ខេត្តពោធិ៍សាត់ ៖ លោកសង្ឃក្លែងក្លាយមួយអង្គ ត្រូវបានមន្ទីរធម្មការ និងសាសនា សហការជាមួយសមត្ថកិច្ច ធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី២២ មិថុនា ២០១៦ ស្ថិតនៅលើកំពូលភ្នំទំព័រ ឃុំប្រមោយ ស្រុកវាលវែង ហើយត្រូវបញ្ជូនមកកាន់វត្តសូរិយា សង្កាត់រលាប ក្រុងពោធិ៍សាត់ ដើម្បីចាប់ផ្សឹកវិញ ព្រោះត្រូវបានរកឃើញថា បួសដោយគ្មានច្បាប់ត្រឹមត្រូវ ដែលសង្ឃក្លែងក្លាយនេះ ឈ្មោះសាន់ ប៉ាក់ អាយុ៧៩ឆ្នាំ បានមកស្នាក់នៅលើកំពូលភ្នំទំព័រស្រុកវាលវែងនេះជាង១០ឆ្នាំមក ហើយ ក្រោមស្លាក (ស្វែងរកព្រះធម៌ទ្រង់ញាណ) ។
សមត្ថកិច្ចបានឱ្យដឹងថា ពេលកម្លាំងចុះទៅដល់ទីនោះ ឃើញលក្ខណៈដូចជាដីចំការ មានរបងឈើព័ទ្ធជុំវិញ មានព្រៃជុំជិត
និង ដំណាំស្វាយ ខ្នុរ ក្រូចមួយចំនួនទៀត ។ នៅលើក្លោងទ្វារ មានសរសេរអក្សរដាក់ថា (ហាមចូលកន្លែងស្វែងរកព្រះធម៌ទ្រង់ញាណ)។
លុះពេលឃើញសមត្ថកិច្ច មានមនុស្សស្រីម្នាក់ស្លៀក.សពាក់.សដើរមកប្រាប់ថា សម្ដេចព្រះគ្រូមិននៅទេ និមន្តទៅសំណាក់ធម៌លើកំពូលភ្នំហើយ ។ សមត្ថកិច្ចឱ្យបើកសោទ្វារបងដើរចូលទៅឃើញមានមនុស្សប្រុសស្រី៤ នាក់ ស្លៀក.ស ពាក់.សដូចគ្នា ហើយប្រើភាសាធម៌ស្ដាប់មិនសូវបានទេ ។ នៅទីនោះ មានរោងស្នាក់នៅចំនួន៥ ដោយមានដាក់តាំងរូបព្រះពុទ្ធ ។ សមត្ថកិច្ចបានឱ្យជូនទៅតាមរក ហើយបានឃាត់ខ្លួននាំមកកាន់វត្តសូរិយា សង្កាត់រលាប ដើម្បីឱ្យយមន្ត្រីមន្ទីរធម្មការ និងសាសនា និងមេគណៈខេត្តត្រួតពិនិត្យមើល ។
នៅពេលសួរនាំ និងត្រួតពិនិត្យមើលទៅគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវនោះ ព្រះតេជគុណ យ៉ែម ហន ព្រះមេគណខេត្តពោធិ៍សាត់បានកោះហៅមន្ត្រីសង្ឃប្រជុំដោះស្បង់ចីវរ ចាប់ផ្សឹក រួចហើយប្រគល់ទៅឱ្យសមត្ថកិច្ច កាលពីរសៀលថ្ងៃទី២៤ មិថុនា តែម្ដង។ ចំណែកវត្ថុតាងរឹបអូសមានប្រអប់ដាក់ក្រមួនមួយប្រអប់, ទូរស័ព្ទណូគាមួយគ្រឿង, លុយដុល្លារ៥៦១ដុល្លារ, លុយរៀល៩៥,១ ០០០រៀល និងសម្ភារមួយចំនួនទៀត ។
នៅចំពោះមុខសមត្ថកិច្ច សង្ឃក្លែងក្លាយ សាន់ ប៉ាក់ រូបនោះ បានសារភាពថា ខ្លួនបួសស្លៀកពាក់ស្បង់ចីវរដោយខ្លួនតាំងពីឆ្នាំ១៩៨០មកម្ល៉េះ ហើយមកស្នាក់នៅសំណាក់ធម៌លើភ្នំទំព័រ ឃុំប្រមោយ ស្រុកវាលវែងនេះ អស់រយៈពេលជាង១០ឆ្នាំមកហើយ ។
មន្ត្រីមន្ទីរធម្មការ និងសាសនាខេត្តពោធិ៍សាត់ ក៏បានប្រាប់កោះសន្តិភាពឱ្យដឹងថា សង្ឃក្លែងក្លាយ សាន់ ប៉ាក់ នេះ ត្រូវមន្ទីរបានហៅមកសួរនាំប៉ុន្មានលើកមកហើយ តែសង្ឃក្លែងក្លាយរូបនេះ មិនព្រមចូលខ្លួនមកដោះស្រាយទេ ថែមទាំងមានការប៉ះទង្គិចពាក្យសម្តីគ្នាទៀតផង ។ ដោយសារសង្ឃក្លែងក្លាយរូបនេះ នៅតែក្រាញននៀលមិនព្រមមកដោះស្រាយនោះ ទើបមន្ទីរធម្មការ និងសាសនា សហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចដាក់កម្លាំងមកអូសយកតែម្ដង ។
ជនសង្ស័យសាន់ ប៉ាក់ បានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសួរនាំបន្ថែមរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការបន្ត ។