ព្រះពុទ្ធគឺជាស្ថាបនិកទស្សនវិជ្ជាសាសនាដ៏អស្ចារ្យរបស់ព្រះពុទ្ធសាសនា។ទ្រង់រស់នៅក្នុង ប្រទេសឥណ្ឌាភាគខាងជើងជាង ២៥០០ឆ្នាំមកហើយ។ពាក្យថាព្រះពុទ្ធ ឥឡូវបានក្លាយ ទៅជាពាក្យអមតដែលមានន័យថា អ្នកត្រាស់ដឹង គឺជាអ្នកដែលគាស់រំលើងនូវអវិជ្ជា ហើង អាចយល់ឃើញរាល់អ្វីៗក្នុងធម្មជាតិទាំងអស់។ព្រះពុទ្ធ គឺជាអ្នកដែលរួចផុតពីកំហុស និងឧបសគ្គទាំអស់។ ជាអ្នកឆ្លាត ស្ងប់ស្ងាត់ ប្រុងប្រយ័ត្ននិងអស្ចារ្យបែបនេះ គឺជាព្រះពុទ្ធ។
-ទ្រង់ប្រសូត្រនៅឧទ្យានលុម្ពិនី នាថ្ងៃសុក្រ ពេញបូណ៌មី ខែពិសាខ ឆ្នាំច វេលាថ្ងៃជិតត្រង់។ មាតាព្រះនាម សិរិមហាមាយា ជាអគ្គមហេសីនៃព្រះបាទសិរីសុទ្ធោទនៈ ព្រះចៅក្រុងកបិលព័ស្តុ។
-ព្រះអង្គឡើងសោយរាជសម្បត្តិ នៅថ្ងៃសៅរ៍ ពេញបូណ៌មី ខែអាសាធ ឆ្នាំឆ្លូវ ក្នុងជន្មាយុ ១៦វស្សា និងបានរៀបអភិសេកមួយព្រះនាងយសោធរាពិម្ពាជាមហេសី។
- ក្នុងព្រះជន្ម ២៩វស្សា ក្រោយពីសោយរាជ្យបាន ១៣ឆ្នាំ ព្រះអង្គយាងចេញសាងផ្នួស នៅថ្ងៃព្រហស្បតិ៍ ពេញបូណ៌មី ខែអាសាធ ឆ្នាំថោះ ជាមួយឆន្នមាត្យ នៅជិតស្ទឹងអនោមា។
-ព្រះអង្គបានត្រាស់ដឹងក្លាយជាព្រះសម្មាសម្ពុទ្ធ នៅថ្ងៃពុធ ពេញបូណ៌មី ខែពិសាខ ឆ្នាំរកា ក្នុងព្រះជន្ម ៣៥វស្សា នៅលើរតនល្ល័ង្ក ក្រោមដើមពោធិព្រឹក នៅគយាសីសប្រទេស ឧរុវេលនិគមមគធរដ្ឋ ក្រុងរាជគ្រឹះ។
-ព្រះអង្គសំដែងធម្មចក្កប្បវត្តនសូត្រ នៅថ្ងៃពេញបូណ៌មី ខែអាសាធ ឆ្នាំរកា ប្រោសបញ្ចវគ្គិយភិក្ខុនៅឥសិបតនមិគទាយវ័ន ក្បែរក្រុងពារាណសី កាសីរដ្ឋ។
-ព្រះអង្គធ្វើមហាសាវ័កសន្និបាត នៅថ្ងៃពេញបូណ៌មី ខែមាឃ ឆ្នាំរកា នៅក្នុងវត្ត វេឡុវ័ន ក្បែរក្រុងរាជគ្រឹះ មគធរដ្ឋ។
-ព្រះអង្គយាងទៅក្រុងកបិលព័ស្តុ ប្រោសពុទ្ធបិតាជាលើកទី១ នៅថ្ងៃពេញបូណ៌មី ខែផល្គុន ឆ្នាំរកា។ ព្រះសាស្តាក៏បានយាងទៅប្រោសពុទ្ធមាតា នៅស្ថានតាវត្តិង្ស ពីថ្ងៃ១៥កើត ខែអាសាធរហូតដល់ថ្ងៃ១៥កើតខែអស្សុជ គឺគង់ចាំព្រះវស្សាទី ៧នៅស្ថាននោះ។
-ព្រះអង្គទ្រង់ដាក់អាយុសង្ខានៅថ្ងៃអាទិត្យ ពេញបូណ៌មី ខែមាឃ ឆ្នាំរោង នៅបាវាលិចេតិយ។
-ព្រះអង្គយាងចូលបរិនិព្វាននៅថ្ងៃអង្គារពេញបូណ៌មី ខែពិសាខ ឆ្នាំម្សាញ់ លើផ្ទាំងសិលាចន្លោះដើមសាលព្រឹកមួយគូក្នុងសាលវ័នក្បែរក្រុងកុសិនារា មល្លរដ្ឋ ក្នុងព្រះជន្មគម្រប់ ៨០វស្សា៕