ភ្នំពេញ៖នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ បានប្រារព្ធពិធីប្រកាសតែងតាំងនិងស្រោចស្រពសុគន្ធាវារីប្រគេន ព្រះអត្តដ្ឋិតកោ វែង ណេង ឡើងជាចៅអធិការវត្តឃ្មួញក្នុង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ពិធីនេះដែរមានការក៏មានការផ្តល់កិត្តិយសអញ្ជើញ និង និមន្តចូលរួមពីពុទ្ធបរិស័ទ្ធ ចំណុះជើងវត្តប្រមាណ២០០នាក់ និងព្រះសត្យវង្ស រ័ត្ន សារឿន ព្រះអនុគណខណ្ឌសែនសុខលោក ផន ដាវី ប្រធានមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញមន្រី្តសាលាខណ្ឌសែនសុខ ចៅសង្កាត់ឃ្មួញ មេភូមិ មន្ត្រីសង្ឃជាច្រើនអង្គ ក្រោមអធិបតីភាពភាព ព្រះញាណវង្ស ឃឹម សន ព្រះមេគណរាជធានីភ្នំពេញ និង លោក ថេង សុថុល អភិបាលរងខណ្ឌសែនសុខតំណាងដ៏ខ្ពង់ខ្ពស់លោក លី សាវេត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ ។
ក្នុងពិធីនេះដែរតំណាងការិយាល័យ ធម្មការសាសនាខណ្ឌ បានមានមតិ និងជំរាបអំពីរបាយការណ៍ និងសមិទ្ធផលនានា ដែលបានសំរេចនាពេលកន្លងមក ក្រោមការសហការ របស់ ព្រះគ្រូចៅអធិការ គណះកម្មការ ពុទ្ធបរិស័ទ្ធ អាជ្ញាធរប្រគេន ជូនព្រះមេគណ ព្រះសង្ឃ និងគណៈអធិបតីទទួលជ្រាបរួចមក។
នាឱកាសនោះ លោក ថេង សុថុល អភិបាលរងខណ្ឌ សែនសុខ បានមានមតិសំណេះសំណាល ប្រគេនដល់ព្រះសង្ឃ និងពុទ្ធបរិស័ទ្ធ ចំណុះជើងវត្ត ឃ្មួញ លោកបានកោតសរសើរ ចំពោះ ការដឹកនាំ របស់ព្រះគ្រូចៅអធិការ និងព្រះសង្ឃ គណៈកម្មការ អាចារ្យសាមគ្គី សហការ បានល្អប្រសើរ ទប់ស្កាត់បានរាល់អំពើអបាយមុខទាំងឡាយមិនឲ្យកើតមាននៅទីអាវាសវត្ត ធានាបានស្ថេរភាព ក្នុងការគ្រប់គ្រងវត្តតាមផ្នែកពុទ្ធសានាបានល្អប្រសើរ និងមានការចូលរួមពីពុទ្ធបរិស័ទ្ធលើសាសនាក្នុងវត្ត យ៉ាងច្រើនកុះករ ដើម្បីអភិវឌ្ឍសមិទ្ធិនានានៅក្នុងអារាមវត្ត ឃ្មួញនេះ លើកកំពស់មុខមាត់ សាសនា ព្រះពុទ្ធយើងដែលជាសាសនារបស់រដ្ឋ។
បន្ទាប់មក ព្រះគ្រូញាណវង្ស ឃឹម សន ព្រះមេគណរាជធានីភ្នំពេញរួមទាំងមន្ត្រីសង្ឃ លោកប្រធានមន្ទីរ ធម្មការសាសនារាជធានីភ្នំពេញ លោកអភិបាលរងខណ្ឌបាននិមន្ត ស្រោចស្រពសុគន្ធវារី (ស្រោចទឹក) ប្រគេន ជូនព្រះអត្តដ្ឋិតកោ វែង ណេង និងប្រកាសតែងតាំង ជាព្រះគ្រូចៅអធិការវត្តឃ្មួញចាប់ពីពេលនេះតទៅ៕ ដោយ មែន កំសត់