ព្រៃវែង៖ នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥ ព្រះអនុគណសង្ឃស្រុកពាមរក៍ ព្រះនាម សាន រស់ គង់នៅវត្តស្ទឹងស្លូត ស្ថិតក្នុងភូមិស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរក៍ ព្រះអង្ឃបានរៀបចំពិធីចែកអំណោយដល់ប្រជាពលរដ្ឋចំនួន៥៥៥គ្រួសារ ។
ពិធីចែកអំណោយនេះចែកជា២ផ្នែក គឺផ្នែកទី១ គ្រួសារដែលក្រលំបាក មានចំនួន២៥គ្រួសារ ដែលក្នុង១គ្រួសារទទួលបានអង្ករ២៥គីឡូក្រាម មី១កេស សារុង១ ក្រមា១ ទឹកត្រី១យួរទឹកស៊ីអ៊ីវ១យួរ ខ្ទះឆា១ វែកឆា១ អំបិល១គីឡូក្រាម ចង្ក្រានហ្គាស១ កាធុន១ ឆ្នាំងបាយ១ និងថវិកា ២០,០០០រៀល ។ ផ្នែកទី២ ប្រជាពលរដ្ឋសាមញ្ញចំនួន៥៣០គ្រួសារ ក្នុង១គ្រួសារទទួលបានសារុង១ ក្រមា១ និងមី៥កញ្ចប់ ។
មានសង្ឃដីកានៅក្នុងកម្មវិធីនោះ ព្រះអង្គបានបញ្ជាក់ថា អំណោយដែលបានយកមកចែកជូនដល់ញាតិញ៉ោមនាពេលនេះ ជាអំណោយដែលបានមកពីសប្បុរសជននៅក្រៅស្រុកផង ក្នុងស្រុកផង មួយចំនួនទៀតបានមកពីព្រះគុណម្ចាស់ជាព្រះចៅអធិការវត្តដែលគង់នៅ តាមវត្តមួយចំនួនក្នុងស្រុកពាមរក៍ ។ ព្រះអង្គបន្តថា ថ្វីបើអំណោយនេះមានចំនួនតិចតួចស្តួចស្តើងក៏ពិតមែន តែវាអាចជួយសម្រាលដល់ភាពខ្វះខាងរបស់ញាតិញ៉ោមជាពុទ្ធបរិស័ទ ហើយក៏ដើម្បីរួមចំណែកជួយរំលែកទុក្ខលំបាករបស់រាជរដ្ឋាភិបាលផងដែរ ។
លោក ថោង វរលក្ខណ៍ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកពាមរក៍ ក៏បានមានមតិសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ នាឱកាសនោះដែរលោកក៏បានថ្លែងអំណរគុណដល់ព្រះអនុគណសង្ឃស្រុកពាមរក៍ និងព្រះចៅអធិការវត្តគង់នៅបណ្តាវត្តមួយចំនួន ព្រមទាំងអស់លោក លោកស្រីដែលជាសប្បុរសជនទាំងក្នុង និងក្រៅប្រទេសផងដែរ ដែលបានលះបង់ទ្រព្យធន់ដូចជាសម្ភារប្រើប្រាស់ អង្ករ រួមនិងថវិកាមួយចំនួនទៀត ដើម្បីចូលរួមជួយឧបត្ថម្ភដល់បងប្អូនប្រជាកសិករដែលមានជីវភាព ក្រលំបាក ខ្វះខាតស្បៀងអាហារ ។ ដោយកាយវិការដ៏សប្បុរសរបស់ព្រះគុណម្ចាស់ និងអស់លោកជាសប្បុរសនៅក្រៅស្រុក ក្នុងស្រុកនាពេលនេះបានឆ្លុះបញ្ចាំងឲ្យឃើញថា ទាំងវិស័យព្រះពុទ្ធសាសនា និងវិស័យរាជរដ្ឋាភិបាល បានដើរតួយ៉ាងសំខាន់ទៅលើផ្នែកមនុស្សធម៌ ក្នុងការរួមគ្នាជួយកាត់បន្ថយភាពក្រីក្រ និងភាពអត់ឃ្លាន ។
លោក ថោង វរលក្ខណ៍ ក៏បានផ្តាំផ្ញើដល់អាជ្ញាធរគ្រប់ភូមិ ឃុំ ស្រុក ព្រមទាំងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវរួមសហការគ្នាការពារផលប្រយោជន៍ប្រជាពលរដ្ឋ ពិសេសត្រូវអនុវត្តនូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពឲ្យបាន ល្អបន្តទៀត ៕
ប្រភព៖ KOHSANTEPHEAP