ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦នេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌទួលគោក រួមទាំង លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក រួមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត បានចូលរួមពិធីបុណ្យស្លស្ពាន់សិតព្រះពុទ្ធបដិមា នៅវត្តនាគវ័នដែលមានវិហារកំពស់៣ជាន់។
វត្តនាគវ័ន ដែលស្ថិតនៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក នឹងក្លាយជាវត្តទំនើបមួយ ដែលមានបំពាក់ជណ្ដើរយន្តមុនគេបង្អស់នៅកម្ពុជា។ ជណ្ដើរយន្ដនេះ ត្រូវបានប្រកាសឧបត្ថម្ភដោយ លោកស្រីឧកញ៉ា សៀង ចាន់ហេង អគ្គនាយកក្រុមហ៊ុន ហេង អភិវឌ្ឍន៍។
នៅក្នុងឱកាសនោះ អភិបាលខណ្ឌទួលគោក លោក ឯក ឃុនដឿន បានថ្លែងថា៖ វត្តនាគវ័ន បានកើតឡើងរយៈពេលជាង១០០ឆ្នាំមកហើយ។ ជាមួយគ្នានេះដែរ អង្គភាពប្រឆាំងអំពើពុករលួយ រួមនឹងអាជ្ញាធរ ខណ្ឌទួលគោកបានជួយជាថវិកា សម្រាប់កសាងវត្តនាគវ័នជាង២ម៉ឺនដុល្លា ។ ដោយឡែកលោកស្រីឧកញ៉ា សៀង ចាន់ហេង ក៏បានជួយជាថវិកាក្នុងការកសាងជណ្ដើរយន្ដ បំពាក់ក្នុងវត្តនេះផងដែរ។
ការបំពាក់ជណ្ដើរយន្ដគឺធ្វើឡើងក្នុងគោលបំណង ផ្ដល់ភាពងាយស្រួលដល់ លោកតា លោកយាយ ចាស់ៗ ព្រោះថាគាត់ពិបាកក្នុងការឡើងព្រះវិហារ ដែលមានកម្ពស់បីជាន់ ពេលដែលមានពិធីសាសនាម្ដងៗ ទើបលោកឧកញ៉ា សៀង ចាន់ហេង សម្រេចប្រគេនដល់ព្រះសង្ឃតែម្ដង៕