ភ្នំពេញ៖ លោកជំទាវ ឧបនាយករដ្មមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅថ្ងៃអាទិត្យ ២៧ ខែមីនា ឆ្នាំ ២០១៦ បានផ្តល់អនុសាសន៍ចំនុច សម្រាប់សិស្សគំរូ នៃសមាគមអ៊ីគ័នតាវ ដើម្បីការសិក្សាអប់រំ និង មានអនាគតមួយ ដ៏ភ្លឺស្វាង។
ថ្លែងនៅក្នងកម្មវិធី “លើកសរសើរសិស្សគំរូ មានក្រមសីលធម៌ល្អ និងគោរពឱវាទគ្រូបង្រៀន” នៃសមាគមអ៊ីគ័នតាវ លោកជំទាវ ម៉ែន សំអន បានលើកឡើងនូវការអបអរសាទរ និងកោតសរសើរចំពោះសមាគមអ៊ីគ័នតាវកម្ពុជា និងបណ្ដាសាខាទាំងអស់ ទូទាំងប្រទេសរបស់សមាគម ដែលបានផ្ដួចផ្ដើមប្រារព្ធរៀបចំព្រឹត្ដិការណ៍ដ៏មានសារៈសំខាន់ និងប្រកបដោយអត្ថន័យខ្លឹមសារនាពេលនេះ ស្របពេលដែលប្រទេសកម្ពុជា កំពុងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសវិស័យអប់រំការកសាងធនធានមនុស្ស និងមូលធនបញ្ញា ដែលរាជរដ្ឋាភិបាលកំពុងជម្រុញការកែទម្រង់យ៉ាងស៊ីជម្រៅ ដើម្បីលើកកម្ពស់គុណភាពចំណេះដឹងរបស់សិស្ស និស្សិតឲ្យឡើងដល់ស្ដង់ដារ ដែលអាចធ្វើសមាហរណកម្មជាមួយតំបន់ និងពិភពលោកបាន។
អនុសាសន៍ទាំង៤គឺ៖
១. សូមក្មួយៗមានកត្ដញ្ញូ ចំពោះមាតាបិតា ជាអ្នកមានគុណគ្មានអ្វីប្រៀបបានដូចជាព្រះរស់ លោកទាំងទ្វេរបានផ្ដល់កំណើត រូបរាង្គកាយ ការចិញ្ចឹមបីបាច់ សេចក្តីអាណិតស្រលាញ់ និងជាគ្រូដំបូងបំផុតដែលអប់រំក្មួយៗឲ្យក្លាយជាមនុស្សប្រកបដោយធម៌ និងប្រព្រឹត្តអំពើល្អ ហើយភាសានិយាយដំបូងបំផុតគឺលោកឪពុកអ្នកម្តាយជាអ្នកបង្រៀនកូន ។
២. សូមមានកត្ដញ្ញូ ចំពោះលោកគ្រូ អ្នកគ្រូ គ្រូឧបជ្ឈាយ៍ គ្រូធម្មទេសនា
ដែលបានផ្ស៊ាំបណ្ដុះបញ្ញាញាណក្មួយៗ ឲ្យប្រកបដោយសីលធម៌ និងកតញ្ញុតាធម៌ ធ្វើឲ្យជីវិតមានពន្លឺ និងជៀសផុតពីភាពអន្ធការអវិជ្ជា ។
៣.មានកត្ដញ្ញូ ចំពោះញាតិមិត្ដ មិត្ដភ័ក្ដ្រ ដែលបានជួយក្មួយៗក្នុងគ្រប់កាលៈទេសៈទោះក្នុងចំណែកណាក៏ដោយ ដែលនាំឲ្យជីវិតក្មួយៗជួបនូវភាពវិជ្ជមាន និងមង្គលភាព ។
៤.មានកត្ដញ្ញូចំពោះថ្នាក់ដឹកនាំប្រទេស ដែលបានខិតខំធ្វើពលីកម្មសព្វបែបយ៉ាង ដើម្បីនាំមកនូវសុខសន្ដិភាព និងភាពរុងរឿងជូនដល់ប្រទេសជាតិ ហើយផ្ដល់ឱកាសឲ្យក្មួយៗមានថ្ងៃនេះ មានការសិក្សាអប់រំ និងមានអនាគតមួយដ៏ភ្លឺស្វាង តាមរយៈការផ្តល់ឱកាសសង្គមនានា។
ខ្លឹមសារក្រមសីលធម៌ សមាគមអ៊ីគ័នតាវ ក្នុងនោះមានក្រមសីលធម៌របស់គ្រូ និងក្រមសីលធម៌របស់សិស្ស ដែលនេះគឺជាគោលការណ៍នៃគុណតម្លៃ និងកម្មវត្ថុនៃការអប់រំ។
បេសសកម្មការងាររបស់សមាគមគឺជា ការចូលរួមចំណែកយ៉ាងសំខាន់ មិនអាចមើលរំលងបាននូវការខិតខំប្រឹងប្រែងរបស់សមាគម និងអង្គការអ៊ីគ័នតាវកម្ពុជា ដែលបានចូលរួមបរិច្ចាគទាំងថវិកា កម្លាំងកាយចិត្ដជួយលើវិស័យអប់រំ ផ្ដោតដោយផ្ទាល់លើស្រទាប់យុវជន ដោយជួយដុសខាត់ ឥរិយាបថយុវជនឲ្យប្រកបដោយសីលធម៌ ក្នុងនោះមានបញ្ចូលទាំងចំណេះវិជ្ជាផ្នែកវប្បធម៌ ប្រពៃណី សុជីវធម៌ កតញ្ញុតាធម៌ ចំពោះមាតាបិតា និងចំពោះគ្រូឧបជ្ឈាយ៍៕