ត្បូងឃ្មុំ៖ បុណ្យកឋិនទាន គឺជាបុណ្យពិសេសមួយ ដែលសព្វថ្ងៃនេះពុទ្ធបរិស័ទតែងនិយមរួបរួមសាមគ្គីគ្នា ប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ក្នុងភាពគគ្រឹកគគ្រេងប្រកបដោយគ្រឿងបរិក្ខារបរិវារកឋិនដ៏ច្រើន រួមមានប្រាក់កាសផង ដែលហៅថាបច្ច័យសង្កត់ត្រៃទៅតាមលទ្ធភាព ហើយបុណ្យកឋិនជាពិធីបុណ្យមួយដែលចាប់ផ្តើមធ្វើបន្ទាប់ពីបុណ្យចេញ ព្រះវស្សា ដោយដង្ហែទៅវេប្រគេនព្រះសង្ឃតាមទីអារាមនានាដោយចាប់ផ្តើមពីថ្ងៃ ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកត្តិក។ ជាពិសេសគ្រឿងបរិក្ខាដែលត្រូវដង្ហែអង្គកឋិនទានរួមមានត្រៃចីវរ សង្ឃាដិ ស្បង់ រួមជាមួយទេយ្យទានផ្សេងៗទៀត។
ស្របពេលដែល វត្តមង្គលនិវេសន៍ (ហៅវត្តកណ្ដាលជ្រុំ) ស្ថិតនៅភូមិកណ្ដាលជ្រុំ ឃុំកណ្ដាលជ្រុំ ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ កំពុងតែមានការខ្វះខាតបច្ច័យសម្រាប់កសាងសមិទ្ធផលនានាក្នុងទីអារាម នោះក៏ត្រូវបានអង្គកឋិនទានមួយផ្តួចផ្តើមដោយ លោក ឧកញ្ញ៉ា លឹម ប៊ុណ្ណា និងលោកជំទាវ ថុង ធីតា និងឧបាសក យាម ជិនអ៊ាង និងឧបាសិកា អេង មុំ លោក ថុង បញ្ញា និងលោកស្រី យន់ ស្រីពេជ្រ លោក ថុង សីលា និងលោកស្រី យាង សុខឡាយ ព្រមទាំងក្រុមគ្រួសារបានដង្ហែចូល នាព្រឹកថ្ងៃទី២០ វិច្ឆិកា ២០១៥ រួមជាមួយនិងពុទ្ធបរិស័ទក្នុងស្រុកពញ្ញាក្រែក បាននាំបច្ច័យចំនួន ៣០,០០០ដុល្លារ និង ៤,១៥០,០០០រៀល រួមជាមួយទេយ្យវត្ថុមួយចំនួនទៀត ទៅវេប្រគេនព្រះសង្ឃនៅវត្តមង្គលនិវេសន៍ ក្នុងខេត្ត ត្បូងឃ្មុំ ដើម្បីវេប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាល ត្រីមាសដើម្បីរួមចំណែកក្នុងវិស័យព្រះពុទ្ធសាសនាឲ្យកាន់តែមានភាព រីកចម្រើនតទៅមុខទៀត ។
នាឱកាសនោះដែរ លោក ឧកញ្ញ៉ា លឹម ប៊ុណ្ណា បានលើកឡើងថា៖ ដោយសារតែមើលឃើញពីការខ្វះខាតថវិការសម្រាប់កសាងសមិទ្ធផលនានាក្នុង វត្តមង្គលនិវេសន៍នេះ ទើបរូបលោកនិងក្រុមគ្រួសាររួមជាមួយពុទ្ធបរិស័ទក្នុងស្រុកពញ្ញាក្រែកនិង ពុទ្ធបរិស័ទជិតឆ្ងាយផ្សេងៗទៀតមានសទ្ធាជ្រះថ្លាបានរួមគ្នារៀបចំ ដង្ហែអង្គកឋិនមក ដើម្បីប្រមូលបច្ច័យប្រគេនដល់ព្រះសង្ឃនិងគណៈកម្មការសម្រាប់ចាត់ចែង កសាងវត្ត។
ជាចុងក្រោយ លោក ឧកញ្ញ៉ា លឹម ប៊ុណ្ណា ក៏បានមានមតិសំណេះសំណាល់ជាមួយប្រជាពលរដ្ឋយ៉ាងមានភាពស្និតស្នាល និងកក់ក្ដៅជាទីបំផុត ថែមទាំងណែនាំអោយ ពុទ្ធបរិស័ទចំណុះជើងវត្តត្រូវចេះសាមគ្គី ស្រឡាញ់ រាប់អាន និងចេះចែករំលែក មានសទ្ធាជ្រះថ្លា ដើម្បីកសាង និងស្ថាបនាសមិទ្ធផលនានានៅក្នុងវត្ត ដើម្បីរួមចំណែកក្នុងវិស័យព្រះពុទ្ធសាសនា ក្រោមដំបូលនយោបាយសុខសន្តិភាព របស់រាជរដ្ឋាភិបាលដែលមានសម្តេច ហ៊ុន សែន ជាប្រមុខដឹកនាំ ។
លើសពីនេះទៅទៀត លោកក៏បាន ប្រគេនបច្ច័យដល់ព្រះសង្ឃ និង ជូនពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យជួបតែសេចក្តីសុខ សេចក្ដីចម្រើនគ្រប់ក្រុមគ្រួសារនាឱកាសពិធិបុណ្យកឋិនទាននេះផងដែរ៕