កំពង់ចាម ៖ នៅព្រឹកថ្ងៃទី ២១ ខែ កុម្ភះ ឆ្នាំ២០១៦ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារចុះជួយស្រុកកោះសូទិន និង លោក ជំទាវ ទេព រង្សី បានអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះខណ្ឌសីមាឆ្លងសមិទ្ធផលនានាក្នុងវត្តឧបោសថវន័ ដែលស្ថិតក្នុងភូមិ បទស្រីទន្ទឹង ឃុំ ល្វេ ស្រុក កោះសូទិន ខេត្ត កំពង់ចាម ។
ពិធីនោះដែរ មានវត្តមាននិមន្តចូលរួមពីព្រះសង្ឃ គណៈកម្មាការអាចារ្យវត្ត ឯកឧត្តម លោកជំទាវ ជាក្រុមការងារក្រសួងព័ត៌មាន លោកអភិបាល អភិបាលរងស្រុក ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ មេឃុំ កងកម្លាំងទាំង៣ មន្ត្រីសាលាស្រុក មេភូមិ ប៉ុស្តិ៍នគរបាលរដ្ឋបាល យុវជន ស្រុក ឃុំ ភូមិ នាយក នាយករង លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋជាពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើនអ្នកផងដែរ។
នាឱកាសនោះដែរ លោកផេន សុផល អភិបាលនៃគណៈអភិបាលស្រុក កោះសូទិន បានធ្វើរបាយការណ៍ គោរពជូនគណៈអធិបតី និងអង្គពិធី នូវប្រវត្តិរបស់ វត្ត ការកសាង សកម្មភាព សមិទ្ធផលនានាដែលសម្រេចបានដោយមានការចូលរួមឧបត្ថម្ភពីសប្បុរសជន ក្នុង ក្រៅស្រុក និង ថ្នាក់ដឹកនាំ របស់រាជរដ្ឋាភិបាលពិសេស ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ។
បន្ទាប់មក ឯកឧត្តម ខៀវ កាញារីទ្ធ បានមានមតិ សំណេះសំណាលទៅកាន់ ពុទ្ធបរិស័ទ និងអ្នកចូលរួមប្រកបដោយភាពរីករាយ លើសពីនេះទៅទៀតឯកឧត្តមក៏បានបញ្ជាក់ផងដែរថា៖ ក្រោយថ្ងៃ ៧ មករា ១៩៧៩ ប្រទេសជាតិត្រូវបានរំដោះឲ្យរួចផុតពីនរកអវិចីយ ភពខ្មៅងងឹត សេដ្ឋកិច្ចធ្លាក់នៅកម្រិតសូន្យ តែក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានស្ដារប្រទេសឲ្យមានការអភិវឌ្ឍ រុងរឿង ជាបន្តបន្ទាប់ ។
ឯកឧត្តមបានលើកឡើងបន្តទៀតថា៖ សព្វថ្ងៃនេះ សម្ដេចតេជោ បានខិតខំ កែប្រែប្រព័ន្ធរដ្ឋបាលឲ្យបានស៊ីជម្រៅ និងកែតម្រូវច្បាប់មួយចំនួនពិសេសច្បាប់ចរាចរណ៍ និងការលើកលែងសេវាមិនយកពន្ធសេវាផ្ទេរកម្មសិទ្ធពីសាច់ញាតិ ម្ដាយកូន និងសហព័ទ្ធ និងការលុបចោលកិច្ចសន្យាបង់ថ្លៃសេវាផ្លូវជាតិលេខ ៤ និងរៀបចំវិសោធនកម្មនូវច្បាប់មួយចំនួនទៀតដើម្បីកាត់បន្ថយភាពក្រីក្រ និង ការអភិវឌ្ឍសង្គម ។
ឆ្លៀតឱកាសនោះ ឯកឧត្តម ក៏បានស្នើដល់ថ្នាក់ស្រុក ឃុំ ត្រូវបន្តការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងយកចិត្តទុកដាក់លើការបម្រើសេវា នានាតាមច្បាប់ ខិតខំដោះស្រាយតម្រូវការ និងបញ្ហាប្រឈមដោះស្រាយនិងកែតម្រូវឲ្យបានទាន់ពេលនូវចំណុចអសកម្ម សំដៅចូលរួមអភិវឌ្ឍន៍សង្គមជាតិប្រកបដោយសុខសុវត្ថិភាព និងធានាបានសន្តិសុខស្បៀង ហើយប្រជាពលរដ្ឋមានជីវភាពធូធារ។
នាឱកាសនោះដែរ ក្រៅអំពីការសំណេះសំណាល ប្រកបដោយភាពស្និទ្ធស្នាល និងកក់ក្ដៅនោះ ឯកឧត្តមបានប្រគេននិងជូននូវបច្ច័យ សំភារៈ ថវិកាមួយចំនួនដល់ព្រះសង្ឃនិងគណៈកម្មាការវត្តនិងពុទ្ធបរិស័ទដែលបានចូលរួម ផងដែរ៕