កំពង់ចាម៖ ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាប្រពៃណីទំនៀមទំលាប់ដ៏សំខាន់របស់ប្រជាជនខ្មែរ ហើយឲ្យតែដល់ពិធីនេះ ប្រជាពលរដ្ឋខែ្មរគ្រប់រូបតែងតែទៅវត្តដើម្បីធ្វើចង្ហានប្រគេនព្រះសង្ឃ ក្នុងគោលបំណង់វេចង្ហានទាំងនេះ បញ្ជូនឲ្យទៅជីដូនជីតា ញ្ញាតិកាទាំងប្រាំពីរសន្ដាន ដែលបានចែកឋានទៅលោកខាងមុខ ។
នៅវត្តខែលជ័យ ព្រឹកថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ២០១៥ មានប្រារព្ធពិធីកាន់បិណ្ឌ និងសំណេះសំណាល់ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលត្រូវនឹងបិណ្ឌទី១២ នៅភូមិខែលជ័យ ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
ពិធីនេះដែរ មានការអញ្ជើញចូលរួមពីសំណាក់ លោក គឹម ឌី អភិបាលស្រុកនៃស្រុកកំពង់សៀម ក្រោមអធិបតីភាព លោកឧកញ្ញា សឹង សំអុល និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារមាតាបិតារបស់លោកឧញ្ញាផងដែរ ។
ឆ្លៀតក្នុងឪកាសនេះ លោកឧកញ្ញា សឹង សំអុល មានសទ្ធាជ្រះថ្លាក្នុងការកសាងក្លោងទ្វាវត្ត ដែលមានតម្លៃ ១៥០០០ដុល្លា និងចាក់ដីក្នុងសាលាបឋមសិក្សាខែលជ័យ ៥០០ឡាន សរុបអស់ទឹកប្រាក់ចំនួន ២៨៩០ដុល្លា ផងដែរ ។
លោកឧកញ្ញា ក៏បានប្រគេនបច្ច័យដល់ព្រះសង្ឃចំនួន ៣៥ អង្គ ដោយក្នុងមួយអង្គទទួលបាន ១០០,០០០រៀល និងបានជូនដល់លោកតា លោកយាយ ក្នុងម្នាក់ៗទទួលបាន សារុង១ ឬក្រម៉ា១ ស៊ាប៊ូ១ដុំ ទឹកប្រាក់ចំនួន ២០,០០០រៀល សរុបទាំងអស់ប្រមាណជា ៦០០នាក់ ។
ក្នុងនោះ ជូនដល់លោកអភិបាលកំពង់សៀមចំនួន ១,២០០,០០០រៀល ប៉ូលីសប៉ុស្តិ៍ ៦០០,០០០រៀល មេឃុំ ៥០០,០០០ មេបញ្ជាការកងរាជអាវុធហត្ថស្រុក ៤០០,០០០រៀល មេភូមិ ២០០,០០០រៀល ប្រជាការពារភូមិ និងបងប្អូនប្រជាពលរដ្ឋ ទទួលបាន ២០,០០០រៀលផងដែរ ។
ទាំងអស់នេះ គឺជាសទ្ធាជ្រះថ្លាដ៏ក្រៃលែង ក្នុងការធ្វើបុណ្យដាក់ទាន របស់លោកឧកញ្ញា និងក្រុមគ្រួសារ នៅក្នុងទីស្រុកកំណើតរបស់លោក គឺនៅស្រុកកំពង់សៀម ខេត្តកំពង់ចាមនេះ ។
ជាចុងក្រោយ លោកឧកញ្ញា សឹង សំអុល ក៏បានមានមតិសំណេះសំណាល់ជាមួយប្រជាពលរដ្ឋយ៉ាងមានភាពស្និតស្នាល និងកក់ក្ដៅជាទីបំផុត ។ លោកក៏បានជូនពរដល់បងប្អូនប្រជាពលរដ្ឋទាំង ឲ្យជួបតែសេចក្តីសុខ សេចក្ដីចម្រើនគ្រប់ក្រុមគ្រួសារនាឪកាសពិធិបុណ្យភ្ជុំបិណ្ឌនេះ ។
ការមានចិត្តស្រឡាញ់ រាប់អាន និងវប្បធម៌ចែករំលែងទាំងអស់នេះ គឺជាគំរូដ៏ល្អក្នុងសង្គម ដែលស្របទៅនឹងគោលជំហររបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបង្កើតឲ្យមានកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុន សែន ជាប្រធាន ដើម្បីចុះជួយទុក្ខលំបាករបស់ប្រជាពលរដ្ឋក្រីក្រ ដែលមានជីវភាពខ្វះខាត ៕