ភ្នំពេញ ៖ ឯកឧត្ដម ហ៊ុន ម៉ាណែត ចាត់ទុកថា រាជរដ្ឋាភិបាលកម្ពុជាប្រៀបដូចជាឪពុកម្ដាយដែលខិតខំធ្វើអ្វីៗដើម្បី ប្រជាពលរដ្ឋរស់នៅបានសុខនិងមានជីវភាពធូរធារ។ក្នុងពិធីបញ្ចុះខណ្ឌសីមានិង សម្ពោធសមិទ្ធផលនានាក្នុងវត្តគីរីសោភ័ណ្ឌ ស្ថិតនៅ ឃុំកាត់ភ្លុក ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺនៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០១៦ ឯកឧត្ដម ហ៊ុន ម៉ាណែត តំណាងរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលធ្វើអ្វីៗដើម្បីប្រជាជនឲ្យរស់នៅបានសុខនិងមានជីវ ភាពនៅធូធារ និងការអភិវឌ្ឍព្រោះថារាជរដ្ឋាភិបាលប្រៀបដូចជាឪពុកម្ដាយចិញ្ចឹម កូនចៅនៅក្នុងគ្រួសារមួយ។
ឯកឧត្ដម បន្តថា គ្មានឪពុកម្ដាយណា មិនស្រឡាញ់កូនចៅខ្លួននោះទេ គឺយកចិត្តទុកដាក់ចិញ្ចឹមបីបាច់ថែរក្សាកូនចៅរបស់ខ្លួន។ ឯកឧត្ដមក៏បានផ្ដល់ដំបូន្មានល្អៗនិងលើកទឹកចិត្តឲ្យសិស្សានុសិស្ស យុវជនខិតខំធ្វើខ្លួនជាយុវជនគំរូ ធ្វើជាកូនល្អ និងខិតខំរៀនសូត្រដើម្បីអនាគត។
ឯកឧត្ដម ហ៊ុន ម៉ាណែត បាន ប្រគេនថវិកាដល់ព្រះចៅអធិការវត្តដីគីរីសោភ័ណ្ឌ និងបានប្រគល់អំណោយមួយចំនួនដល់យាយជី តាជី លោកគ្រួ អ្នកគ្រូ សិស្សានុសិស្ស យុវជន កងកម្លាំងប្រដាប់អាវុធ និងបានកាត់ឬសសីមាសម្ពោធឆ្លងព្រះវិហារថ្មីនិងសម្ពោធសមិទ្ធផល នានានៅក្នុងទីអារាមនេះចាប់ពីពេលនេះតទៅ។
ឯកឧត្ដម យឹម សុខុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ បានលើកឡើងពី ប្រទេសជាតិទាំងមូលនិយាយជារួមនិងនិយាយដោយឡែកស្រុកបរសេដ្ឋបានទទួល នូវសមិទ្ធផលជាច្រើនក្នុងនោះសមិទ្ធផលដែលមិនអាចកាត់ថ្លៃបានគឺសុខ សន្តិភាព និងស្ថិរភាពដែលធ្វើឱ្យប្រជាពលរដ្ឋរស់នៅមានសេចក្តីសុខនិងជីវភាព រស់នៅធូធារ ព្រោះបើគិតពីប្រាក់ចំណូលដែលប្រជាពលរដ្ឋកម្មករ កម្មការនីប្រមាណ១២ម៉ឺននាក់ ទទួលបាននៅក្នុងមួយខែគឺមានទឹកប្រាក់ចំនួន២០លានដុល្លារ ដែលទាំងអស់នេះគឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការបង្កើនកំរិត ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ៕