កំពង់ចាម៖ បុណ្យកឋិនទាន គឺជាបុណ្យពិសេសមួយ ដែលសព្វថ្ងៃនេះពលរដ្ឋពុទ្ធបរិស័ទតែងនិយមរួបរួមសាមគ្គីគ្នា ប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ក្នុងភាពគគ្រឹកគគ្រេងប្រកបដោយគ្រឿងបរិក្ខារបរិវារកឋិនដ៏ច្រើន រួមមានប្រាក់កាសផង ដែលហៅថាបច្ច័យសង្កត់ត្រៃទៅតាមលទ្ធភាព។
ស្របនេះពេលដែរ វត្តឈូកព័រ ស្ថិតនៅ ភូមិសាព័រ ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម កំពុងតែមានការខ្វះខាតបច្ច័យសម្រាប់កសាងសមិទ្ធិផលនានាក្នុងទីអារាម នោះក៏ត្រូវបានអង្គកឋិនទានមួយផ្តួចផ្តើមដោយ លោក ឧកញ្ញ៉ា អ៊ឹម ប្រុស និង លោកជំទាវ ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី បានដង្ហែចូលនាព្រឹកថ្ងៃទី១៥ វិច្ឆិកា ២០១៥ រួមជាមួយ និងពុទ្ធបរិស័ទចំណុះជើងវត្ត បាននាំបច្ច័យចំនួនជាង៣៤,០០០,០០០ លានរៀល ជូនព្រះចៅអធិកាវត្ត ដើម្បីកសាង និងស្ថាបនាសមិទ្ធិផលនានានៅក្នុងវត្ត ដើម្បីរួមចំណែកក្នុងវិស័យព្រះពុទ្ធសាសនាឲ្យកាន់តែមានភាពរីកចម្រើនតទៅមុខទៀត ។
ឆ្លៀតក្នុងឱកាសនេះ លោកឧកញ្ញ៉ា អ៊ឹម ប្រុស មានប្រសាសន៍ឲ្យដឹងទៀតថា សម្រាប់នៅព្រឹកថ្ងៃទី១៥ វិច្ឆិកានេះ លោក ឧកញ្ញ៉ា និង លោកជំទាវ ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជា សិស្សគុណ ព្រមទាំងបុត្រាបុត្រីនៅខេត្តកំពង់ចាម បានរៀបចំអង្គកឋិនទានមួយដោយមានភាពអធិកអធមដង្ហែចូលមកកាន់វត្ត វត្តឈូកព័រ ។ សម្រាប់បច្ច័យដែលប្រមូលបានសរុបគឺមានចំនួនជាង៣៤លានរៀល ទាំងនេះបង្ហាញពីការយកចិត្តទុកដាក់ និងស្រលាញ់នូវព្រះពុទ្ធសាសនារបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជា សិស្សគុណ ព្រមទាំងបុត្រាបុត្រីនៅខេត្តកំពង់ចាមផងដែរ ។
ជាចុងក្រោយ លោកឧកញ្ញ៉ា អ៊ឹម ប្រុស ក៏បានមានមតិសំណេះសំណាលជាមួយប្រជាពលរដ្ឋយ៉ាងមានភាពស្និតស្នាល និងកក់ក្ដៅជាទីបំផុត ថែមទាំងណែនាំអោយ ពុទ្ធបរិស័ទចំណុះជើងវត្តត្រូវចេះសាមគ្គី ស្រឡាញ់ រាប់អាន និងចេះចែករំលែក មានសទ្ធាជ្រះថ្លា ដើម្បីកសាង និងស្ថាបនាសមិទ្ធិផលនានានៅក្នុងវត្ត ដើម្បីរួមចំណែកក្នុងវិស័យព្រះពុទ្ធសាសនា ឲ្យកាន់តែមានភាពរីកចម្រើន។ លោកក៏បានជូនពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យជួបតែសេចក្តីសុខ សេចក្ដីចម្រើនគ្រប់ក្រុមគ្រួសារនាឱកាសពិធិបុណ្យកឋិនទាននេះ ។
គូសបញ្ជាក់ផងដែរថា លោក ឧកញ្ញ៉ា អ៊ឹម ប្រុស គឺជាអនុប្រធានសាខាកបាទក្រហម ខេត្ត កំពង់ចាមផងដែរ៕