ភ្នំពេញ៖ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលបានប្រព្រឹត្តទៅអស់រយៈពេលមួយព្រឹកពេញនាថ្ងៃអង្គារទី២៤ឧសភា ក្រោមព្រះរាជាធិបតីភាព ព្រះករុណា ព្រះបាទនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នាទីលានជល់ដំរី ក្រុងអង្គរធំ ខេត្តសៀមរាប បានទទួលលទ្ធផលគួរជាការកត់សម្គាល់យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ កម្ពុជា ជាពិសេសប្រជាកសិករ ព្រោះឆ្នាំនេះ គេសង្កេតឃើញគោឧសភរាជ បានបរិភោគស្រូវ ពោត និងសណ្ដែក ច្រើនជាងគេ ក្នុងចំណោមអាហារទាំង៧មុខដែលនេះត្រូវបានចាត់ទុកថា ជាប្រផ្នូលល្អសម្រាប់របរកសិកម្ម។
បន្ទាប់ពីពិធី ភ្ជួរនៅវាលព្រះស្រែ និងការបន់ផ្សងរបស់ព្រាហ្មណ៍បុរោហិតរួចរាល់ គេក៏បានលែងគោឧសភរាជឲ្យបរិភោគអាហារ៧មុខ ដែលរួមមានស្រូវ ពោត សណ្ដែក ល្ង ស្មៅ ទឹក និងស្រា។ ពេលនោះគោឧសភរាជ បានបរិភោគស្រូវ៩០% ពោត៩០% និងសណ្ដែក៩៥% ដែលនេះតាមទំនាយហោបានបញ្ជាក់ថាជាប្រផ្នូលល្អដល់ការប្រកបរបរ កសិកម្មរបស់ប្រជាកសិករខ្មែរនារដូវវស្សានេះ ជាពិសេសគឺដំណាំទាំង៣មុខនេះ នឹងទទួលបានទន្និផលយ៉ាងច្រើន៕