វី​តា​ល់ និង​មី​ជាតិ ចែករំលែក​ភាពកក់ក្តៅ ជា​លើក​ទី​៥ ជូន​ប្រជាជន​ក្រីក្រ និង​ចាស់ជរា ក្នុង​រាជធានី​ភ្នំពេញ

13-January-2021 | ដោយ ពល បញ្ញា

 
​រាជធានី​ភ្នំពេញ​៖ វី​តា​ល់ និង​មី​ជាតិ បាន​សហការ​រៀបចំ​ក​ម្ម​វិធី​សប្បុរសធម៌ “​ចែករំលែក​ផ្តល់​ភាពកក់ក្តៅ លើក​ទី​៥” នា​ព្រឹក​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២១ នៅ​បរិវេណ​សួនច្បារ​ប្រាជ្ញា​បារមី ក្នុង​សង្កាត់​ជ្រោយចង្វារ ដើម្បី​ចែក​អំណោយ​ជា​គ្រឿង​ឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ ថ្នាំសង្កូវ និង​ថវិកា​មួយចំនួន ថែមទាំង​ផ្តល់​ការ​កាត់សក់​ជូន​លោកតា​ស៊ីក្លូ ចាស់ជរា និង​ប្រជាជន​ក្រីក្រ ប្រមាណ​ជិត​៣០០​នាក់​ក្នុង​រាជធានី​ភ្នំពេញ​។​
 
​កម្មវិធី​សប្បុរសធម៌​នេះ បាន​ប្រព្រឹត្តទៅ​ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់ លោក​ជំទាវ ជឹ​ង សុគន្ធា​វី នាយិកា​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់ និង​ផលិតផល​មី​ជាតិ ព្រមទាំង​មានការ​ចូលរួម​ពី​សំណាក់​គណៈ​គ្រប់គ្រង​ក្រុមហ៊ុន ប្រជាពលរដ្ឋ យុវជន​ស្ម​គ្រ័​ចិត្ត និង​ក្រុមការងារ​ជាច្រើន​នាក់​។​

​នេះ​ជា​លើក​ទី​៥​ហើយ ដែល​ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់ និង​មី​ជាតិ បាន​ប្រារព្ធ​កម្មវិធី​នេះ​ឡើង ក្នុង​គោលបំណង​ដើម្បី​ពង្រីក​វប្បធម៌​នៃ​ការចែករំលែក ក្នុង​គោលការណ៍​ស្រលាញ់​រាប់អាន ផ្តល់​អធ្យាស្រ័យ និង​គោរព​គ្នា​ដោយស្មោះ​ស្ម័គ្រ​។ ជាងនេះទៅទៀត កម្មវិធី​សប្បុរសធម៌​នេះ​ក៏​ចូលរួម​រំលែក​ការលំបាក និង​ផ្តល់​ភាពកក់ក្តៅ​ដល់​អ្នក​ខ្សត់ខ្សោយ​ដែល​ត្រូវការ​ជំនួយ ជាពិសេស​នៅក្នុង​កាលៈទេសៈ​ដ៏​តានតឹង​នៃ​ការ​រាតត្បាត​ជាស​កល​នៃ​ជម្ងឺ​កូ​វីដ​-១៩ ផងដែរ​។

​ស្ថិតក្នុង​ឱកាស​ដ៏​មាន​អត្ថន័យ​នេះ លោកជំទាវ អគ្គនាយិកា​នៃ​ក្រុមហ៊ុន បាន​មានប្រសាសន៍ថា “​រដូវ​លំហើយ​បានមក​ដល់ វា​ពិត​បង្ក​ការលំបាក​ណាស់​សម្រាប់​ម​នុស្ស​ចាស់ លោកពូ អ្នក​មីង បងៗ ដែលមាន​ជីវភាព​ខ្សត់ខ្សោយ​។ ក្នុងនោះ ពួកគាត់​ខ្លះ​មិនមាន​ទី​ជំរក​សមរម្យ អ្នកខ្លះ​មិនមាន​សម្ភារៈប្រើប្រាស់​គ្រប់គ្រាន់ និង​អ្នកខ្លះ​មិនមាន​លទ្ធភាព​ទិញ​អាហារ​បរិភោគ និង​ថ្នាំសង្កូវ​ប្រើប្រាស់​។​”
​លោកជំទាវ​បាន​បន្តថា “​អាស្រ័យ​ហេតុដូចនេះ​ទើប វី​តា​ល់ និង​មី​ជាតិ បន្ត​រៀបចំ​កម្មវិធី​នេះ​ឡើង ដោយ​ក្រុមហ៊ុន សង្ឃឹមថា នឹង​អាច​ចូលរួមចំណែក រំលែក​ការលំបាក​មួយចំនួន និង​ផ្តល់​ភាពកក់ក្តៅ ជូន​ដល់ លោកតា លោកពូ អ្នក​មីង បងៗ ដែលមាន​ការលំបាក​។​”

​គួរបញ្ជាក់​ផងដែរ ចំពោះ​អំណោយ​ដែល​ក្រុមហ៊ុន​បាន​ចែកជូន​នា​ថ្ងៃនេះ មានដូចជា អង្ករ ទឹក​ពិសា​វី​តា​ល់ មី​ជាតិ និង​ឃី​ត ក្នុងនោះ​មាន ភួយ ក្រមា ថ្នាំសង្កូវ និង​ថវិកា​មួយចំនួន​ផងដែរ​។ ចាស់ជរា និង​ប្រជាជន​ដែល​ចូលរួម ភាគច្រើន​ប្រកប​របប​តិចតួច​ដើម្បី​ចិញ្ចឹមជីវិត​តួយ៉ាង ធាក់​ស៊ីក្លូ លក់​អំបោស សំលៀងកាំបិត កាន់​ជញ្ជីង​ថ្លឹង​គីឡូ និង​ជនពិការ​ខ្វះខាត​ជាដើម​។

​វី តា ល់ និង​មី​ជាតិ ជា ក្រុមហ៊ុន ក្នុងស្រុក​ដែល ទទួល​ការ គាំទ្រ យ៉ាង ខ្លាំង ពី​សំណាក់ ប្រជាជន កម្ពុជា​ចំពោះ​ការងារ​សប្បុរស​ធ​ម៍​និង​សង្គម អស់​រយៈ​ជាង​១០​ឆ្នាំ​មកហើយ​។ ក្រុមហ៊ុន​ទាំងពីរ ក៏បាន​អំពាវ​ដល់​សាធារណជន យុវជន​សម័យថ្មី សូម​ចូលរួម​ក្នុង​សកម្មភាព​សប្បុរសធម៌ និង​សង្គម​ឲ្យ​កាន់តែ​ទូលំទូលាយ​បន្តទៅទៀត ដើម្បី​សង្គមជាតិ​យើងទាំងអស់គ្នា​៕ដោយក្រុមការងារខ្លុយខ្មែរ

ចំនួនអ្នកទស្សនា

    19532457

  • ថ្ងៃនេះ2301
  • ម្សិលមិញ3121
  • សប្តាហ៍នេះ15291
  • ខែនេះ50071
  • ឆ្នាំនេះ305011
  • សរុប19532457