កំពង់ឆ្នាំង ៖ តារាចម្រៀងខេម បាននាំយកអំណោយមួយចំនួន ដើម្បីចូលរួមចំណែកជួយដល់ពលរដ្ឋរងគ្រោះដោយសារអគ្គិភ័យចំនួន ២៥ គ្រួសាររស់នៅភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ខេត្តកំពង់ឆ្នាំង ដែលកំពុងមានការខ្វះខាត។
លោក ខេម បាន និយាយថា ៖«ការចែកអំណោយដូចពិបាកស្ដាប់ពេក គ្រាន់តែជាក្ដីស្រឡាញ់របស់ខ្ញុំតិចតួចប៉ុណ្ណោះបង”។តារាចម្រៀងល្បីឈ្មោះរូបនេះបានបន្ថែមថា គ្រួសារគ្រួសារជនរងគ្រោះនីមួយៗទទួលបានអង្ករ ២៥ គីឡូក្រាម មីចំនួន ២ កេស, គ្រឿងបរិភោគផ្សេងៗទៀត និងថវិកាមួយចំនួនផងដែរ។
តារា សំឡេងស្អក ម្ចាស់បទ”ខ្ញុំខ្លាចហើយលុយ” រូបនេះបានបន្ថែមទៀតថា មិនមែនជាលើកដំបូងក្នុងសកម្មភាពសប្បុរសធម៌នោះទេ រូបគេបានធ្វើសកម្មភាពជាច្រើនមកហើយ ប៉ុន្តែមិនដែលបញ្ចេញសកម្មភាពជាសាធារណៈឡើយ ព្រោះគិតថា ជាការធ្វើបុណ្យទានកើតចេញពីការអាណិតអាសូរ និងការស្រឡាញ់ មិនចង់បានការកោតសរសើរនោះទេ ជាក់ស្ដែងការចែកអំណោយនៅកំពង់ឆ្នាំងលើកនេះជាដើម។
ម្ចាស់បទ”ខ្ញុំខ្លាចហើយលុយ”ខេម ដដែលបង្ហើបថា ដោយសាររូបលោកក៏ធ្លាប់ជាជនរងគ្រោះដោយសារភ្លើងឆេះផ្ទះដែរ ដូច្នេះទើបដឹងថា មានការលំបាកប៉ុណ្ណាពេលគ្មានជម្រកគ្មានចំណីអាហារ។ ម្យ៉ាងទៀតរូបលោកក៏ជាកូនចៅអ្នកខេត្តកំពង់ឆ្នាំដូចគ្នា ដែលត្រូវតែធ្វើអ្វីមួយដើម្បីជួយសម្រួលដល់ការលំបាក ទោះបីមិនមែនជាចំនួនច្រើនយ៉ាងណាក្ដី។
លោកបន្តថា៖”ខ្ញុំ ធ្វើនេះមិនមែនចង់បញ្ជាក់ថា ខ្ញុំជាអ្នកមានលុយច្រើននោះទេ ប៉ុន្តែខ្ញុំចង់ប្រាប់បងប្អូនថា យើងអ្នកក្រក៏អាចជួយអ្នកក្រដូចជាគ្នាបានដែរ មិនចាំបាច់តែអ្នកមានទើបអាចជួយអ្នកក្របាននោះទេ”៕