កំពង់ចាម៖ នៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៦ ឯកឧត្ដម ហ៊ុន ម៉ានិត ប្រធានក្រុមការងារថ្នាក់កណ្ដាល នៃគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុក ចំការលើ ខេត្ត កំពង់ចាម បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង ពិធីបុណ្យផ្កាមហាសាមគ្គី នៅ វត្ត អម្ពវនារាម ទួលស្វាយជ្រុំ ហៅវត្តចំការអណ្ដូង ឃុំចំការអណ្ដូង ស្រុកចំការលើ ខេត្តកំពង់ចាម ។
ពិធីបុណ្យនាពេលនោះមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម ស៊ឹមសុខព្រី អភិបាលរងខេត្ត គណៈអភិបាលស្រុក ចំការលើ កងកម្លាំងទាំង៣ ក្រុមប្រឹក្សាស្រុក គណៈពង្រឹងមូលដ្ឋានស្រុក ក្រុមប្រឹក្សាឃុំ យុវជនឃុំ មេភូមិនិងពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើន នាក់ផងដែរ។
នាឱកាសនោះ ឯកឧត្ដម ហ៊ុន ម៉ានិត បានមានមតិ សំណេះសំណាលទៅកាន់ ពុទ្ធបរិស័ទ និងអ្នកចូលរួមប្រកបដោយភាពរីករាយ កក់ក្តៅ និង ស្និទ្ធស្នាលជាទីបំផុត ហើយការចូលរួមអបអរសាទរ ពិធីបុណ្យផ្កាមហាសាមគ្គីថ្ងៃនេះពិតជាបង្ហាញពីសាមគ្គីភាព របស់ប្រជាជាតិខ្មែរយើងយ៉ាងពិតប្រាកដ ដែល មានពុទ្ធបរិស័ទ ចូលរួមយ៉ាងច្រើនកុះករ ប្រកបដោយ សប្បាយរីករាយ ក្រៃលែងនាថ្ងៃនេះដោយសារយើងមានសុខសន្តិភាព ស្ថេរភាពនយោបាយ របស់រាជរដ្ឋាភិបាល ដែលមាន សម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ។
នាឱកាសនោះដែរ ក្រៅអំពីការសំណេះសំណាល ប្រកបដោយភាពស្និទ្ធស្នាល និងកក់ក្ដៅនោះ ឯកឧត្តម បានប្រគេននិងជូននូវបច្ច័យ សំភារៈ ថវិកាមួយចំនួនដល់ព្រះសង្ឃនិងគណៈកម្មាការវត្ត និង ពុទ្ធបរិស័ទដែលបាន ចូលរួម ផងដែរ៕