មេ​ឈ្មួញ ខូវ អ៊ុយប៉ាង ចាក់ដី​លុប​បឹង​នៅ​ស្រុក​ស្អាង មានការ​ឃុបឃិត​ពី​មន្ត្រី​ពុករលួយ​

20-May-2016 | ដោយ មែន កំសត់


​ចក្រ​ទុយោ​ខេ​អេ​ភី ចាក់ដី​លុប​បឹង​នៅក្នុង​ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្ដាល កំពុងតែ​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង ហើយ​អំពាវនាវ​ឲ្យ​លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្ដាល ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​។ មន្ត្រី​សាលាស្រុក​ស្អាង បាន​បង្ហើប​ឲ្យ​ដឹងថា​មេ​ឈ្មួញ ខូវ អ៊ុយប៉ាង បាន​ឃុបឃិត​ជាមួយ​អាជ្ញាធរ​ស្រុក​ស្អាង ប្រធានការិយាល័យ​ភូមិបាល​ស្រុក​ស្អាង និង​មន្ត្រីរដ្ឋបាល​ជលផល​ក្នុង​ការទិញ​លក់​ដី​បឹង​អតីត​ឡូត៍​នេសាទ​លេខ​១ នៅ​ខាងលិច​បឹង​ទឹកជោ​រាប់រយ​ហិកតា​។ ពេល​ទិញ​ដី​នោះបាន​ហើយ​មេ​ឈ្មួញ ខូវ អ៊ុយប៉ាង បាន​ឃុបឃិត​ជាមួយ​ក្រុមមន្ត្រី​ពុករលួយ​រត់ការ​ធ្វើ​ប្លង់​កម្មសិទ្ធិ​កាន់កាប់​ស្របច្បាប់​យ៉ាង​រលូន​តែម្តង​។​

​មន្ត្រី​អាជ្ញាធរ​ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ក៏បាន​ឲ្យ​ដឹង​ដែរ​ថា មួយ​រយៈពេល​កន្លងទៅ​នេះ​មេ​ឈ្មួញ ខូវ អ៊ុយប៉ាង ថៅកែ​រោងចក្រ​ទុយោ​ខេ​អេ​ភី បាន​ជួល​គ្រឿងចក្រ​រាប់សិប​គ្រឿង​ដើម្បី​ដឹក​អាចម៍ដី​លុប​បឹង​អតីត​ឡូត៍ នេសាទ​លេខ​១ ពង្រីក​បន្ថែម​ដើម្បី​សាងសង់​រោងចក្រ​ផលិត​ទុយោ​មួយកន្លែង​ទៀត​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មេ​ឈ្មួញ ខូវ អ៊ុយប៉ាង ក្រោយពេល​ឈូសឆាយ​ព្រៃ​លិច​ទឹក​និង​ចាក់ដី​លុប​បឹង​ធម្មជាតិ​អតីត​ឡូត៍​នេសាទ លេខ​១​នោះ គឺ​ឈ្មួញ​រូបនេះ​បាន​ចាក់ដី​លុប​ប្រឡាយ​មេទឹក​ចំនួន​២​ខ្សែ​ដែលមាន​ទទឹក​៤០ ម៉ែត្រ ទៅ​៥០​ម៉ែត្រ និង​មាន​បណ្ដោយ​រាប់ពាន់​ម៉ែត្រ​ស្មើ​ផ្ទៃដី​ប្រមាណ​ជាង​២​ហិកតា​។ ប្រឡាយ​មេទឹក​២​ខ្សែ​នោះ គឺជា​ផ្លូវទឹក​តាំងពី​បុរាណ​ដែលជា​ផ្លូវ​ទូក​សម្រាប់​ប្រជាពលរដ្ឋ​ចេញទៅ ប្រកប​របរ​នេសាទ និង​ទាញយក​ទឹក​មកប្រើប្រាស់​សម្រាប់​ដំណាំ​កសិកម្ម​។​

​ជុំវិញ​បញ្ហា​ខាងលើ​នេះដែរ មន្ត្រី​សាលាស្រុក​ស្អាង​មួយរូប​បាន​បង្ហើប​ឲ្យ​ដឹងថា សកម្មភាព​មេ​ឈ្មួញ ខូវ អ៊ុយប៉ាង ចាក់ដី​លុប​ប្រឡាយ​មេទឹក គឺជា​អំពើ​ខុសច្បាប់​ព្រោះ​នៅក្នុង​កិច្ចសន្យា​បាន​បញ្ជាក់ថា មិន​ចាក់ដី​លុប​ប្រឡាយ​មេ​២​ខ្សែ​នោះទេ គឺ​ទុក​ប្រឡាយ​ឲ្យ​នៅ​ដដែល​។ ទន្ទឹមនឹងនេះ​ប្រជាពលរដ្ឋ​បាន​រិះគន់ថា ការដែល​មេ​ឈ្មួញ ខូវ អ៊ុយប៉ាង ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺមាន​ការឃុបឃិត​ជាមួយ​អភិបាលស្រុក​ស្អាង ប្រធានការិយាល័យ​ភូមិបាល​ស្រុក​ស្អាង និង​មន្ត្រីរដ្ឋបាល​ជលផល​ប្រចាំ​ស្រុក​នេះ ដូច្នេះ​មន្ត្រី​ពុករលួយ​ទាំងនោះ​ក៏មាន​ចំណែក​ទទួលខុសត្រូវ​រឿង​មេ​ឈ្មួញ ខូវ អ៊ុយប៉ាង ទន្ទ្រាន​កាន់កាប់​ដី​បឹង​របស់​រដ្ឋ​ដែរ​។ បញ្ហា​នេះ​លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្ដាល ក៏ដូចជា​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម គួរពិនិត្យមើល​ឡើងវិញ​ជាបន្ទាន់ ព្រោះ​ដី​បឹង​អតីត​ឡូត៍​នេសាទ​លេខ​១​រាប់រយ​ហិកតា កំពុង​ត្រូវបាន​មេ​ឈ្មួញ ខូវ អ៊ុយប៉ាង ទន្ទ្រាន​កាន់កាប់​យ៉ាង​គឃ្លើន​៕

ចំនួនអ្នកទស្សនា

    21308537

  • ថ្ងៃនេះ881
  • ម្សិលមិញ5691
  • សប្តាហ៍នេះ881
  • ខែនេះ81451
  • ឆ្នាំនេះ866081
  • សរុប21308537