មន្ត្រីសង្ឃទូទាំងប្រទេស នឹងលើកយកករណីរបស់ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ មកពិភាក្សាក្នុងអនុសំវច្ចរមហាសន្និបាតលើកទី២៤ ដែលប្រព្រឹត្តទៅសាលចតុមុខ នាថ្ងៃអង្គារ ទី២៩ ខែធ្នូ នេះ។ ការសួរដេញដោល ជុំវិញបញ្ហាលោក ខឹម វាសនា ក្នុងការជួបជុំរបស់ព្រះសង្ឃនេះ ព្រោះព្រះសង្ឃយល់ថា ប្រមុខបក្សរូបនេះ បានប្រើពាក្យសម្តីដែលប៉ះពាល់ដល់ព្រះពុទ្ធសាសនា នៅតាមវេទិកាគណបក្សរបស់លោកកន្លងមក។
ព្រះតេជគុណ ឃឹម សន ព្រះមេគណនៃរាជធានីភ្នំពេញ បានមានសង្ឃដីកាថា មន្ត្រីសង្ឃទូទាំងប្រទេសនឹង ជជែកគ្នាជុំវិញ ការឃោសនានយោបាយ របស់លោក ខឹម វាសនា ដែលពាក់ព័ន្ធនឹងការប្រមាថដល់ព្រះសង្ឃនិងព្រះពុទ្ធសាសនា។ ព្រះអង្គបានបន្ថែមថា កន្លងមក ព្រះសង្ឃជាច្រើន មានបំណងចង់ធ្វើបាតុកម្ម ប្រឆាំងនឹង លោក ខឹម វាសនា ប៉ុន្តែ ត្រូវបានមន្ត្រីសង្ឃហាមឃាត់ ដោយប្តូរពីការធ្វើបាតុកម្ម មកជាការពិភាក្សាដោយសន្តិវិធីក្នុងអនុសំវច្ចរមហាសន្និបាត វិញ ។
ព្រះមេគណអង្គនេះបានបន្ថែមបែបនេះថា៖ «យើងសុខចិត្តដោះស្រាយដោយសន្តិវិធី និងធ្វើតាមផ្លូវច្បាប់វិញ ប្រសិនបើលោក ខឹម វាសនា ធ្វើខុសមែន ។ ចំណែកឯ ព្រះសង្ឃ ដែលដឹងរឿងពិត សូមឲ្យព្រះអង្គយកភស្តុតាងមកបង្ហាញ ថាតើលោក ខឹម វាសនា ប្រើពាក្យប្រមាថដល់កម្រិតណា ហើយបន្ទាប់មកយើងគួរធ្វើតាមផ្លូវច្បាប់ទៅ»។ រឿងហ្នឹងប្រាកដជាលើកមកពិភាក្សាហើយ។ ថ្ងៃនេះ គេនឹងមានទាំងរូបថត និងសម្លេង របស់លោក ខឹម វាសនា យកទៅចាក់ក្នុងមហាសន្និបាត ប្រគេនសង្ឃស្តាប់ ដើម្បីស្វែងរកវិធានការ»។
ឆ្លើយតបនឹងបញ្ហានេះ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានមានប្រសាសន៍ថា អ្វីដែលលោកធ្វើកន្លងមក គឺជារឿងត្រឹមត្រូវ ដោយមិនដែលបានគិត ថា អ្នកដទៃ ឬស្ថាប័នមានអំណាចណា នឹងត្រូវចាត់វិធានការយ៉ាងម៉េចចំពោះលោកនោះទេ។ លោកបញ្ជាក់ដូច្នេះថា៖«ខ្ញុំនិយាយអ្វី ដែលខ្ញុំបានត្រិះរិះពិចារណា ហើយខ្ញុំសិក្សាទៅឃើញថា រឿងពិតគឺអ៊ីចឹងមែន។ ការនិយាយរឿងត្រឹមត្រូវ វាប៉ះពាល់ដល់រឿងគេ វាប៉ះពាល់ដល់អំណាចគេ អ៊ីចឹងបើគេមានសិទ្ធិ មានអំណាច មានគ្នីគ្នា មានកម្លាំងប៉ុណ្ណា គេប្រើកម្លាំងប៉ុណ្ណឺងទៅ។ ខ្ញុំអត់មានបញ្ហាអ្វីទេ ខ្ញុំចាំតែ តាមក្រោយគេប៉ុណ្ណោះ»។
លោក បន្ថែមទៀតថា បញ្ហាបែបនេះ គ្មានអ្វីគួរឲ្យព្រួយបារម្ភឡើង ប្រសិនបើព្រួយបារម្ភនោះ ម្ល៉េះលោកនឹងមិននិយាយនោះទេ។ ប្រមុខបក្សរូបនេះ ដឹងខ្លួនយ៉ាងច្បាស់ថា ការនិយាយរឿងពិត តែងប៉ះពាល់ដល់ប្រយោជន៍របស់អ្នកដទៃ តែដើម្បីបានប្រយោជន៍សាធារណៈរូបលោកត្រូវតែនិយាយដោយគ្មាន ការភ័យខ្លាច។
លោក ខឹម វាសនា បានបន្ថែមយ៉ាងនេះថា៖«ប្រសិនបើខ្លាចមុខ ខ្លាចក្រោយ សួរថាតើ ថ្ងៃណា ប្រជាពលរដ្ឋនឹងបានយល់ត្រូវ។ ប្រសិនបើយើងនៅតែរវល់ខ្លាច អ៊ីចឹងម៉េចបាននិយាយការពិត ។ ដូច្នេះរឿងនេះ វាជារឿងធម្មតាទេ ខ្ញុំបានគិតជាមុខរួចហើយ»៕
ប្រភព៖ thmeythmey