មានរឿងនិទានពីសត្វប្រើស ស្រលាញ់ពេញចិត្តនឹងស្នែងវែង បែកចម្ពាម ច្រងេងច្រងាងរបស់ខ្លួន តែមិនស្រលាញ់ពេញចិត្តនិងជើងទាំងបួនរស់ខ្លួនទេ ព្រោះមិនស្អាតដូចជាស្នែងឡើយ។
លុះកាលដែលមានភ័យមកដល់ ត្រូវនាយព្រានដេញបាញ់ដោយធ្នូ ជើងដែលខ្លួនមិនពេញចិត្តនោះឯងត្រឡប់ទៅជានាំខ្លួនរស់បានយ៉ាងរហ័ស ហើយក៏រួចខ្លួនបាន។
ថ្ងៃក្រោយមកទៀត ពេលមានភ័យមកដល់ ខ្លួនរត់មិនរួច ព្រោះទាក់ស្នែងនឹងមែកឈើ ជីវិតក៏ត្រូវក្ស័យ។ ប្រើសបានស្លាប់ខ្លួន ព្រោះអាស្រ័យមកអំពីស្នែងដែលខ្លួនតែងស្រលាញ់ពេញចិត្តហ្នឹងឯង។
នៅក្នុងលោកនេះ ពេលខ្លះយើងត្រូវអរគុណដល់ភាពខ្វះខាតផ្សេងៗ ដែលមិនបានឲ្យយើងស្លាប់ និងម្យ៉ាងទៀត ការខ្វះខាតក្ដី កំហុសភ្លាំងភ្លាត់ក្ដី និងភាពក្រីក្រជាដើមនោះ អាចធ្វើឲ្យយើងមិនប្រមាទ ដាស់តឿនស្មារតីជានិច្ច រហូតនាំឲ្យយើងបានដល់នូវសេចក្ដីសម្រេចតាមប្រាថ្នាទៀតផង។
ចំណែកឯភាពមាំមួនដោយសុខភាព ទ្រព្យសម្បត្តិនិងការបានអ្វីៗសមតាមប្រាថ្នា ព្រមទាំងភាពសម្បូរណ៌សប្បាយទាំងឡាយផ្សេងៗនៃជីវិតវិញនោះ ពេលខ្លះក៏ធ្វើឲ្យយើងវង្វេងភ្លេចខ្លួន មានសេចក្ដីប្រមាទ ប្រព្រឹត្តបាបកម្មរហូតនាំខ្លួនឲ្យធ្លាក់ដល់នរកអវីចីទៅបាន។
សេចក្ដីទុក្ខក្នុងជីវិត ដែលមនុស្សយើងមិនត្រូវការប៉ុន្តែថា ព្រោះទុក្ខនៃជីវិតឯងហើយ ដែលធ្វើឲ្យមនុស្សយើងមិនស្រវឹងក្នុងជីវិត ខំប្រឹងប្រព្រឹត្តធម៌ ទីបំផុតក៏បានរួចផុតពីជាតិ ជរា និងមរណៈ។
មានពាក្យដាសតឿនមួយបទ បានពោលថា «មិនបាច់ស្អប់ កុំតែជាប់ទៅបានហើយ»។
ដកស្រង់ចេញពីសៀវភៅ ៤៨ធម្មទស្សន៍