ត្បូងឃ្មុំ៖ នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០១៦ នេះ ព្រះវិហារវត្តឧត្តមមុនីសុវណ្ណព្រឹក្សា ហៅវត្តត្រពាំងរំសែង ស្ថិតនៅភូមិត្រពាំងរំសែង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានពិធីបញ្ចុះខណ្ឌសីមាក្រោមអធិបតីភាព ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សាខេត្ត លោកអភិបាលស្រុក មន្ត្រីរាជការ ស្រុក ឃុំ ភូមិ កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស តាជីយាយជី និងបងប្អូនប្រជាពលរដ្ឋប្រមាណ ២.០០០ នាក់ ។
នៅក្នុងឱកាសនោះដែរ លោក ឡុង ធាម អភិបាលនៃគណៈអភិបាលស្រុកពញាក្រែក បានជម្រាបជូនអំពីប្រវត្តិនៃការកសាងព្រះវិហារវត្តឧត្តមមុនីសុវណ្ណព្រឹក្សា ហៅវត្តត្រពាំងរំសែង នេះថា ៖ វត្តឧត្តមមុនីសុវណ្ណព្រឹក្សា ហៅវត្តត្រពាំងរំសែង បានកសាងឡើងអំឡុង គ.ស ១៩៦២ , មានអាយុកាលប្រមាណ ៥៤ឆ្នាំ គិតមកដល់បច្ចុប្បន្ន ។ វត្តនេះមានទីតាំងស្ថិតនៅ ភូមិត្រពាំងរំសែង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ចម្ងាយប្រមាណ ៣ គ.ម ពីផ្លូវជាតិលេខ ៧២ ។ គ្រប់ដំណាក់កាលនៃការកសាងទីអារាមនេះ គឺប្រជាពលរដ្ឋរួមនឹងព្រះសង្ឃក៏ដូចជាពុទ្ធបរិស័ទចំណុះជើងវត្ត បាន ខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការកសាងសមិទ្ធផលនានា ទៅតាមលទ្ធភាព និងធនធានដែលមាន តែត្រូវបំផ្លាញទាំងស្រុងនៅក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ ។ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ រដ្ឋអំណាចមូលដ្ឋាន ចាស់ព្រឹទ្ធាចារ្យ និងប្រជាពលរដ្ឋ រួមសាមគ្គីគ្នារៀបចំទីអារាមនេះឡើងវិញដោយឆ្លងកាត់ព្រះចៅអធិការសរុបចំនួន ០៧ អង្គ និងកសាងបាននូវសមិទ្ធិផលមួយចំនួនដូចជា សាឡុំតូចមួយធ្វើពីឈើប្រក់ស័ង្កសី សំរាប់ ជាកន្លែងគោរពបូជារបស់ពុទ្ឋបរិស័ទ កុដិឈើ ចំនួន០២ ,ឧបដ្ឋានសាលាធ្វើពីឈើ ០១ខ្នង,ក្លោងទ្វារ រួមនឹងសមិទ្ធផលផ្សេងៗទៀត ។
រីឯព្រះវិហារថ្មីដែលត្រូវធ្វើពិធីបញ្ចុះខណ្ឌសីមាមានទំហំ ទទឹង ១២ម បណ្តោយ ២២ ម បានចាប់ផ្តើមដំណើរការសាងសង់នៅថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ ២០០២ ហើយបានបញ្ចប់ រួចរាល់ជាស្ថាពរនៅថ្ងៃទី ១៥ ខែមករា ឆ្នាំ២០១៦ ដោយចំណាយថវិកាសរុបចំនួន ១០០.៤១១$ និងប្រាក់រៀលចំនួន ៤៣០.៦៥៧.០០០ រៀល ដែលសុទ្ធសឹងជាថវិកា កើតឡើងដោយកំលាំងសាមគ្គីរបស់សប្បុរសជន និងពុទ្ធបរិស័ទជិតឆ្ងាយ ទាំងអស់ តាមរយៈការធ្វើពិធីបុណ្យផ្កាសាមគ្គី និងកឋិនទាន និងជាពិសេសក្រោមការជួយឧបត្ថម្ភថវិកាផ្ទាល់ពីសម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងលោកជំទាវ , សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រិទ្ឋបណ្ឌិត ,ឯកឧត្តម អៀក ខែម និងលោកជំទាវ ។
ថ្លែងទៅកាន់ប្រជាពលរដ្ឋ មន្ត្រីរាជការនាឱកាសនោះ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានលើកឡើងនិង បានធ្វើការក្រើនរំលឹកម្តងហើយម្តងទៀត ទៅដល់អាជ្ញាធរដែនដី និង កងកម្លាំងទាំងបី ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ទៅលើការអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាព ដើម្បីការពារសន្តិសុខ សណ្ដាប់ធ្នាប់ បម្រើសេវាសាធារណៈ និង ផលប្រយោជន៍ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។ហើយចូលរួមកិច្ចអភិវឌ្ឍន៍មូលដ្ឋាននិងដោះស្រាយ តម្រូវការ ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ បម្រើសេវាសាធារណៈតាមកម្រៃរដ្ឋបាលរបស់ថ្នាក់ក្រោមជាតិ ៕អត្ថបទ៖សីហា