ត្បូងឃ្មុំ៖ បុណ្យកឋិនទាន គឺជាបុណ្យពិសេសមួយ ដែលសព្វថ្ងៃនេះពលរដ្ឋពុទ្ធបរិស័ទតែងនិយមរួបរួមសាមគ្គីគ្នា ប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ក្នុងភាពគគ្រឹកគគ្រេងប្រកបដោយគ្រឿងបរិក្ខារបរិវារកឋិនដ៏ច្រើន រួមមានប្រាក់កាសផង ដែលហៅថាបច្ច័យសង្កត់ត្រៃទៅតាមលទ្ធភាព ហើយបុណ្យកឋិនជាពិធីបុណ្យមួយដែលចាប់ផ្តើមធ្វើបន្ទាប់ពីបុណ្យចេញព្រះវស្សា ដោយដង្ហែទៅវេប្រគេនព្រះសង្ឃតាមទីអារាមនានាដោយចាប់ផ្តើមពីថ្ងៃ ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកត្តិក។ ជាពិសេសគ្រឿងបរិក្ខាដែលត្រូវដង្ហែអង្គកឋិនទានរួមមានត្រៃចីវរ សង្ឃាដិ ស្បង់ រួមជាមួយទេយ្យទានផ្សេងៗទៀត។
ស្របពេលដែលវត្តខ្យាង ស្ថិតនៅភូមិខ្យាងខាងជើង ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង កំពុងតែមានការខ្វះខាតបច្ច័យសម្រាប់កសាងសមិទ្ធផលនានាក្នុងទីអារាម នោះក៏ត្រូវបានអង្គកឋិនទានមួយផ្តួចផ្តើមដោយ លោក ឧកញ្ញ៉ា សឹង្ហ សំអុល និងលោក ជំទាវ ព្រមទាំងក្រុមគ្រួសារបានដង្ហែចូល នាព្រឹកថ្ងៃទី១៦ វិច្ឆិកា ២០១៥ រួមជាមួយនិងពុទ្ធបរិស័ទក្នុងស្រុកមេមត់ បាននាំបច្ច័យចំនួនជាង ៣០,០០០ដុល្លារ និងរួមជាមួយទេយ្យវត្ថុមួយចំនួនទៀតទៅវេប្រគេនព្រះសង្ឃនៅវត្តខ្យាងក្នុងខេត្តកំពង់ឆ្នាំង ដើម្បីវេប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាល ត្រីមាសដើម្បីរួមចំណែកក្នុងវិស័យព្រះពុទ្ធសាសនាឲ្យកាន់តែមានភាពរីកចម្រើនតទៅមុខទៀត ។
នាឱកាសនោះដែរ លោកឧកញ្ញ៉ា សឹង្ហ សំអុល បានលើកឡើងថា៖ ដោយសារតែមើលឃើញពីការខ្វះខាតថវិការសម្រាប់កសាងសមិទ្ធផលនានាក្នុងវត្តខ្យាងនេះ ទើបរូបលោកនិងក្រុមគ្រួសាររួមជាមួយពុទ្ធបរិស័ទក្នុងស្រុកមេមត់និងពុទ្ធបរិស័ទជិតឆ្ងាយផ្សេងៗទៀតមានសទ្ធាជ្រះថ្លាបានរួមគ្នារៀបចំដង្ហែអង្គកឋិនមក ដើម្បីប្រមូលបច្ច័យប្រគេនដល់ព្រះសង្ឃនិងគណៈកម្មការសម្រាប់ចាត់ចែងកសាងវត្ត។
ជាចុងក្រោយ លោកឧកញ្ញ៉ា សឹង្គ សំអុល ក៏បានមានមតិសំណេះសំណាល់ជាមួយប្រជាពលរដ្ឋយ៉ាងមានភាពស្និតស្នាល និងកក់ក្ដៅជាទីបំផុត ថែមទាំងណែនាំអោយ ពុទ្ធបរិស័ទចំណុះជើងវត្តត្រូវចេះសាមគ្គី ស្រឡាញ់ រាប់អាន និងចេះចែករំលែក មានសទ្ធាជ្រះថ្លា ដើម្បីកសាង និងស្ថាបនាសមិទ្ធផលនានានៅក្នុងវត្ត ដើម្បីរួមចំណែកក្នុងវិស័យព្រះពុទ្ធសាសនា ក្រោមដំបូលនយោបាយសុខសន្តិភាព របស់រាជរដ្ឋាភិបាលដែលមានសម្តេច ហ៊ុន សែន ជាប្រមុខដឹកនាំ ។ លើសពីនេះទៅទៀត លោកក៏បាន ប្រគេនបច្ច័យដល់ព្រះសង្ឃ និង ជូនពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យជួបតែសេចក្តីសុខ សេចក្ដីចម្រើនគ្រប់ក្រុមគ្រួសារនាឱកាសពិធិបុណ្យកឋិនទាននេះ ៕