជនរងគ្រោះ បណ្តាល​ឲ្យ​បែក ហូរឈាម​រងរបួស​ធ្ងន់​ធ្ង​រ ទើប​ពួកគេ​ស្រ​វ៉ា​យក​ទូរស័ព្ទដៃ ម៉ាក អាយ​ហ្វូ​ន​ហ្វា​យ ចំនួន ១​គ្រឿង និង​ម៉ូតូ​ជនរងគ្រោះ ម៉ាក ហុងដា សេ​១២៥ ស៊េរី​ឆ្នាំ ២០០៧ ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AN-0301 ជិះ​គេចខ្លួន ។ ក្រោយពី​ធ្វើ​សកម្មភាព បានសម្រេច ពួកគេ​បាន​យក​ម៉ូតូ​ជនរងគ្រោះ​ទៅ​លាក់ទុក នៅ​បន្ទប់​មិត្ត​ភ​ក្រ័​ផ្សេងទៀត នៅ​ភូមិ​ស្លែង​រលើង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​

​ចំណែក​ទូរស័ព្ទ​ជនរងគ្រោះ ពួកគេ​បាន​យក ទៅ​លក់​នៅ​ម្តុំ​ផ្សារ​ទឹកថ្លា បាន​លុយ​ចំនួន ៧០​ដុល្លា ដោយ រូបគេ​បានទទួល​លុយ​តែ​ចំនួន ៥០​ដុល្លារ​ប៉ុណ្ណោះ យកទៅ សង​ម្ចាស់បំណុល ហើយ​ក្រោយពី​សង​រួចរាល់ ពួកគេ​ក៏បាន បែកផ្លូវ​គ្នា​រៀងៗ​ខ្លួន លុះ​រហូតដល់​យប់​ថ្ងៃខែ​ដដែល ក៏ត្រូវ សមត្ថកិច្ច​ឃាត់ខ្លួន​ពួកគេ​ជា​បន្តបន្ទាប់​តែម្តង​។ សូមបញ្ជាក់​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង ១៦ និង​៥០​នាទី សព​នារី​ម្នាក់​ត្រូវ​ប្រជាពលរដ្ឋ​ប្រទះឃើញ​ដេកស្លាប់​នៅក្នុង​ថ្លុកឈាម នៅ​ចំណុច​ក្នុង​សំណង់​បាក់បែក​មួយកន្លែង ស្ថិតក្នុង​ភូមិ​ព្រៃ​ល្វា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ចុះ​ពិនិត្យ​ដល់​កន្លែងកើតហេតុ ។

​នៅលើ​ខ្លួន​សព​សមត្ថកិច្ច​ពិនិត្យឃើញ​មាន​កាត​សិស្ស​ឈ្មោះ វ៉ុ​ន រដ្ឋា ភេទ​ស្រី អាយុ​១៩ ជា​សិស្ស​រៀន​ថ្នាក់​ទី​១២D នៃ​វិទ្យាល័យ​ពងទឹក បច្ចុប្បន្ន​រស់នៅ​ភូមិ​ព្រៃ​កី​ខ សង្កាត់​ពងទឹក ខណ្ឌដង្កោ ភ្លាមនោះ​លោក​វរសេនីយ៍ទោ យឹម សារ៉ាន់ អធិការ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ​សែន​ជ័យ ក៏បាន​បើក​ការ ស្រាវជ្រាវ​តាមដាន ដោយ​សហការ​ជាមួយ​នគរបាល​ខណ្ឌ ដង្កោ ទើប​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ជុំ វីរៈ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​រោងចក្រ​កាត់ដេរ បច្ចុប្បន្ន រស់នៅ​ភូមិ​ទ័​ព្ធ​បោះ សង្កាត់​ព្រៃវែង ខណ្ឌដង្កោ (​ត្រូវជា​បង ប្អូនជីទួតមួយ​ជាមួយ​ជនរងគ្រោះ​) និង​បន្ត​ការឃាត់ខ្លួន​ជន សង្ស័យ​ចំនួន ៦​នាក់ នៅ​ចំណុច​ផ្ទះជួល​ភូមិ​ស្លែង​រលើង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ព្រមទាំង​ដកហូត​ម៉ូតូ​ចំនួន ២​គ្រឿង ក្នុងនោះ​មាន ១​គ្រឿង គឺជា​ម៉ូតូ​ជនរងគ្រោះ ។

​ជនសង្ស័យ​ទាំង​៦​នាក់ ទី​១​ឈ្មោះ ហុង សុ​ជោ​តា ហៅ តា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​ដេរ​ស្បែកជើង ទី​២ ឈ្មោះ លឹម បញ្ញា​វ័​ន្ត ហៅ វ័​ន្ត ភេទ​ប្រុស អាយុ​២០​ឆ្នាំ ទី​៣​ឈ្មោះ សុខ សុភាព ហៅ ភាព ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ទី​៤​ឈ្មោះ សុខ សុភា ហៅ ពីរ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ទី​៥​ឈ្មោះ ឡេង ដា​នី ហៅ នី ភេទ​ស្រី អាយុ​១៨​ឆ្នាំ និង​ទី​៦​ឈ្មោះ គ្រឿង ច​ន្ធូ ភេទ​ស្រី អាយុ​១៨​ឆ្នាំ ។  បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៧​នាក់ សមត្ថកិច្ច​កំពុង ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ ពោធិ​សែន​ជ័យ ដើម្បី​រង់ចាំ​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់ សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្តន្ទាទោស​តាមច្បាប់ ៕

ចំនួនអ្នកទស្សនា

    20551617

  • ថ្ងៃនេះ8201
  • ម្សិលមិញ20231
  • សប្តាហ៍នេះ87281
  • ខែនេះ109161
  • ឆ្នាំនេះ109161
  • សរុប20551617