ស្វែងយល់​ពី​ប្រវត្តិ និង​អត្ថន័យ «​បុណ្យពិសាខបូជា​» ក្នុង​ព្រះពុទ្ធសាសនា

20-May-2016 | ដោយ មែន កំសត់

 
​ភ្នំពេញ​៖ ពិធីបុណ្យ​ពិសាខបូជា គឺជា​ពិធីបុណ្យ​ដ៏​ធំ​មួយ ក្នុងចំណោម​ពិធីបុណ្យ ព្រះពុទ្ធសាសនា​ដទៃទៀត ដូចជា​បុណ្យមាឃបូជា ជាដើម​។ បុណ្យ​នេះ ត្រូវ​ប្រារព្ធ​ឡើង​ចំ​ថ្ងៃ​១៥​កើត ខែ​ពិសាខ​ជា​រៀងរាល់ឆ្នាំ ហើយ​សម្រាប់​នៅ​ឆ្នាំនេះ បុណ្យពិសាខបូជា ត្រូវ​ប្រារព្ធ​ឡើង​ចំ​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៦​។​

​តើ​អ្វី​ជា​ពិធីបុណ្យ​ពិសាខបូជា​?​បើ​យោងតាម សេចក្តីពន្យល់​របស់​វ​ច​នា​នុ ក្រម​ខ្មែរ អំពី​អត្ថន័យ​នៃ​ពាក្យ «​ពិសាខបូជា​» បាន​ឲ្យ​ដឹងថា ពិសាខបូជា ឬ​វិសាខបូជា មកពី​ពាក្យ (​វិសាខ​+​បូជា​) មានន័យថា​ឈ្មោះ​ពិធីបុណ្យ ឬ​ការធ្វើ​សក្ការ បូជា​ក្នុង​ថ្ងៃ​ពេញ​បូរ​មី​ខែ​ពិសាខ ជា​ថ្ងៃ​ដែល​ព្រះសមាសម្ពុទ្ធ​ទ្រង់​ប្រសូត ទ្រង់​បាន​បរមាភិសម្ពោធិ ទ្រង់​រំលត់​ខន្ធ​ចូលកាន់​បរិនិព្វាន ។ បុណ្យ​នេះ ធ្វើឡើង​ដើម្បី​រំ​ព្ញ​ក​ដល់​ព្រះ​គុណ​របស់​ព្រះអង្គ ជាការ​បូជា​ពិសេស​មួយ​យ៉ាង សម្រាប់​ពុទ្ធសាសនិក ទាំង​បព្វជិត ទាំង​គ្រហស្ថ នាំគ្នា​ធ្វើ​រាល់​ឆ្នាំ រាប់​ជា​បុណ្យ កុសល​សម្រាប់​ពុទ្ធសាសនា​។​
​ហេតុអ្វី​ចាំបាច់​ប្រារព្ធ​ពិធីបុណ្យ​ពិសាខបូជា​?​បុណ្យពិសាខបូជា ត្រូវបាន​ពុទ្ធសាសនិក ទាំង​គ្រហស្ថ ទាំង​បព្វជិត ប្រារព្ធ ធ្វើ​នៅ​ថ្ងៃ​១៥​កើត ខែ​ពិសាខ

ជា​រៀងរាល់ឆ្នាំ ព្រោះ​ជា​ថ្ងៃខែ​មហា​មង្គល ដែលមាន​ប្រវត្តិ​ទាក់ទង​នឹង​រឿង​ខាងក្រោម​៖
១.​កាលដែល​ព្រះពុទ្ធ​ទ្រង់​ប្រសូត នៅក្នុង​សួនឧទ្យាន​លុម្ពិនី​ក្រោម​ដើម សាលព្រឹក្ស នៅ​ថ្ងៃ​សុក្រ ១៥​កើត ពេញ​បូរ​មី​ខែ​ពិសាខ ក្នុង​ឆ្នាំច មុន​ពុទ្ធសករាជ​៨០​ឆ្នាំ​។ ពេលដែល​ទ្រង់​ប្រសូត​មក​ភ្លាម ទ្រង់​អាច​យាង​ឈានជើងដើរ​បាន​៧​ជំហាន ឆ្ពោះទៅកាន់ ឧ​ត្ត​រ​ទិស (​ទិស​ខាងជើង​) ហើយ​ស្រែ​កនូវ អាសភិវាចារ គឺ​វាចារ​ដ៏​ឧ​ត្ត​ម​ថា​៖ «​អ​គោហម​ស្មិ លោក​ស្ស ជេដ្ឋោ​ហម​ស្មិ លោក​ស្ស សេដ្ឋោ​ហម​ស្មិ លោក​ស្ស អ​យម​ន្តិ​មា ជាតិ ន​ត្ថិ​ទា​នំ បុ​ន​ព្ភ​វោ​»​។ ប្រែ​ថា «​អាត្មាអញ ជា បុគ្គល​ខ្ពង់ខ្ពស់​លើ​លោក អាត្មាអញ​ជា​បុគ្គល​ធំ​បំផុត លើ​លោក អាត្មាអញ ជា​បុគ្គល ប្រសើរ​បំផុត លើ​លោក នេះ​ជា​កំណើត​ចុងក្រោយ​បំផុត​របស់ អាត្មាអញ ឥឡូវនេះ ភព​ថ្មី​ពីនេះ​ទៀត​មិនមាន​ឡើយ​»​។​

២.​ក្រោយពី​ព្រះពុទ្ធ​ជា​ម្ចាស់ ទ្រង់​សាង​ព្រះ​ផ្នួស ហើយ​ធ្វើ​ទុក្ករកិរិយា អស់​៦​ឆ្នាំ ទ្រង់​បាន​ត្រាស់ដឹង នូវ​សម្មា​សម្ពោធិញ្ញាណ ក្រោម​ដើម​ពោធិព្រឹក្ស ក្បែរ​ស្ទឹង​នេ​រ​ញ្ជ​រា នៅ​ថ្ងៃ​ពុធ ១៥​កើត ខែ​ពិសាខ ក្នុង​ឆ្នាំរកា មុន​ពុទ្ធសករាជ​៤៥​ឆ្នាំ​។​
​លុះ​ត្រាស់ដឹង​ហើយ​ទ្រង់​បាន​ឧទាន​នូ​គាថា​ថា​៖ «​អនេកជាតិ​សំ សា​រំ ស​ន្ធា​វិ​ស្សំ អ​និ​ព្វិ​សំគ​ហ​កា​រំ គ​រេស​ន្តោ ទុក្ខា ជាតិ បុ​ន​ប្បុ​នំ គ​ហ​កា​រក ទិ​ដ្ឋោ​សិ​បុ​ន គេ​ហំ ន កា​ហសិ ស​ព្វា តេ ផាសុកា ភ​គ្តា គ​ហ​កូ​ដំ​វិសំ​ខ​តំ វិសំ​ខា​រគ​តំ ចិ​ត្តំ តណ្ហា​នំ ខ​យម​ជ្ឈ​គា​»​។ ប្រែ​ថា «​អាត្មាអញ កាល​មិនទាន់បាន​ជួបប្រទះ ពោធិញ្ញាណ​នៅឡើយ រវល់​តែ​ស្វែងរក​នូវ​ជាង​ផ្ទះ គឺ​តណ្ហា អ្នកធ្វើ ផ្ទះ​គឺ​អត្តភាព​ហើយ​អន្ទោល​ទៅកាន់​សង្សារ មាន​ជាតិ​មិន​តែមួយ​, ជាតិ​គឺ​ការកើត​រឿយៗ​រមែង​នាំមក​នូវ​សេចក្តី​ទុក្ខ​, នែ​ជាង​ផ្ទះ​គឺ​តណ្ហា ឥឡូវនេះ​យើង​បានឃើញ អ្នក​ច្បាស់​ហើយ​, អ្នកឯង​នឹងធ្វើ​នូវផ្ទះ គឺ​អត្តភាព​នេះ​ឲ្យ​យើង​ទៀត​ពុំបាន​ឡើយ​, ឆ្អឹងជំនីរ គឺ​កិលេស ទាំងអស់​របស់​អ្នកឯង យើង​បាន​បំបាក់​ចោល​ហើយ ទាំង​កំពូល​នៃ​ផ្ទះ គឺ​អវិជ្ជា​របស់​អ្នកឯង​ទៀតសោត យើង​ក៏បាន​បំបាត់ចោល​ហើយ​ដែរ​, ចិត្ត​របស់​យើង​បាន​ដល់​នូវ​ព្រះ​និព្វាន​ដែល មាន​សង្ខារ​ទៅ​ប្រាស​ហើយ​, យើង​បាន​ដល់​នូវ​ព្រះ​អរហត្ត គឺ​ការ​អស់​ទៅ​នៃ​តណ្ហា ទាំងឡាយ​ហើយ​»​។​

៣.​ក្រោយពី​បាន​បំពេញ​ពុទ្ធកិច្ច​ទាំង​៥ អស់​រយៈពេល​៤៥​វស្សា​មក (​ពុទ្ធកិច្ច​ទាំង​៥ មាន​កិច្ច​ពេលព្រឹក​ទ្រង់​និមន្ត​បិណ្ឌ​បាត្រ​, កិច្ច​ពេល​រសៀល​ទ្រង់​សម្តែង​នូវ​ព្រះ ដល់​ពុទ្ធបរិស័ទ​, កិច្ច​ក្នុង​បឋមយាម​ទ្រង់​ប្រទាន​ឱវាទ​ចំពោះ​ភិក្ខុសង្ឃ​, កិច្ច​ក្នុង ម​ជ្ឈឹ​មយាម ទ្រង់​ដោះប្រសនា​ដល់​ទេវតា​, កិច្ច​ក្នុង​ប​ច្ចិ​មយាម ទ្រង់​ប្រមើលមើល ឧបនិស្ស័យ​សត្វ​) ព្រះពុទ្ធ​ទ្រង់​ចូល​បរិ​ព្វា​ន ក្រោម​សាលព្រឹក្ស​ទាំង​គូ ដោយ អនុ​បា​ទិ សេស​និព្វាន​ក្នុង​នគរ​កុសិនារា​។​
​កាលនោះ​មុននឹង​ព្រះពុទ្ធ​ទ្រង់ បរិនិព្វាន ពួក​មល្ល​ក្សត្រ ទាំងឡាយ​បាន​កន្សែង​សោយ​សោកា តានតឹង ឱរា​លើកដៃ​ទាំងពីរ​ឡើង ពោ​បូ​បាច់​ដួល​ទៅលើ​ប្រថពី បម្រះននៀល ហាក់បីដូចជា​បាក់​ដៃជើង សោយ​សេចក្តី សោយ​ស្តាយ​ព្រះ​ជិនស្រី លោកា​ចា​រ្យ​ថា​៖ ព្រះ​មាន​ព្រះ​ភាគ​ជា​ម្ចាស់​ឆាប់ បរិនិព្វាន​ពេក​ណាស់ ព្រះ​សុគត​បរិនិព្វាន​ឆាប់​ពេក​ណាស់ ដួង​ចក្ខុ​ក្នុង លោក​អន្តរាយ​ដោយ​ឆាប់រហ័ស​ពេក ហើយ​។ លំដាប់​នោះឯង ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ហៅ ព្រះ​អ​ន្ទ​មក​ត្រាស់​ផ្តែរ​ផ្តាំ​បណ្តាំ ចុងក្រោយ​ថា​៖ «​យោ វោ អានន្ទ ម​យា ធ​ម្មោ ច វិ​ន​យោ ច ទេ​សិ​តោ ប​ញ្ញ​ត្តោ សោ វោ ម​ម​ច្ច​យេន ស​ត្ថា​»​។ ប្រែ​ថា «​ធម៌ និង​វិន័យ​ណា ដែល​តថាគត​បាន សម្តែង​ហើយ បាន​បញ្ញត្ត​ទុក​ហើយ​ដល់​អ្នក​ទាំងឡាយ ធម៌​និង​វិន័យ​នោះ នឹង​ជា​សាស្តា​នៃ​អ្នក ទាំងឡាយ​ក្នុង​កាល​អំណើះ​ពី តថាគត​ទៅ​»​។​

​ដោយហេតុ​ដ៏​អស្ចារ្យ​ទាំង​៣​ខាងលើនេះ សុទ្ធតែ​ចំ​ថ្ងៃ​១៥​កើត ពេញ​បូរ​មី ខែ​ពិសាខ នេះហើយ (​ថ្ងៃ​ប្រសូត ថ្ងៃ​ត្រាស់ដឹង និង​ថ្ងៃ​ចូល​បរិនិព្វាន​) ទើប​ពុទ្ធបរិស័ទ​នាំគ្នា​ប្រារព្ធ ពិធីបុណ្យ​ពិសាខបូជា​នេះ​ឡើង​។​
​តាម​ទំនៀម​ទំលាប់ ពិធីបុណ្យ​ពិសាខបូជា ប្រព្រឹត្តិ​ទៅ​នៅវេលា​យប់​ក្នុង​វត្ត​។ ដូចនេះហើយ​បាន ជា​គេ​ឃើញ​នៅ​គ្រប់​វត្ត​អារាម មាន​អុច​គ្រឿង ប្រទីបជ្វាលា​បូជា ភ្លឺ​ព្រោងព្រាត ហើយ​មហាជន​ប្រុស​ស្រី ក្មេង​ចាស់ ប្រកបដោយ​គ្រឿង​សក្ការៈ បូជា​មាន ផ្កា​ភ្ញី ទៀន ធូប​ជាដើម ទៅ​ប្រជុំ គ្នា​យ៉ាង​អ​ធឹ​ក​អាធម​។​

​នៅ​យប់នោះ​រហូតដល់​ភ្លឺ គេ​នាំគ្នា​ស្តាប់​ទេសនា​អំពី ពុទ្ធប្រវត្តិ​តាំងពីដើម​រហូតដល់​ចប់ ដើម្បី​ឲ្យ​មាន​បសាទ​សទ្ធា ចំពោះ​ព្រះ​រតនត្រ័យ កាន់តែខ្លាំង​ក្លា​ឡើង​។ ប៉ុន្តែ​បច្ចុប្បន្ន​ការសំដែង ធម្មទេសនា ពុំបាន​បន្តរ​ដល់​ភ្លឺ​ទៀតឡើយ​។​
​តាម​ការស្រាវជ្រាវ​គេ​បានដឹងថា បុណ្យពិសាខបូជា​ទំនងជា​ធ្វើ​ក្រោយ ព្រះពុទ្ធ​បរិនិព្វាន ច្រើន​រយ​ឆ្នាំ​។ គេ​ថា​ប្រទេស​ឥណ្ឌា និង​ប្រទេស​សិរី​លង្កា​បាន ប្រារព្ធ​ពិធីបុណ្យ​នេះ យូរយារ​ណាស់​មកហើយ​។ ចំណែក​ប្រទេស​ថៃ និង​ប្រទេស​ខ្មែរ​យើង ទើបតែ​ចាត់ចែង​ធ្វើ​នៅ​គ្រឹ​ស្ត​សតវត្ស​ទី​១៩​នេះ​៕

ចំនួនអ្នកទស្សនា

    19585537

  • ថ្ងៃនេះ1761
  • ម្សិលមិញ4091
  • សប្តាហ៍នេះ1761
  • ខែនេះ21831
  • ឆ្នាំនេះ358091
  • សរុប19585537