ខេត្តពោធិ៍សាត់ ៖ ក្នុងឱកាសបុណ្យវិសាខបូជារបស់ពុទ្ធសាសនានៃយើង ដែលព្រះសង្ឃ និងពុទ្ធបរិស័ទ បានប្រារព្វធ្វើទូទាំងប្រទេស នៅគ្រប់វត្តអារាមនេះ ដោយឡែកនៅវត្តហ្លួង ក្នុងសង្កាត់លលកស ក្រុងពោធិ៍សាត់ ក្រោមការដឹកនាំរបស់ព្រះគ្រូ ខាត់ ខេមរា ជាព្រះចៅអធិការ បានធ្វើពិធីបំបួសកុលបុត្រចំនួន២៥៦អង្គ និងបានសិតព្រះពុទ្ធរូប ធ្វើអំពីលោហធាតុ មានស្ពាន់ ប្រាក់ និងមាស លាយបញ្ចូលគ្នា មានទម្ងន់២,៥៦០គីឡូក្រាម សម្រាប់តម្កល់ទុក ក្នុងទីអារាមនោះផងដែរ ។
ពិធីនេះបានប្រារព្វធ្វើយ៉ាងអធិកអធមរយៈពេល៣ថ្ងៃ ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦ ដោយមានការចូលរួមពីលោកឧកញ៉ាទ្រី ភាព ទីប្រឹក្សាផ្ទាល់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោកខូយ សុខា ប្រធានក្រុមប្រឹក្សាខេត្ត និងលោកម៉ក់ រ៉ា អភិបាលរង នៃគណៈអភិបាលខេត្ត ព្រមទាំងលោកឧកញ៉ា លោកជំទាវ ថ្នាក់ដឹកនាំក្នុងខេត្ត និងសប្បុរសជនជាច្រើនទៀត ។
ក្រៅពីបុណ្យវិសាខបូជា និងបំបួសនាគ២៥៦អង្គ ថ្ងៃនេះនៅវត្តហ្លួង ក៍មានកសាងព្រះពុទ្ធរូបមួយអង្គធ្វើអំពីលោហធាតុ ទម្ងន់ជាង២តោនកន្លះ ហើយឧកញ៉ាទ្រី ភាព និងក្រុមគ្រួសារ ក៍បានបរិច្ចាគមាសសុទ្ធទម្ងន់០៥តម្លឹង ចូលរួមក្នុងការកសាងព្រះពុទ្ធរូបនេះដែរ