ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនាឯកឧត្តម បណ្ឌិត មិន ឃិន បានថ្លែងថា ពុទ្ធិកសិក្សាគឺជាថ្នាលបណ្តុះបណ្តាល ធនធានមនុស្សទាំងព្រះសង្ឃ និងបុព្វជិត។ ការថ្លែងបែបនេះរបស់ លោករដ្ឋមន្ត្រី បានធ្វើឡើងក្នុងឱកាស ដែលលោកបានអញ្ជើញចូលរួមពិនិត្យមើលសមណសិស្ស-សិស្ស ចំនួន៣៦៧អង្គ ដែលប្រឡងយកសញ្ញាបត្រពុទ្ធិកសិក្សាទុតិយភូមិ នាបរិវេណមណ្ឌលប្រឡងពុទ្ធិកសិក្សា ដែលមានការនិមន្តចូលរួមពីសម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា ព្រះអគ្គាធិការរង នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ព្រះសិរីសម្មតិវង្ស លន់ សុគន្ធា ប្រធានផ្នែកពុទ្ធិកមធ្យមសិក្សា និងលោកព្រះបិដក ម៉ៅ នីម នាយកពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។
ឯកឧត្តម មិន ឃិន បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះវិស័យពុទ្ធិកសិក្សា ដែលជាថ្នាលបណ្តុះបណ្តាលធនធានព្រះសង្ឃ ឲ្យមានចំណេះដឹងស័ក្តិសមទៅនឹងបាវចនាជាតិ ព្រមទាំងបាននិងកំពុងខិតខំពង្រីកគ្រឹះស្ថានពុទ្ធិកសិក្សាឲ្យមានគ្រប់ទីកន្លែងនៅទូទាំងប្រទេស៕