ភ្នំពេញ ៖ នៅពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហនុរាជ បានប្រារព្ធពិធីបើកបវេសនកាល ឆ្នាំសិក្សា ២០១៦- ២០១៧ ដើម្បីបន្តការបណ្ដុះបណ្ដាលឆ្នាំសិក្សាថ្មី ដល់បណ្ដាសមណសិស្ស-និស្សិត ក្នុងគោលបំណងរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្សឲ្យកាន់រីកចម្រើនតទៅទៀត ទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ។
ពិធីប្រារព្ធបើកបវេសនកាលថ្មីនេះ ត្រូវបានធ្វើឡើងក្រោមសហព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស និង សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែតនាយកសង្ឃនៃព្រះរាជាណាចក្រកម្ពូជា។
លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានឲ្យដឹងនៅថ្ងៃទី១០ ខែឧសភាថា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ គឺជាគ្រឹះស្ថានឧត្ដមសិក្សាដំបូងគេនៅកម្ពុជា និងជាគ្រឹះស្ថានឧត្តមសិក្សា ដែលមានវ័យចំណាស់ទី២ នៅតំបន់អាស៊ីអាគ្នេយ៍ ដូច្នេះតាមរយៈបទពិសោធន៍ដ៏យូរលង់ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ប្រកបដោយគុណភាព និង ជោគជ័យរបស់ខ្លួន។
លោកបានបន្តថា កាលពីពេលថ្មីៗនេះ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បានចេញសេចក្ដីជូនដំណឹងសិក្សាពិសេស ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ តម្លៃត្រឹមតែ៤៥០ដុល្លារប៉ុណ្ណោះ ក្នុងមួយឆ្នាំ ដែលផ្តោតលើឯកទេស៣សំខាន់ ដូចជា ទស្សនវិជ្ជា, អក្សរសាស្ត្រខ្មែរ, គ្រប់គ្រងអប់រំ។
ពិធីបើកបវេសនកាល ឆ្នាំសិក្សា ២០១៦-២០១៧នេះ ក៏មានការចូលរួមពីសម្តេចព្រះពោធិវង្ស អំ លឹមហេង លោក ណាវីន ស្រីវ៉ាស្តាវ៉ា ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំនៅកម្ពុជា លោកមហាបណ្ឌិតសាស្ត្រាចារ្យ លោកេស ចន្ត្រា នាយកសាកលវិទ្យាល័យញូដាលី (ប្រទេសឥណ្ឌា) ព្រមទាំងមន្ត្រីសង្ឃ មន្ត្រីរាជការ សាស្ត្រាចារ្យ សមណនិស្សិត-និស្សិតទាំងអស់សរុបប្រមាណ២៥០រូប៕