​ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា ស្នើ​ដល់​ឥស្សរជន​ដែល​ទទួល​គោរមងារ​ជា​«​សន្តិ​បណ្ឌិត​» ចែករំលែក​បទពិសោធ​ដល់​នគរបាល​បន្តវេន​

19-October-2023 | ដោយ ពល បញ្ញា

​ភ្នំពេញ ៖ ឯកឧត្ដម ​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ថ្លែង​ស្នើ​ដល់​ឥស្សរជន ដែល​ទទួលបាន​គោរមងារ «​សន្តិ​បណ្ឌិត​» ផ្ដល់​ពេលវេលា​សមស្រប​ណាមួយ អញ្ជើញ​មកកាន់​បណ្ឌិត្យសភា​នគ​របាល​កម្ពុជា ដើម្បី​ធ្វើ​បាឋកថា​ចែករំលែក​បទពិសោធ​ការងារ​ក្នុង​វិស័យ​កងកម្លាំង​នគរបាលជាតិ ដល់​នគរបាល​បន្តវេន​។

ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ថ្លែង​បែបនេះ​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស ជំនាញ «​ដឹកនាំ​បញ្ជា​កងកម្លាំង​នគរបាលជាតិ​» និង​គោរមងារ «​សន្តិ​បណ្ឌិត​» ជូន​ដល់​ឥស្សរជន ចំនួន ៤​រូប រួមមាន ៖ ឯកឧត្ដម ឡូយ សុផាត ឯកឧត្ដម ឆៃ ស៊ីណា​រិ​ទ្ធ ឯកឧត្ដម យូ ស៊ុនឡុង និង​ឯកឧត្ដម គៀត ច័ន្ទ​ថា​រិ​ទ្ធ នៅ​បណ្ឌិត្យសភា​នគរបាល​ក​ម្ពុ​ជា នា​ព្រឹក​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២៣​។

​ក្នុងឱកាស​នោះ​ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ក៏បានផ្ដល់​អនុសាសន៍​ដល់​បណ្ឌិត្យសភា​នគរ​បាល​កម្ពុជា ឱ្យ​ពិនិត្យ​លទ្ធភាព​រៀបចំ​កម្មវិធី ដើម្បី​ទាក់ទង​អញ្ជើញ​ឥស្សរជន​សរុប​ទាំងអស់ ១៧​រូប ដែល​បានទទួល​គោរមងារ “​សន្តិ​បណ្ឌិត​” តាម​កាល​វេលា​ស្រប​នឹង​កម្មវិធីសិក្សា​របស់​ប​ណ្ឌិ​ត្យ​សភា​នគរបាល​ក​ម្ពុ​ជា​។​

​ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា ចាត់ទុក​ការទទួលបាន​គោរព​ងារ​«​សន្តិ​បណ្ឌិត​» របស់​ឥស្សរជន ទាំង​កន្លងទៅ និង​នាពេលនេះ ពិតជា​ស័ក្តិសម​បំផុត ព្រោះ​សុទ្ធតែជា​ថ្នាក់ដឹកនាំ​ពោរពេញ​ដោយ​បទពិសោធ និង​ការលះបង់ ដោយបាន​ចូលរួម​បំពេញភារកិច្ច​ស្នូល​របស់​ក្រសួងមហាផ្ទៃ តាំង​ថ្ងៃ​រំដោះ ៧ មករា ឆ្នាំ​១៩៧៩ មក មិនតិចជាង ៤០​ឆ្នាំ​នោះទេ ក្នុងនាម​ជា​នគរបាលជាតិ​។ ក្នុងន័យ​ផ្ដល់​កិត្តិយស និង​តបស្នង​ចំពោះ​វីរភាព​នៃ​ការបម្រើ​ជាតិ​មាតុភូមិ ក្នុង​ក្របខ័ណ្ឌ​នគរបាលជាតិ​នេះ ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត បាន​ជំរុញ​ឱ្យ​បន្ត​សិក្សា​លើ​ឥស្សរជន​ដទៃទៀត ដើម្បី​វាយតម្លៃ​ផ្ដល់​គោរមងារ «​សន្តិ​បណ្ឌិត​» និង​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស ជូន​ជា​បន្តបន្ទាប់​។​

​នា​ពិធី​ប្រគល់​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស ជំនាញ «​ដឹកនាំ​បញ្ជា​កងកម្លាំង​នគរបាលជាតិ​» និង​គោរមងារ «​សន្តិ​បណ្ឌិត​» ជូន​ដល់​ឥស្សរជន​ជ័យលាភី​នេះដែរ ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក៏បានផ្ដល់​អនុសាសន៍​ក្រើនរំលឹក​ដល់​អស់លោក​ជា​ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី ខេត្ត ទាំងអស់ ឱ្យ​បង្កើន​ការយកចិត្ត​ទុក​លើ​បញ្ហា​ចរាចរណ៍ ព្រោះ​គ្រោះថ្នាក់​បណ្ដាលឱ្យ​ស្លាប់​របួស និង​ខូចខាត​ទ្រព្យសម្បត្តិ​នៅតែ​កើតឡើង​គួរឱ្យកត់សម្គាល់​។

ទន្ទឹមនេះដែរ បញ្ហា​ក្មេង​ទំនើង ក៏​ជា​វិញ្ញាសា​មួយ ដែល​ត្រូវ​សិក្សា​អំពី​បុព្វហេតុ ដែលនាំឱ្យ​ក្រុម​ក្មេង​ទំនើង បង្កបញ្ហា​ប្រព្រឹត្ត​បទល្មើស​នាំឱ្យ​ប៉ះពាល់​សណ្ដាប់ធ្នាប់ និង​អសន្តិសុខ​សង្គម​ជាដើម​។ ដូចគ្នានេះដែរ តាម​បណ្ដា​ស្នងការដ្ឋាន​នគរបាល​រាជធានី​ខេត្ត ក៏​គប្បី​បង្កើន​ការយកចិត្តទុកដាក់​ចាត់​វិធានការ​លើ​បញ្ហា​គ្រឿងញៀន ដោយ​ប្រមូលផ្ដុំ​ការចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន និង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​។ ជារួម គប្បី​ប្រើ​កម្លាំង​សរុប មធ្យោបាយ​សរុប និង​វិធាន​ការសរុប ដើម្បី​ឈានទៅ​ប្រយុទ្ធ​ប្រឆាំងនឹង​មេ​គ្រោះ​មួយ​នេះ​។

​ថ្លែង​ក្នុងឱកាស​នោះដែរ ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានបង្ហាញ​ពី​គោលដៅ​របស់​ក្រសួងមហាផ្ទៃ ក្នុង​អាណត្តិ​ទី​៧​នេះ ថា​នឹង​ដាក់ចេញ​យុទ្ធសាស្ត្រ​កាត់បន្ថយ​បទល្មើស​គ្រឿងញៀន​ឱ្យបាន​ចន្លោះ​ពី ២០% ទៅ ៣០% តាម​មាគ៌ា​ដឹកនាំ​របស់​សម្ដេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី​៕

ចំនួនអ្នកទស្សនា

    19551977

  • ថ្ងៃនេះ2441
  • ម្សិលមិញ3761
  • សប្តាហ៍នេះ16691
  • ខែនេះ69591
  • ឆ្នាំនេះ324531
  • សរុប19551977