ក្រៅអំពីកិច្ចប្រណិប័តន៍ព្រះធម៌ទៅតាមពុទ្ធឱវាទព្រះបរមគ្រូនៃយើងសេចក្តីសប្បុរស ចែករំលែក គឺជាកិច្ចការមួយដែលព្រះអង្គតែងតែយកព្រះទ័យទុកដាក់ពីសំណាក់ព្រះគ្រូវិមលប្បញ្ញោ វឿន ដាវីន។ ដូចដែលបានឃើញ ក្នុងបណ្តាញសង្គម ជារឿយៗ អំពីសកម្មភាព យកព្រះទ័យទុកដាក់ក្នុងការចែករំលែកដល់អ្នកខ្វះខាតទីទ័ល ដូចជានៅថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០១៥នេះ កីឡាករ អេ ពូថង ត្រូវបានទទួលអំណោយជាសម្ភារៈបរិភោគមួយចំនួន ពីព្រះគ្រូដែលមានការសាទរយ៉ាងច្រើនពីសារណជន អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក។
ជាមួយនឹងបទសម្ភាសន៍ជាមួយអ្នកសារពត៌មាន ព្រះអង្គមានសង្ឃដីការថា៖ ដោយព្រះអង្គបានឃើញពត៌មានតាមរយៈបណ្តាញសង្គម ព្រមទាំងបានឃើញវីដេអូដែលប្រពន្ធរបស់អេពូថង ត្អូញត្អែរពីការខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដោយហេតុនេះហើយទើបព្រះអង្គមានព្រះទ័យជ្រះថ្លា ផ្តល់ជាអំណោយ ដែលជាបច្ច័យផ្ទាល់របស់ព្រះអង្គមួយចំនួន រួមមានអង្ករចំនួន ២បាវ ទឹកស៊ីអ៊ីវ ២យួរ ស្ករស ៤គីឡូក្រាម និងកាហ្វេកញ្ចប់មួយថង់ធំផងដែរ។
លើសពីនេះទៅទៀត ព្រះអង្គមានសង្ឃដីការបន្តទៀតថា ៖ការផ្តល់ជំនួយឧបត្ថម្ភជាបន្តបន្ទាប់ដល់ទុរគតជន ជនចាស់ជរា និងកុមារ ទីទ័លក្រ កន្លងមកនេះគឺមិនទាន់បានច្រើនណាស់ណានៅឡើយទេ ព្រោះព្រះអង្គបានប្រើប្រាស់បច្ច័យផ្ទាល់ខ្លួនរបស់ព្រះអង្គ ដូចនេះហើយការជួយឧបត្ថម្ភគាំទ្រ នៅមានកម្រិតតិចតួច ដើម្បីរួមចំណែក ក្នុងសង្គមឲ្យបានច្រើនជាងនេះ ក៏សូមឆ្លៀតឳកាសនេះ សូមអំពាវនាវដល់សប្បុរសជនទាំងក្នុងស្រុក និងក្រៅស្រុក សូមបរិច្ចាគបច្ច័យតាមសទ្ធាជ្រះថ្លា ដើម្បីរួមចំណែកក្នុងការជួយដល់កិច្ចការមនុស្សធម៌ឲ្យបានច្រើនជាងនេះ។
គួរបញ្ជាក់បន្ថែមផងដែរថាព្រះគ្រូវិមលប្បញ្ញោ វឿន ដាវីន គឺជាមេកុដិលេខ ១១ នៃវត្តមហាមន្ត្រី និងជា អាចារ្យបាលី (គ្រូបង្រៀន ភាសាបាលី) ផងដែរ។