ភ្នំពេញ៖ នា ព្រឹក ថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៦នៅ វត្តប្រាសាទ ឃុំជ្រៃឃ្មុំ ស្រុក ស៊ីធរកណ្តាល ខេត្តព្រៃវែងបានប្រារព្ធពិធីសម្ពោធសមទិ្ធផលនានាមាន ដូចជាក្លោងទ្វារ វត្ត របងវត្ត ចាក់ដីបំពេញទីធ្លា និង កសាងកុដិមួយខ្នង ក្រោមអធិបតី លោកឧកញ៉ា សំ ផាន់ណារិទ្ធ ប្រធានក្រុមហ៊ុន(ឌី វេឡុប មេន)។
ពិធីនោះដែរ មានវត្តមាននិមន្តចូលរួមពីព្រះសង្ឃ គណៈកម្មាការអាចារ្យវត្ត លោក ម៉ននី បណ្ឌិត អភិបាលស្រុក លោក អភិបាលរងស្រុក ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ មេឃុំ កងកម្លាំងទាំង៣ មន្ត្រីសាលាស្រុក មេភូមិ ប៉ុស្តិ៍នគរបាលរដ្ឋបាល យុវជន ស្រុក ឃុំ ភូមិ នាយក នាយករង លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋជាពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើនសរុបប្រមាណ៥០០នាក់ ផងដែរ។
នាឱកាសនោះដែរ លោក ម៉ននី បណ្ឌិត អភិបាលនៃគណៈអភិបាលស្រុកស៊ីធរកណ្តាល បានធ្វើរបាយការណ៍ គោរពជូនគណៈអធិបតី និងអង្គពិធី នូវប្រវត្តិរបស់ វត្ត ការកសាង សកម្មភាព សមិទ្ធផលនានាដែលសម្រេចបាន ក្នុងស្រុក រួមមាន៖ ស្ពាន ផ្លូវ ថ្នល់ ប្រព័ន្ធធារាសាស្ត្រ ដោយមានការចូលរួមឧបត្ថម្ភពីសប្បុរសជន ក្នុង ក្រៅស្រុក និង ថ្នាក់ដឹកនាំ របស់រាជរដ្ឋាភិបាលពិសេស លើវិស័យ ព្រះពុទ្ធសាសនាដូចជាជាក់ស្ដែង នៅក្នុងវត្តប្រាសាទ ឃុំជ្រៃឃ្មុំ នាថ្ងៃនេះមានការឧបត្ថម្ភពីលោកឧកញ៉ា សំ ផាន់ណារិទ្ធនេះផងដែរ។
ក្រោយមក លោកឧកញ៉ា សំ ផាន់ណារិទ្ធ បានមានមតិ សំណេះសំណាលទៅកាន់ ពុទ្ធបរិស័ទ និងអ្នកចូលរួមប្រកបដោយភាពរីករាយ លើសពីនេះទៅទៀតលោកក៏បានបញ្ជាក់ផងដែរថា៖ ក្រោយថ្ងៃ ៧ មករា ១៩៧៩ ប្រទេសជាតិត្រូវបានរំដោះឲ្យរួចផុតពីនរកអវិចីយ ភពខ្មៅងងឹត សេដ្ឋកិច្ចធ្លាក់នៅកម្រិតសូន្យ តែក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានស្ដារប្រទេសឲ្យមានការអភិវឌ្ឍ រុងរឿង ជាបន្តបន្ទាប់ ។
លោកឧកញ៉ាបានលើកឡើងបន្តទៀតថា៖ សព្វថ្ងៃនេះ សម្ដេចតេជោ បានខិតខំ កែប្រែប្រព័ន្ធរដ្ឋបាលឲ្យបានស៊ីជម្រៅ និងកែតម្រូវច្បាប់មួយចំនួនពិសេសច្បាប់ចរាចរណ៍ និងការលើកលែងសេវាមិនយកពន្ធសេវាផ្ទេរកម្មសិទ្ធពីសាច់ញាតិ ម្ដាយកូន និងសហព័ទ្ធ និងការលុបចោលកិច្ចសន្យាបង់ថ្លៃសេវាផ្លូវជាតិលេខ ៤ និងរៀបចំវិសោធនកម្មនូវច្បាប់មួយចំនួនទៀតដើម្បីកាត់បន្ថយភាពក្រីក្រ និង ការអភិវឌ្ឍសង្គម ។
ឆ្លៀតឱកាសនោះ លោកឧកញ៉ាក៏បានស្នើដល់ថ្នាក់ស្រុក ឃុំ ត្រូវបន្តការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងយកចិត្តទុកដាក់លើការបម្រើសេវា នានាតាមច្បាប់ ខិតខំដោះស្រាយតម្រូវការ និងបញ្ហាប្រឈមដោះស្រាយនិងកែតម្រូវឲ្យបានទាន់ពេលនូវចំណុចអសកម្ម សំដៅចូលរួមអភិវឌ្ឍន៍សង្គមជាតិប្រកបដោយសុខសុវត្ថិភាព និងធានាបានសន្តិសុខស្បៀង ហើយប្រជាពលរដ្ឋមានជីវភាពធូធារ។
នាឱកាសនោះដែរ ក្រៅអំពីការសំណេះសំណាល ប្រកបដោយភាពស្និទ្ធស្នាល និងកក់ក្ដៅនោះ លោកឧកញ៉ា ក៏ បានប្រគេននិងជូននូវបច្ច័យ ថវិកា ចំនួន៣៥៥០ដុល្លា ដល់ព្រះសង្ឃនិងគណៈកម្មការវត្តនិងពុទ្ធបរិស័ទដែលបាន ចូលរួម៥០០នាក់ ក្នុងម្នាក់ថវិកា៥០០០រៀល ផងដែរ៕