ព្រៃវែង ៖ នាព្រឹកថ្ងៃទី ២០ខែមិនាឆ្នាំ២០១៦ ពិធីបុណ្យឆ្លងដំបូល ខឿនព្រះវិហារ របងសាលាររៀន និង សមិទ្ធផលនានា ក្នុងវត្តបទុមរតនៈ ហៅវត្តស្វាយជីក្រាយ ឃុំឬស្សីសាញ់ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ក្រោមអធិបតីភាព ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រែវែង ។
ពិធីនោះក៏មានវត្តមានឯកឧត្តម ប្រធាន អនុប្រធានក្រុមការងារ ខេត្ត ក្រុមការងារ ស្រុក គណៈអភិបាលស្រុក មេឃុំ មេភូមិ កងកម្លាំងទាំង៣ និងប្រជាពលរដ្ឋ ពុទ្ឋបរិស័ទ ប្រមាណជាង៤៥០នាក់។
នាឱកាសនោះលោក ម៉ននី បណ្ឌិត អភិបាលស្រុកស៊ីធរកណ្ដាលបានធ្វើរបាយការណ៍ជម្រាបជូននូវសមិទ្ធផល នានាដែលសម្រេចបានក្នុងស្រុក រួមមាន ៖ហេដ្ឋារចនាសម្ព័ន្ធ ធារាសាស្ត្រ ពុទ្ធសាសនា ក្រោមការឧបត្ថម្ភពីសប្បុរសជន និងថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាល និងក្រុមការងារបក្សប្រជាជនកម្ពុជា ជម្រាបជូន គណៈអធិបតីរួចមក។
មានមតិទៅកាន់ នាឱកាសនោះ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រែវែង បានលើកឡើងពីគុណបំណាច់របស់ គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស បានធ្វើឱ្យប្រទេសជាតិ មានការអភិវឌ្ឍន៍ប្រទេស តួយ៉ាងសមិទ្ធិផលនៅក្នុងស្រុកនេះ ដែលបានកសាងក្រោយដណ្តើមបានសន្តិភាព និងធ្វើឲ្យជីវភាពប្រជាជនរស់នៅ មានជីវភាពធូរធា មានឱកាសឲ្យកូនចៅបានរៀនសូត្រ អាចធ្វើការងារបានទាំងក្នុង និងក្រៅប្រទេស ដែលនេះជាការទទួលផលពីសុខសន្តិភាព និងការអភវឌ្ឍន៍ ដែលពីមុនសមិទ្ធិផលទាំឡាយត្រូវបានបំផ្លាញ។
ឯកឧត្តមក៏បាន ថ្លែងបន្តថា ៖ក្រោយពីដំណាក់កាលក្រោយសង្គ្រាម ប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យព្រមទាំងវិស័យសាសនាល្អ ទៅមុខ។ ឯកឧត្តមបានបញ្ជាក់ថា «ប្រទេសជាតិបានជួបប្រទះសង្គ្រាម និងដំណាក់កាលលំបាកជាច្រើន ហើយអ្វីដែលនៅសេសសល់ និងដែលយើងមានជីវិតរស់នៅ មកដល់សព្វថ្ងៃនេះគឺជាសំណាងហើយ។ ការរស់រានមានជីវិតមកដល់សព្វថ្ងៃនេះ គឺដោយសារថ្ងៃ៧មករា ហើយចាប់ផ្តើមពីពេលនោះមកគឺរដ្ឋាភិបាលបានខិតខំតស៊ូ ដឹកនាំកសាងប្រទេសឡើងវិញ»។
ឯកឧត្តមបន្តទៀតថា៖ សាសនាព្រះពុទ្ធ គឺមានសារៈសំខាន់ណាស់ ព្រោះការដឹកនាំការអប់រំ និងការរស់នៅផ្អែកទៅលើសាសនា ព្រោះការរស់នៅ ការអប់រំប្រៀនប្រដៅកូនចៅ ការធ្វើអំពើល្អ សីលធម៌ គុណធម៌ ការមិនចងពារ ការរំងាប់ពារដោយការមិនចងពារនេះហើយ ផ្អែកលើការប្រៀនប្រដៅរបស់សាសនា។ សង្គមយើងបច្ចុប្បន្ន ក៏ដូចជាពីមុនមកយើងត្រូវការអប់រំផ្នែកសីលធម៌ និងគុណធម៌ដែលកាលពីសម័យប៉ុល ពតត្រូវបានបំបាត់ចោលទាំងអស់ អញ្ចឹងបានមានការកាប់សំលាប់គ្នា ការមើលងាយ និងការមិនគោរពគ្នា។
ឯកឧត្តម បានសង្កត់ធ្ងន់ថា៖ «ប្រទេសយើងមានសុខសន្តិភាព គ្មានសង្គ្រាមសាសនា ប្រជាពលរដ្ឋមានសិទ្ធជឿលើសាសនាផ្សេងៗ នេះគឺសុខដុមរមនីយកម្មសាសនា ដែលរាដ្ឋាភិបាលប្រកាន់យកគោលនយោបាយ មិនរើសអើងសាសនា»។ ការអភិវឌ្ឍសម័យតេជោគឺធ្វើឱ្យប្រជាពលរដ្ឋមានបានតាមរយៈការបង្កឱកាស ឱ្យកូនចៅ ប្រជាពលរដ្ឋមានឱកាសរៀនសូត្រ និងឱកាសការងារដែលរាជរដ្ឋាភិបាលបានខិតខំបង្កើតនិងស្នើសុំឱកាស ការងារ និងការសិក្សាពីបរទេស និងការប្រកបមុខរបររបស់ប្រជាពលរដ្ឋ ខុសពីគណបក្សអធិបតីដើរតែរិះគន់ និងប្រកាសឱ្យគេផ្តាច់ជំនួយដែលធ្វើឱ្យប៉ះពាល់ផលប្រយោជន៍របស់ ប្រជាពលរដ្ឋ។
ឆ្លៀតឱកាសនោះ ឯកឧត្តមក៏បានស្នើដល់ថ្នាក់ស្រុក ឃុំ ត្រូវបន្តការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងយកចិត្តទុកដាក់លើការបម្រើសេវា នានាតាមច្បាប់ ខិតខំដោះស្រាយតម្រូវការ និងបញ្ហាប្រឈមដោះស្រាយនិងកែតម្រូវឲ្យបានទាន់ពេលនូវចំណុចអសកម្ម សំដៅចូលរួមអភិវឌ្ឍន៍សង្គមជាតិប្រកបដោយសុខសុវត្ថិភាព និងធានាបានសន្តិសុខស្បៀង ហើយប្រជាពលរដ្ឋមានជីវភាពធូធារ៕
ដោយ៖សីហា