ប្រជាពលរដ្ឋរស់នៅឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង បានអំពាវនាវឲ្យលោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង និងលោក ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង ចាត់វិធានការបង្ក្រាបសង្វៀនបញ្ជល់មាន់២កន្លែងក្នុងមូលដ្ឋានរបស់ ពួកគាត់ជាបន្ទាន់ ដើម្បីកុំឲ្យប៉ះពាល់ដល់សន្តិសុខសង្គមតទៅទៀត។ មានការរិះគន់ចំៗថា អភិបាលស្រុកបាណន់ និងអធិការនគរបាលស្រុកបាណន់ ទទួលបានផលប្រយោជន៍ជាប្រចាំពីម្ចាស់សង្វៀនបញ្ជល់មាន់ទើបបណ្ដោយឲ្យ បទល្មើសកើតឡើងយ៉ាងពេញបន្ទុក។ ដូច្នេះលោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង មិនត្រូវមើលរំលងតទៅទៀតទេ ចំពោះល្បែងស៊ីសងដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខសង្គម។
អ្វីដែលធ្វើឲ្យប្រជាពលរដ្ឋហួសចិត្តនោះ គឺម្ចាស់សង្វៀនបញ្ជល់មាន់ហ៊ានធានាសន្តិសុខចំពោះអ្នកចូលរួមលេងល្បែង នេះ ដោយអះអាងថាខ្លួនបានសុំការអនុញ្ញាតនិងបង់លុយឲ្យអភិបាលស្រុក ក៏ដូចជាអធិការនគរបាលស្រុករួចហើយ ដូច្នេះគ្មានសមត្ថកិច្ចណាមកបង្ក្រាបឡើយ។ សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋដែលរស់នៅជិតទីតាំងសង្វៀនបញ្ជល់មាន់ ទាំង២កន្លែងបានឲ្យដឹងថា គេបើកលេងជារៀងរាល់ថ្ងៃដោយឆ្លាស់គ្នាម្តងម្នាក់រវាងសង្វៀនទាំង២ ហើយមានមនុស្សចូលរួមលេងយ៉ាងគគ្រឹកគគ្រេង។ សង្វៀនបញ្ជល់មាន់ចាប់ផ្ដើមដំណើរការចាប់ពីម៉ោង១០ព្រឹករហូតដល់ព្រលប់ ទើបបញ្ឈប់ ហើយមានអ្នកខ្លះចាញ់អស់លុយកាក់ទ្រព្យសម្បត្តិ ដោយមិនឃើញមានសមត្ថកិច្ចណាមកបង្ក្រាបទេ បើទោះបីសង្វៀននោះនៅមិនឆ្ងាយពីប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំតាគ្រាម ក៏ដោយ។
ទាក់ទងទៅនឹងបញ្ហាខាងលើនេះលោកវរសេនីយ៍ទោ ប៉ាន់ វ៉ាន់នី អធិការនគរបាលស្រុកបាណន់ បានដោះសាថាការបង់លុយកាក់នោះទំនងម្ចាស់សង្វៀនបង់ឲ្យទៅអធិការមុន ចំណែកលោកទើបមកកាន់តំណែងថ្មីៗមិនដឹងរឿងនេះទេ។ ចំណែកលោក ជុំ ញ៉រ អភិបាលស្រុកបាណន់ ក៏បានដោះសាដែរថាលោកមិនបានដឹង ហើយក៏មិនបានអនុញ្ញាតឲ្យគេបើកលេងល្បែងស៊ីសងទាំងនោះដែរ។ ទោះជាយ៉ាងណាប្រជាពលរដ្ឋនៅភូមិតាគ្រាម ស្រុកបាណន់ បានឲ្យដឹងថាបើគ្មានការបើកដៃឃុបឃិតពីសំណាក់អភិបាលស្រុក និងអធិការនគរបាលស្រុក គឺគ្មាននរណាហ៊ានបើកល្បែងស៊ីសងបំពានច្បាប់ឡើយ។ ហេតុនេះលោក ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង ត្រូវពិនិត្យមើលភាពអសកម្មរបស់សមត្ថកិច្ចនិងមន្ត្រីអាជ្ញាធរស្រុក បាណន់ខ្លះផង ព្រោះសង្វៀនបញ្ជល់មាន់ធំៗ២នៅឃុំតាគ្រាម កំពុងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខសង្គម៕