ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅ សង្កាត់ ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ ជាង ៣០០ នាក់ នៅព្រឹកថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០១៦ នេះ បាននាំគ្នាទៅតវ៉ា នៅមុខវត្ត គោកបញ្ជាន់ ដោយចោទប្រកាន់ព្រះចៅអធិការវត្តព្រះនាម សេង ថន បានលក់ដីស្រះ ដែលមានទំហំ ប្រមាណ ៤ម៉ឺនម៉ែត្រការ៉េ ។
ប្រជាពលរដ្ឋ បានប្រាប់ឲ្យដឹង នៅកន្លែងតវ៉ានោះថា ៖ដីស្រះមួយកន្លែងនេះ គឺបន្សល់ទុកតាំងពីដូនតាមកម្ល៉េះមិនគួរណា ព្រះចៅអធិការ ធ្វើការលក់ដូរ ដោយគ្មានការឯកភាព ពីប្រជាពលរដ្ឋនៅក្នុងភូមិនោះឡើយ ដូច្នេះពួកគាត់សូមអំពាវនាវ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ ជួយដោះស្រាយបញ្ហានេះផង ។
បើតាមប្រជាពលរដ្ឋ តាមការទទួលព័ត៌មាន គឺមួយម៉ែត្រការ៉េមានតម្លៃ១៦០ដុល្លា ហើយការលក់ទៀតសោតក៏អាចជាប់ពាក់ព័ន្ធ ជាមួយអាជ្ញាធរមូលដ្ឋាន ភូមិ សង្កាត់ទៀតផង។
យ៉ាងណាក៏ដោយ មិនអាចសុំការបំភ្លឺ ពីព្រះចៅអធិការវត្តបាននោះទេ ប៉ុន្តែព្រះអង្គគ្រាន់តែបើកទ្វារ ហើយមានសង្ឃដីកាយ៉ាងខ្លីថា «តើនរណាឲ្យមកតវ៉ានេះ» រួចក៏បិទទ្វារកុដិនិមន្តចូលទៅក្នុងបាត់ទៅ។
ជាមួយគ្នានេះ ក្រោយមានការតវ៉ាខាងលើ គេ ក៏ឃើញមន្ត្រីអាជ្ញាធរចុះ ទៅសួរនាំផងដែរ ប៉ុន្តែមិនទាន់ដឹងថា មានដំណោះស្រាយ យ៉ាងណានោះទេ ៕