ភ្នំពេញ ៖ នាពេលព្រឹកថ្ងៃ ទី ២៩ ខែ មីនា ឆ្នាំ ២០១៦ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា បានប្រោសព្រះរាជទានតែងតាំងព្រះមន្ត្រីសង្ឃដែលនិមន្តមកពីព្រះរាជាណាចក្រថៃចំនួន ៧ព្រះអង្គ និងលោកវរសេនីយ៍ត្រី ម៉ុង សុខា ឲ្យឡើងទៅជាទីប្រឹក្សាផ្ទាល់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា។
ពិធីតែងតាំងនាឱកាសនោះមាននិមន្តចូលរួមពីមន្ត្រីសង្ឃ លោក យាយលោក តាជា ពុទ្ធបរិស័ទនិងមន្ត្រីរាជការជាច្រើននាក់ផងដែរ មានពុទ្ធដិកា ថ្លែងទៅកាន់មន្ត្រីសង្ឃដែលទើបតែទទួលបានតំណែងថ្មី សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា បានផ្ដាំផ្ញើដល់មន្ត្រីសង្ឃ ត្រូវយកព្រះទ័យទុកដាក់ អនុវត្តន៍តាមមាគ៌ាកន្លងនៃព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ លះបង់កាយ វាចារ ចូលរួមក្នុងការអភិវឌ្ឍសង្គមជាតិ ថែរក្សាវប្បធម៌ប្រពៃណី របស់ប្រជាជាតិខ្មែរ អប់រំទូន្មាននូវធម៌ល្អ ៗដល់មន្ត្រីសង្ឃក្រោមឱវាទ ជៀសឆ្ងាយអំពើអបាយមុខទាំងពួង ត្រូវគោរព ប្រណិបត្តិ តាមវិន័យ និងគន្លងព្រះពុទ្ធសាសនា ដើម្បីចូលរួម លើកកំពស់វិស័យធម្មាការសាសនា ឲ្យមានការ រីកចម្រើន ជាលំដាប់ តាមនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ជូន៕