រាជធានីភ្នំពេញ ៖ តារាចម្រៀងនាង វ៉ាន់ នីឡា បានចេញទៅសម្តែងនៅប្រទេសអូស្ត្រាលីជាលើកដំបូង កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦ ដោយបានប្រគល់រឿងក្តីទាក់ទិនការបង្ហោះរូបអាក្រាតរបស់នាងឲ្យ មេធាវីជាអ្នកចាត់ចែង ។
ដំណើរចេញទៅប្រទេសអូស្ត្រាលីរបស់ វ៉ាន់ នីឡា នេះ គឺជាលើកទីមួយហើយសម្រាប់នាងក្នុងអាជីពសិល្បៈ ខណៈពេលដែលគម្រោងទៅសម្តែងនេះមានតាំងពីនាងមិនទាន់មានរឿងអាស្រូវ មកម្ល៉េះ ។
មុនចេញដំណើរ វ៉ាន់ នីឡា ឲ្យដឹងថា ការចេញដំណើររបស់នាងនៅពេលនេះ គឺបន្ទាប់ពីទទួលបានការអនុញ្ញាតពីមេធាវី ខណៈដែលពេលវេលាត្រឡប់មកវិញមិនទាន់ត្រូវបានកំណត់ ។ ក្រោយការជជែកគ្នាយ៉ាងលម្អិត មេធាវីរបស់នាងបានសម្រេចឲ្យនាងធ្វើដំណើរទៅសម្ដែងនៅប្រទេស អូស្ត្រាលី ឆ្លើយតបតាមការស្នើសុំ និងការធានារបស់សមាគមខ្មែរនៅក្នុងទីនោះ ។
ពាក់ព័ន្ធទៅនឹងដំណើរការរឿងក្តីនោះ វ៉ាន់ នីឡា អះអាងថា មុននឹងចេញទៅសម្តែងក្នុងប្រទេសអូស្ត្រាលី នាងបានប្រគល់ភស្ដុតាង និងឯកសារពាក់ព័ន្ធមួយចំនួនទៀត ប្រគល់សិទ្ធិឲ្យមេធាវីបំពេញកិច្ចការជំនួស ។
បើតាម វ៉ាន់ នីឡា គម្រោងនៃការសម្ដែងនៅប្រទេសអូស្ត្រាលី គឺមានរយៈពេលមួយខែ ដោយចាប់ពីយប់ថ្ងៃទី៩ ខែកក្កដា ក្នុងនោះក៏មានតារាមួយចំនួនទៀតដែលរួមដំណើរជាមួយនាងផងដែររួម មានលោក អាន គុណកូឡា លោកអេឡិច ចន្ត្រា, កញ្ញា អេមី និងកញ្ញា ធីតា ជាដើម ។
ការចេញទៅសម្តែងនៅប្រទេសអូស្ត្រាលីរបស់ វ៉ាន់ នីឡា នាពេលនេះ គឺអាចជាការបន្ធូរភាពតានតឹងមួយរយៈពេលផងដែរ បន្ទាប់ពីនាងជួបរឿងអាស្រូវស្ទើរមិនអាចងើបមុខរួចនោះ ។
ការសម្តែងជាលើកដំបូងនៅបរទេសរបស់ វ៉ាន់ នីឡា នេះមានការរំពឹងទុកថា នឹងទទួលបានជោគជ័យ ដោយសារតាមដំណឹងថា សំបុត្រចូលទស្សនាត្រូវទស្សនិកជនទិញអស់ហើយ ដោយទំនងជាពួកគេចង់ឃើញតារារូបនេះដោយផ្ទាល់ បន្ទាប់ពីផ្ទុះរឿងអាស្រូវបែកធ្លាយរូបអាក្រាតនោះ ៕