ការងារ​ក្នុង​រង្វង់​គ្រួសារ « យើង​នឹង​ស្រឡាញ់​ហើយនឹង​ថែរក្សា​ក្រុមគ្រួសារ​ជានិច្ច​»

23-September-2015 | ដោយ dara

​ការងារ​ក្នុង​រង្វង់​គ្រួសារ យើង​ត្រូវមាន​សតិសម្បជញ្ញៈ​ស្រលាញ់​រាប់អាន​ក្រុមគ្រួសារ​របស់​យើង​ព្រោះ​យើង​រស់នៅក្នុង​រង្វង់​ក្រុមគ្រួសារ រស់នៅក្នុង​វង្ស​ត្រកូល ត្រូវ​ថែទាំ​វង្ស​ត្រកូល​ឲ្យ​បានល្អ​ផង​។​

​យើង​ត្រូវ​លះបង់​សេចក្ដីសុខ​ផ្ទាល់ខ្លួន ដើម្បី​ប្រយោជន៍​សុខ​ដល់​គ្នាច្រើន​នៅក្នុង​ក្រុមគ្រួសារ ដូចជា​ភរិយា​ស្វាមី​ដែល​រស់នៅ​ជាមួយគ្នា​ជាដើម គឺ​ស្វាមី​រស់នៅ​ដើម្បី​ភរិយា ចំណែក​ភរិយា​ក៏​រស់នៅ​ដើម្បី​ស្វាមី​របស់ខ្លួន​ដែរ កាលបើ​មានកូន​ហើយ យើង​ជា​មាតាបិតា​ក៏​រស់​ដើម្បី​កូន ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ដើម្បី​កូន​។​

​គូ​ភរិយា​ស្វា​មីណា រស់នៅ​មិនបាន​បែកបាក់​គ្នា​ដោយ​ការឈ្លោះទាស់ទែង​លែងលះគ្នា ព្រោះ​ភរិយា​ឬ​ស្វា​មីនោះ មិនបាន​រស់នៅ​ដើម្បី​តែ​ខ្លួនឯង​ម្នាក់​ប៉ុណ្ណោះ​ឡើយ គឺជា​អ្នករស់នៅ​ដើម្បី​គ្នា​នឹង​គ្នា​ទៅវិញទៅមក​។ ទោះជា​មានការ​មិនត្រូវ​អធ្យាស្រ័យ​គ្នា​ខ្លះ ដោយ​រឿង​ខ្លះ​ក៏ដោយ ម្នាក់ៗ​ត្រូវតែ​យល់ថា វា​យ៉ាង​ហ្នឹងឯង​មនុស្ស​ផ្សេងគ្នា​នោះ នឹង​ឲ្យ​ត្រូវ​គ្នា​គ្រប់​រឿង​ទាំងអស់​យ៉ាង​មិច​បាន​ទៅ ប៉ុន្តែ​ត្រូវ​ចេះ​រៀបចំ​សម្រួល កុំ​ឲ្យ​ចេះ​គិតថា​គេ​ត្រូវ​ធ្វើតាម​យើង​ទាំងអស់នោះ សូម​ចាំ​ផង​ចុះ​ថា << គេ​មិន​តាម​យើង​ព្រោះ​យើង​មិន​តាម​គេ គេ​មិន​ដូច​យើង​ព្រោះ​យើង​មិន​ដូច​គេ >> ដូច្នេះ ត្រូវ​ចេះ​សម្រួល​អធ្យាស្រ័យ​គ្នា​ម្ដង​បន្តិចៗ ភរិយា​ទន់​មក ស្វាមី​ទន់​ទៅ​ទីបំផុត​ផ្លូវ​ណា​ក៏ត្រូវ​ដើរទៅ​ទាំងពីរ​នាក់ ត្រូវ​ឈរលើ​ស្មារតី​ស្មោះត្រង់​ស្រលាញ់​ត្រូវ​ទាំងអស់គ្នា បើ​ឈរលើ​ស្មារតី​យ៉ាងនេះ ប្ដី​ប្រពន្ធ​រមែង​ដើរ​ផ្លូវ​ជាមួយគ្នា​ជា​ផ្លូវ​សុភមង្គល ជា​ផ្លូវត្រូវ នាំគ្នា​ដើរទៅ​រក​ព្រះ ព្រោះ​បដិបត្តិ​តាម​ព្រះ​។​

​ម៉ែឪ​មិនត្រូវ​គ្នា​ធ្វើ​ឲ្យ​កូន​លំបាក់ ការចែក​កូន​គ្នា​ជា​រឿង​កំសត់ ម្យ៉ាងទៀត នៅក្នុង​ប្រទេស​មាន​ក្មេងស្រី​ប្រុស​ឡេះឡោះ​ប៉ោឡែ ក៏​ព្រោះ​បញ្ហា​ក្នុង​ក្រុមគ្រួសារ​ជាហេតុ​ផងដែរ ដូចជា ម៉ែឪ​បែកបាក់​គ្នា​លែងលះគ្នា​ធ្វើ​ឲ្យ​កូន​រស់​មិន​ស្រួល បរិភោគ​មិន​រៀបរយ ទន់ខ្សោយ​ស្មារតី កូនប្រុស​ស្រី​អាច​ខូចចិត្ត​ខ្លាំង​ព្រោះ​វិបត្តិ​ម៉ែឪ ខ្វះ​ការគ្រប់គ្រង ឬ គ្រប់គ្រង​មិនបាន​ល្អ​ដោយសារ​ម៉ែឪ​រវល់​ខ្វល់​នឹង​បញ្ហា​ខ្លួនឯង ជួនកាល​កូន​លែង​ស្ដាប់​ដំបូន្មាន ព្រោះ​ចាប់កំហុស​ម៉ែឪ​ហើយក៏​ប្រព្រឹត្ត​តាម​ទំនើងចិត្ត​។​

​នៅមាន​ទៀត គឺ​បញ្ហា​មក​អំពី​ម៉ែឪ​ប្រព្រឹត្ត​ឡេះឡោះ​ខ្លួនឯង ឪ​ប្រមឹក​ផឹក​ទាំងយប់​ទាំង​ថ្ងៃ​វង្វេង​ផ្ទះសម្បែង​លែង​គ្រប់គ្រង​ប្រពន្ធ​កូន​កើត ធ្វើ​ឲ្យ​ក្នុងផ្ទះ​រយីក​រយាក ម៉ែ​ខូច​មារយាទ​និយាយ​អបាយមុខ​សំកុក​វង់ល្បែង ទាំង​នេះឯង​ដែល​នាំ​ឲ្យ​ខ្មោច​ព្រាយ​គឺ​អពមង្គល​ចូល​មកដល់​ក្នុងផ្ទះ ចំណែក​ម៉ែ​អាង​ជេរ​ឪ តើ​ឲ្យ​កូន​អាង​អ្វី​ទៅ​? វា​ជា​រឿង​អាក្រក់​អា​ក្រី​ក្រៃលែង គឺជា​បាប​ដ៏​ជ្រៅ​ខ្មៅ​កខ្វក់​ក្នុង​គ្រួសារ ជះឥទ្ធិពល​មិនល្អ​ដល់​ប្រទេសជាតិ​ជាការ​ទម្លាយ​វឌ្ឍនភាព​សង្គម សរុបមក​គឺជា​បាបគ្រោះ​គួរ​ជៀសវាង​កុំ​ឲ្យ​កើតមាន​នៅក្នុង​គ្រួសារ​នីមួយៗ សូម​ឲ្យ​មាតាបិតា​ជា​សាស្ត្រាចារ្យ​ដ៏​ល្អ និង ជា​វិទ្យាល័យ​ដ៏​ល្អ​របស់​កូនប្រុស​ស្រី​។​

​យើង​គួរ​អធិដ្ឋាន​ចិត្ត​ថា «​យើង​នឹង​ស្រឡាញ់​ហើយនឹង​ថែរក្សា​ក្រុមគ្រួសារ​ជានិច្ច » យើង​ជា​មេ​គ្រួសារ​ត្រូវ​បំរើ​គ្រួសារ ស្រឡាញ់​ការងារ​ដើម្បី​គ្រួសារ ធ្វើការ​ងារ​ដោយ​សេចក្ដី​អត់ធន់ ព្យា​យម​តាំងចិត្ត​ក្នុង​ការងារ​ចម្រើន​ឈានទៅ​មុខ កាលបើ​ការងារ​រីកចម្រើន ក្រុមគ្រួសារ​ក៏​រី​ចម្រើន ខ្លួនឯង​ក៏បាន​ចម្រើន​តាម​ហ្នឹង​ទៅ​ដែរ ពេល​សម្រាក​អំពី​ការងារ​ហើយ ត្រង់​មុខមក​ផ្ទះ​ដោយ​មិន​វៀចវេរ មិន​ទៅ​បំរើ​កាមគុណ​ស្រី​ស្រា ពួកម៉ាក​ខិលខូច​ឯណា​ឯ​ណី ដែលជា​រឿង​អប្រិយ​នាំ​សត្រូវ​ចូល​ផ្ទះ​សម្លាប់​ប្រពន្ធ​កូន​ឡើយ​។​
​យើង​ធ្វើ​ការងារ​ហើយ ត្រូវ​ប្រញាប់​រូតរះ​មក​ផ្ទះ ព្រោះ​យើង​មាន​ចំណង​ក្រុមគ្រួសារ មាន​អ្នក​រង់ចាំ​យើង​នៅផ្ទះ ហើយ​មករក​អ្នក​រង់ចាំ មាន​ពេល​ជួបជុំគ្នា​ដោយ​ល្អ​ជាមួយ​ប្រពន្ធ​កូន អាចធ្វើ​ការងារ​ផ្ទះ​បាន​ជាមួយគ្នា​ក៏​ធ្វើ​ដោយ​ចិត្តភក្ដី បរិភោគ​បាយ​ជាមួយគ្នា​មិន​មុន​មិន​ក្រោយ ជាពិសេស​ភរិយា​និង​ស្វាមី ដាច់ខាត​ប្រពន្ធ​កុំ​បរិភោគ​បាយ​មុន​ប្ដី​ដោយ​អាង​ថា​ឃ្លាន​ណាស់ (​លើកលែង​តែមាន​ករណី​ចាំបាច់​) ហើយ​កុំ​អាង​ថា មិនទាន់​ឃ្លាន​ចាំ​បរិភោគ​តាម​ក្រោយ បណ្ដោយ​កូន ឬ អ្នកបំរើ​ឲ្យ​រៀបចំ​បាយទឹក​ជំនួស​ខ្លួន ដោយ​ខ្លួនឯង​មិនមាន​ករណី​ចាំបាច់​អ្វី​សោះ​នោះ មិន​ប្រពៃ​ឡើយ​។​

​ពេលយប់​ជួបជុំ​កូន​ប្រពន្ធ ត្រូវ​ប្រយ័ត្ន​រឿង​ទូរទស្សន៍​ក្នុងផ្ទះ កុំ​បណ្ដោយ​កូន​ឲ្យ​សោះ បើ​មើល​ត្រូវ​មើល​ទាំងអស់គ្នា ហើយ​គប្បី​អធិបាយ​ឲ្យ​កូន​ស្ដាប់​ថា​នេះ​ជា​រឿង​បុណ្យ នោះ​ជា​រឿង​បាប ដើម្បី​ឲ្យ​កូន​ស្ដាប់​ទៅបាន​យល់ដឹង​កើត​កើន​គំនិតល្អ ពន្យល់​ផ្លូវ​នៃ​ជីវិត​ឲ្យ​កូន​ដើរ​ទៅរក​សេចក្ដីចម្រើន​កើន​ប្រយោជន៍ ពន្យល់​ផ្លូវ​នៃ​ជីវិត​ឲ្យ​មាន​ប្រយោជន៍ រួចហើយ​ឲ្យ​កូន​អាច​សៀវភៅ និង​ធ្វើ​កិច្ចការ​រៀនសូត្រ ជា​ម៉ែ​ជា​ឪ​ត្រូវ​រួមគ្នា​ជួយ​អប់រំ​កូន ដើម្បី​គ្រួសារ​មួយ​ដ៏​ភ្លឺស្វាង ដើម្បី​ប្រទេសជាតិ​យើង​បាន​រុងរឿង​តទៅ​។​

​ដកស្រង់​ចេញពី​សៀវភៅ សិក្ខាបទ​មនុស្ស​ល្អ​

ចំនួនអ្នកទស្សនា

    19584327

  • ថ្ងៃនេះ551
  • ម្សិលមិញ4091
  • សប្តាហ៍នេះ551
  • ខែនេះ20621
  • ឆ្នាំនេះ356881
  • សរុប19584327