ពិធីបុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យដ៏ធំមួយ ក្នុងចំណោមពិធីបុណ្យធំៗ ជាច្រើននៅក្នុងពិធីបុណ្យ ប្រពៃណីជាតិខ្មែរដែលត្រូវបានចងចាំរក្សារទុកកប់ក្នុងបេះដូងប្រជាជាតិខ្មែរយ៉ាងជ្រៅហើយប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ។ ប្រជាជនខ្មែរតែងប្រារព្ធធ្វើពិធីកាន់បិណ្ឌនេះឡើងដោយគិតចាប់ពី ថ្ងៃ១រោច ខែភទ្របទ ទៅដល់ថ្ងៃ ១៤រោច ខែភទ្របទគឺមានរយៈពេល១៤ថ្ងៃនិងថ្ងៃទី១៥ជាថ្ងៃចុងក្រោយហៅថា «ពិធីបុណ្យភ្ជុំបិណ្ឌ»។
មួយថ្ងៃមុនពិធីបុណ្យ ដាក់បិណ្ឌឈានចូលមកដល់ ប្រជាជនខ្មែរចាប់ផ្តើមលាងសម្អាតចានស្រាក់ ទិញអីវ៉ែអីវ៉ាន់ទៀន ធូប បាច់ផ្កា ដែលជារបស់សក្ការៈសម្រាប់បូជាដល់ព្រះរតនៈត្រ័យ ដល់ព្រះសង្ឃដើម្បីឧទ្ទិសកុសលដល់វិញ្ញាណខន្តមាតាបិតាញាតិការទាំង ៧សណ្តានដែលបានចែកឋានទៅកាន់លោកខាងមុខ។
ជាការកត់សម្គាល់ ការធ្វើបុណ្យដាក់បិណ្ឌនៅក្នុងឆ្នាំនេះ បានប្រព្រឹត្តិទៅពីដើមទីនៃពិធីកាន់បិណ្ឌឬដាក់បិណ្ឌរយៈពេល១៤ ថ្ងៃ មានសភាពគគ្រឹកគគ្រេងស្ទើរគ្រប់អារ៉ាម។ ស្ថានភាពបែបនេះបង្ហាញថាប្រជាជនខ្មែរ ស្ទើរតែទាំងអស់ជាអ្នកកាន់ព្រះពុទ្ធសាសនា។
ជាការពិត តាមការសង្កេតក្នុងអំឡុងពេលដាក់បិណ្ឌប៉ុន្មានថ្ងៃកន្លងទៅនេះ ប្រជាពលរដ្ឋបានបានទៅកាន់វត្តអារ៉ាមពេញៗវត្តគ្រប់ទីកន្លែង មិនថាវត្តនៅទីក្រុងឬនៅតាមជនបទនោះទេ។នេះមិនទាន់និយាយដល់ថ្ងៃ ឈប់សម្រាកចុងសប្តាហ៍របស់មន្ត្រីរាជការផង ដែលគេសន្និដ្ឋានថាអាចនឹងស្ទះផ្លូវជាអន្លើ ដោយសារសកម្មភាពធ្វើដំណើរទៅកាន់វត្តនានានៅទូទាំងប្រទេស។
សកម្មភាពទាំងនេះត្រូវគេសម្គាល់ថាអាចបណ្តាលមកពីស្ថេរភាពនយោបាយ សុខ សន្តិភាព រួមទាំងអធិករណ៍ទាំងឡាយនៅតាមវត្តមួយចំនួនត្រូវបានកាត់បន្ថយ។ មិនមែនតែកត្តាស្ងប់ស្ងាត់ប៉ុណ្ណោះទេ ដែលជាហេតុផលនាំឲ្យមានសកម្មភាពបុណ្យទានច្រើននៅរដូវភ្ជុំបិណ្ឌ ឆ្នាំនេះ តែបើគេពិនិត្យមើលតាមប្រព័ន្ធផ្សព្វផ្សាយនិងបណ្តាញទំនាក់ទំនង សង្គមនានា ជាពិសេស ហ្វេសប៊ុក ការណែនាំនិងដាស់តឿនឲ្យប្រជាជនចាប់អារម្មណ៍ពីបុណ្យទាន មានសភាពកក្រើកឡើង។
ជាទូទៅអារ៉ាមព្រះពុទ្ធសាសនានៅទូទាំងប្រទេសមានប្រមាណជាជាង៤ពាន់ វត្ត។ ភ្ជុំបិណ្ឌឆ្នាំនេះ គេឃើញប្រជាពលរដ្ឋបានធ្វើបុណ្យយ៉ាងច្រើន រហូតដល់ទីជនបទ ចុងកាត់មាត់ញកតំបន់ដាច់ស្រយាល ដែលពីមុនមានអ្នកមានធនធានទៅដល់តិចតួច ឬក៏មិនមានតែម្តង។ នេះសរបញ្ជាក់ឲ្យឃើញថាប្រជាជនខ្មែរបានយល់ច្រើនពីរបៀបធ្វើបុណ្យ ដូចដែលអ្វីគេតែងលើកឡើងថា ធ្វើបុណ្យនៅទីអារ៉ាមដែលជួបការលំបាក មានភាពអត្តខាត់ នោះបុណ្យកុសលនឹងបានច្រើនទៅតាមការប៉ងប្រាថ្នានិងអនុមោទនារៀងៗ ខ្លួន។
ទោះយ៉ាងនេះក្តីគ្រប់វត្តអារ៉ាម សុទ្ធតែបរិបូរណ៍ ហូរហៀរ ដោយបាយសម្លរ នំ ចំណី ហើយវត្តមួយចំនួនកំពុងតែធ្វើការបែងចែកអាហារទាំងអស់នេះ ទៅដល់ជនទីទាល់ក្រ កុមារកំព្រាដែល ធ្វើឲ្យពួកគេអាចមានឱកាសហូបឆ្អែត និងគ្រប់គ្រាន់យ៉ាងហោចក៏១៥ថ្ងៃដែរក្នុងមួយឆ្នាំ៕