ភ្នំពេញ៖ ថ្ងៃ១៥ កើត ខែមាឃ ព.ស ២៥៥៩ ត្រូវនឹងថ្ងៃច័ន្ទ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ ជាថ្ងៃបុណ្យមាឃបូជ ដែលជាពិធីបុណ្យ ដ៏ធំមួយនៅក្នុងព្រះពុទ្ធសាសនា។ នៅកម្ពុជា ជាប្រទេសគោរពប្រណិប័តន៍ព្រះពុទ្ធសាសនា បានប្រារព្ធធ្វើឡើងយ៉ាងអធិកអធមនៅ បរិវេណព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ ហៅភ្នំឧត្តុង្គ ក្នុងស្រុកពញាឮ ខេត្តកណ្ដាល ដោយមានការនិមន្ត និង អញ្ជើញចូល រួមពីព្រះសង្ឃ និង ប្រជាពុទ្ធបរិស័ទចាស់ក្មេងរាប់ពាន់អង្គ និង នាក់។
ពិធីបុណ្យត្រូវបានប្រព្រឹត្តទៅក្រោមព្រះរាជាធិបតីសម្តេចព្រះសង្ឃរាជ ទេព វង្ស សម្តេចសង្ឃរាជ នៃគណៈមហានិកាយ នៃព្រះរាជា ណាចក្រកម្ពុជា, សម្តេចព្រះសង្ឃរាជ ប៊ូ គ្រី សម្តេចមហាព្រះសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និង ស ម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា។ ពិធីបុណ្យនេះ ក៏មានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់ នៃស្ថាប័នព្រឹទ្ធសភា រដ្ឋ សភា និងរាជរដ្ឋាភិបាលជាច្រើនរូបផងដែរ។
យោងតាមអ្នកនាំពាក្យក្រសួងធម្មការ និងសាសនា លោក សេង សុមុនី បានប្រាប់ ឲ្យដឹងថា ពិធីបុណ្យនេះ នឹងត្រូវប្រារព្ធធ្វើ ឡើងរយៈពេលពីរថ្ងៃចាប់ពីថ្ងៃចន្ទ ទី២២ ដល់ថ្ងៃអង្គារ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។
លោក សេង សុមុនី បានឲ្យដឹងផងដែរថា នៅក្នុងពិធីនាព្រឹកនេះ ក្រៅពីការសូត្រមន្ត និង សម្តែងព្រះធម៌ទេសនាហើយនោះ ក៏មាន ពិធីរាប់បាត្រព្រះសង្ឃជាច្រើនពាន់អង្គផងដែរ។
សូមបញ្ជាក់ថា បុណ្យមាឃបូជា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ នៅតាមបណ្តាប្រទេសកាន់ព្រះពុទ្ធសាសនា ដើម្បីរំលឹកដល់ថៃ្ង ដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើង ក្នុងលោកនាប្រទេសឥណ្ឌា កាលពី៥៨៨ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ង ទី១៥ កើត ខែមាឃ ក្រោយពីការត្រាស់ដឹង របស់ព្រះអង្គចំនួន ៩ ខែគត់។
ការបង្កើតព្រះពុទ្ធសាសនា ក្នុងឋានៈជាអង្គការសាសនាមួយនេះ ធ្វើឡើងនៅក្នុងចំណោមព្រះសង្ឃចំនួន ១.២៥០អង្គ ជាសមាជិក ក្នុងអង្គ មហាសន្និបាតមួយ ដែលបាននិមន្តមកពីគ្រប់ស្រទាប់វណ្ណៈទាំងអស់។
នៅក្នុងមហាសន្និបាតនោះ ព្រះសម្មាសម្ពុទ្ធ ទ្រង់បានប្រកាសនូវគោលការណ៍មួយចំនួន១១ សម្រាប់ឲ្យសមាជិកមហាសន្និបាតទាំង អស់ កាន់យកជាវិថីជីវិត និងសម្រាប់យកទៅផ្សព្វផ្សាយ ដល់ជនដទៃទៀត ឲ្យបានយល់ពីពុទ្ធសាសនា។ គោលការណ៍ទាំងនេះ មានឈ្មោះជា ភាសាបាលីថា «ឱវាទបាដិមោក្ខ»។ បាដិមោក្ខ ជាឈ្មោះបាលីពុទ្ធប្បញ្ញត្តិ ដែលជាសិក្ខាបទនីមួយៗ សម្រាប់ឲ្យភិក្ខុ សូត្រ ក្នុងទីប្រជុំសង្ឃរាល់កន្លះខែ៖ ឧទាហរណ៍រៀនបាដិមោក្ខ, សម្ដែងបាតិមោក្ខជាដើម ដែលពុទ្ធសាសនិកជនម្មាក់ៗ ត្រូវយកមក សិក្សា ឲ្យយល់ដឹង និងអនុវត្ត៕