ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ សម្ដេចវិបុលសេនា សាយ ឈុំ ប្រធានព្រឹទ្ធសភាបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធី សម្ពោធសមិទ្ធផលនានា ក្នុងវត្តសុវណ្ណមុនីសាគរ (ហៅវត្តសំរោងអណ្តែត)។
អញ្ជើញចូលរួមនាឱកាសនោះដែរ រួមមាន សមាជិកា សមាជិកព្រឹទ្ធសភា ឯកឧត្តម ប៉ា សុជាតិវង្្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ថា្នក់ដឹនាំនៃអគ្គលេខាដ្ឋានព្រឹទ្ធសភា សាលារាជធានី សាលាខណ្ឌទាំង១២ ក្រុមប្រឹក្សាសង្កាត់ កងកម្លាំងប្រដាប់អាវុធទាំង៣ មេភូមិ សប្បុរសជន ក្នុងនិងក្រៅប្រទេស និងប្រជាពលរដ្ឋ យុវជនយុវនារី ប្រមាណជាង៣០០០នាក់។
បន្ទាប់ពីបានអញ្ជើញកាត់ខ្សែបូរ នៅមុខក្លោងទ្វារវត្ត និងបានអញ្ជើញទស្សនា សមិទ្ធផលនានាដែលរួមមាន៖ សាលាកាន់បិណ្ឌ កុដិថ្មី ស្រះគូស្រីមានជ័យ ស្រះគូប្រុសមានជ័យ ខ្លោងទ្វារធំចំនួន០២ ខ្លោងទ្វារតូច ចំនួន០៣ សួនច្បារ ស្ពានឈើ ស្ពានមាស ស្ពានប្រាក់ និងអាងស្តុក ទឹក សម្រាប់ស្រង់ទឹកព្រះ ពេលចូលឆ្នាំថ្មី..... និងក្រោយពីបានស្តាប់របាយការណ៍របស់ឯកឧត្តម ប៉ា សុជាតិវង្ស អំពីប្រវត្តិកកើតវត្តសំរោងអណ្តែត និងសមិទ្ធផលយ៉ាងច្រើនក្នុងវត្តកន្លងមក ... សម្តេចភក្តី ក៏បានផ្តល់កិត្តិយសមានប្រសាសន៍ សំណេះសំណាល ជាមួយអង្គពិធី ដោយបានលើកសរសើរ អំពីការរីកចំរើនខាងវិស័យ ព្រះពុទ្ធសាសនា ក្រោមកិច្ចខិតខំប្រឹងប្រែង របស់ព្រះគ្រួចៅអធិការវត្ត គណៈ កម្មការអាចារ្យវត្តគ្រប់ជំនាន់ ពិសេសក្នុងជំនាន់ដែលព្រះសាក្យវង្ស គតិបណ្ឌិត រ័ត្ន សារឿន ទទួលជាព្រះចៅអធិការ រួមទាំងការចូលរួមរបស់ពុទ្ធបរិស័ទ ចំណុះជើងវត្តជិតឆ្ងាយ ក្នុង និងក្រៅប្រទេសផងដែរ ដែលបង្ហាញពីស្មារតីចែករំលែក សាមគ្គីជួយគ្នា ដើម្បីរួមចំណែកក្នុងការលើកតម្កើង វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ...។
ក្នុងឱកាសដ៏មហាឡារិកនោះដែរ សម្តេចភក្តី បានផ្តល់កិត្តិយសបំពាក់ជូននូវគ្រឿងឥស្សរិយយស "ជាតូបការ" ប្រគេនព្រះគ្រូចៅអធិការវត្ត និងគ្រឿងឥស្សរិយយសផ្សេងៗទៀត ជូនដល់សប្បុរសជន និងអ្នកមានស្នាដៃ ក្នុងការងារកសាងសមិទ្ធផល ក្នុងវត្តនិងចំពោះប្រទេសជាតិ សរុបចំនួន ២៦រួប ផងដែរ។
នៅទីបញ្ចប់សម្តេចភក្តី បាននាំនូវបច្ច័យរបស់ព្រឹទ្ធសភា ចំនួន ២០លានរៀល សំរាប់រួមចំណែកកសាងសមិទ្ធផលក្នុងវត្តបន្តទៀត និងនាំនូវបច្ច័យរបស់សប្បុរសជនចំនួន ៨០លានរៀល ដែលក្នុងនោះ ៦០លានរៀល សំរាប់ការកសាងក្នុងវត្ត និង ២០ លានរៀល សំរាប់ឧបត្ថម្ភការរៀបចំពិធីនាពេលនោះ ៕