ភ្នំពេញ៖ នៅវេលាម៉ោង ៧និង៣០នាទី ព្រឹកថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០១៦ នៅវិទ្យាល័យឥន្ទ្រទេវី លោក ប៉ាង លីដា អភិបាលរងខណ្ឌទួលគោក រួមជាមួយនិងព្រះលិខិតបញ្ញា ប៉ែន វិបុល បានអញ្ជើញចូលរួមជាអធិបតីភាពប្រារព្ធពិធីទស្សនាទានព្រះពុទ្ធសាសនា។
នៅក្នុងកិច្ចប្រារព្ធពិធីនោះដែរ មាននិមន្តចូលរួមពីព្រះសង្ឃ ពុទ្ធបរិស័ទ មន្ត្រីសាលាខណ្ឌទួលគោក តំណាងមន្ត្រី សង្កាត់ មេភូមិ រួមទាំងសិស្សានុសិស្ស ដែលរៀនក្នុងសាលាឥន្ទ្រទេវី សរុបប្រមាណ២៥០នាក់។
បន្ទាប់ពីព្រះសង្ឃនិមន្ត សូត្រមន្តប្រោសព្រហ្ម ជយន្តោដើម្បីប្រារព្ធបើកកម្មវិធី រួចមក នាឱកាសដ៏វិសេសវិសាលនោះ លោក ប៉ាង លីដា អភិបាលរងខណ្ឌទួលគោកបានសំដែង នូវក្ដីរំភើប ក្ដុកក្ដួលក្រៃលែងនៅពេលបានឃើញប្អូនៗសិស្សានុសិស្ស ចេះស្រលាញ់ រាប់អានគ្នា ចេះជួយទុក្ខធុរៈគ្នា ចេះគោរពលោកគ្រូ អ្នកគ្រូ ពិសេសគោរពមាតាបិតា ។
ជាថ្មីម្ដងទៀត រូបលោក មានមោទនភាពយ៉ាងខ្លាំងចំពោះកាយវិការដ៏ល្អរបស់ក្មួយៗ ប្អូនៗ ជាទីស្រលាញ់។ លោកក៏បានស្នើសូមអោយប្អូនៗមេត្តាប្រកាន់ភ្ជាប់នៅគំរូដ៏ប្រពៃនេះ ដើម្បីភាពថ្លៃថ្នូរនៃជាតិរបស់យើង។
បន្តមកទៀតព្រះសង្ឃ គណៈអធិបតី និងសិស្សានុសិស្សនាំគ្នា ឱនសំពះ និងស្មឹងស្មាធ គោរពតាមមាគ៌ាព្រះពុទ្ធសាសនាជាកិច្ចបញ្ចប់ពិធី៕ ដោយ មែន កំសត់