ព្រៃវែង ៖ នៅព្រឹកថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០១៦ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា និងឆ្លងសមិទ្ធផលនានា ក្នុង វត្តសិរពោធិសាគរ ស្ថិត នៅ ភូមិកោងស្រែ ឃុំល្វេ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។
ពិធីនេះមានការចូលរួមពី ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការ ក្រុមប្រឹក្សាឃុំ យាយជី តាជី លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ យុវជនកាកបាទ យុវជនកាយរិទ្ធិ សិស្សានុសិស្ស និង បងប្អូនប្រជាពលរដ្ឋ ប្រមាណ ជាង២០០០ នាក់។
ក្រោយពីស្ដាប់របាយការណ៍របស់ លោក ម៉ននី បណ្ឌិត អភិបាល ស្រុកស៊ីធរកណ្ដាលជុំវិញសកម្មភាពការអភិវឌ្ឍ ការងារសប្បុរសធម៌ សន្តិសុខសណ្ដាប់ធ្នាប់និងការដោះស្រាយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋការចូលរួមសាងសង់របស់សប្បុរសជននានា ក្នុងនិងក្រៅស្រុក នៅទីអារាម វត្តសិរពោធិសាគរ កោងស្រែ និងសមិទ្ធផលនានាដែលសម្រចបានកន្លងមក គោរពជម្រាបជូនគណៈអធិបតីនិងប្រជាពលរដ្ឋរួចមក។
ឆ្លៀតក្នុងឱកាសសំណេះសំណាល សម្តេច ក្រឡាហោម ស ខេង បានលើកឡើងអំពីការងារភូមិឃុំមានសុវត្ថិភាព, ការអនុវត្តច្បាប់ចរាចរណ៍ថ្មី, ការងារអត្តសញ្ញាណប័ណ្ណ, ការងារអត្រានុកូលដ្ឋាន និងការងារផ្តល់ថវិកាមូលនិធិមនុស្សធម៌ ស ខេង ដល់ក្រុមគ្រួសារអ្នកទទួលមរណៈភាព និងក្រុមគ្រួសារសម្រាលកូននៅតាមមូលដ្ឋាន។
សម្តេចក៏បានធ្វើការក្រើនរំលឹកម្តងហើយម្តងទៀត ទៅដល់អាជ្ញាធរដែនដី និង កងកម្លាំងទាំងបី ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ទៅលើការអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាព ដើម្បីការពារសន្តិសុខ សណ្ដាប់ធ្នាប់ បម្រើសេវាសាធារណៈ និង ផលប្រយោជន៍ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។
សម្តេចក៏បាន បញ្ជាក់ជូនបងប្អូន អ្នកចូលរួមផងដែរថា៖ នៅក្នុងទឹកដីខេត្តព្រៃវែង ក៏ដូចជាស្រុកស៊ីធរកណ្ដាល សម្រាប់គ្រួសារអ្នកទទួលមរណៈភាព និង គ្រួសារអ្នកសម្រាលកូន មូលនិធិមនុស្សធម៌ ស ខេង នឹងផ្តល់ជូនមួយគ្រួសារ ២០០,០០០៛ ហើយសម្តេចក៏បានផ្តាំផ្ញើដល់អាជ្ញាធរ ឱ្យយកចិត្តទុកដាក់ឱ្យមែនទែន ចំពោះការទទួលនូវពត៌មាន និង ធ្វើការឆ្លើយតបឱ្យបានទាន់ពេលវេលា។
លើសពីការសំណេះសំណាល សម្តេចក្រឡាហោម បានឧបត្ថមយុវជនកាកបាទក្រហម ១០០នាក់ ម្នាក់ៗទទួលបាន ថវិកា ១០,០០០៛, យុវជនកាយរិទ្ធិ ៥០នាក់ , សិស្សានុសិស្ស ៣០០នាក់ ម្នាក់ៗទទួលបាន សៀវភៅ ប៊ិច និង ថវិកា៥០០០៛, យាយជី តាជី ក្រណាត់ស ១ដុំ និង ថវិកា១០,០០០៛ លោកគ្រូអ្នកគ្រូ ៣០នាក់ ម្នាក់ៗទទួលបាន ២០០០០៛ រណ្តៅសីមា ទាំង៨ទឹកប្រាក់១៦០០,០០០៛ និង សីមាឥទ្ធកិល ៣០០,០០០៛ ជូនសាលាស្រុក ១,០០០,០០០៛ និងបានប្រគេនថវិកាមួយចំនួនទៀតសម្រាប់ចាត់ចែងក្នុងកម្មវិធីបុណ្យ នាឱកាសនោះផងដែរ៕
ដោយ៖សីហា