កំពង់ចាម៖ នៅព្រឹកថ្ងៃទី១៦ ខែកក្កដាឆ្នាំ ២០១៦ ឯកឧត្តមខៀវ កាញារីទ្ធរដ្ឋមន្ត្រីក្រសួងពត៌មាន និងលោកជំទាវ ឯក ឧត្តមជឹម លាវ អភិបាលរងខេត្ត និងលោកជំទាវ លោកផេន សុផល អភិបាលស្រុកកោះសូទិន និងប្រតិភូអមដំណើរ ទាំងអស់បានអញ្ជើញប្រគេនទៀនព្រះវស្សា ប្រេងម៉ាហ្សូត ទេយ្យវត្ថុ គ្រឿងឧបភោគបរិភោគនិងបច្ច័យដល់ព្រះសង្ឃចំនួន 27វត្តក្នុងស្រុកកោះសូទិន និងឆ្លៀតឱកាសនេះដែរឯកឧត្តមនឹងលោកជំទាវ បានអញ្ជើញដាំកូនឈើជានិមិត្តរូបនៅបរិវេណវត្តមហាលាភឃុំមហាលាភ ស្រុកកោះសូទិន ផងដែរ ។
នាឱកាសនោះ២០១៦ ឯកឧត្តមខៀវ កាញារីទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ថា លោក កែម ឡី ដែលត្រូវគេបាញ់សម្លាប់កាលពីថ្ងៃទី១០ កក្កដា កន្លងទៅនេះ ធ្លាប់មានគម្រោងជួបជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុន្តែជាអកុសល អ្នកវិភាគព្រឹត្តិការសង្គមដ៏ល្បីរូបនេះ ត្រូវគេធ្វើឃាតមុនការណាត់មកដល់។ នេះបើតាមការឱ្យដឹងពីឯកឧត្តម អ៊ុក គឹមសេង អនុរដ្ឋលេខា ធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ដែលបានប្រាប់វិទ្យុស្ត្រីនៅព្រឹកថ្ងៃទី១៦ កក្តដានេះ។
យ៉ាងណាឯកឧត្តម អ៊ុក គឹមសេង មិនទាន់អាចប្រាប់ពីមូលហេតុ និងបំណងដែលលោក កែម ឡី ចង់ជួបសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននៅឡើយនោះទេ ព្រោះឯកឧត្តម ខៀវ កាញារីទ្ធ ដែលបានបង្ហើបរឿងនេះកំពុងជាប់រវល់ធ្វើបុណ្យ។
សូមជម្រាបថា លោក កែម ឡី អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម ត្រូវបានខ្មាន់កាំភ្លើងបាញ់បណ្តាលឱ្យស្លាប់ភ្លាមនៅនឹងកន្លែង នៅ ក្នុងស្តារម៉ាតស្ថាននីយឥន្ធនៈកាល់តិច ខណៈដែលលោកកំពុងអង្គុយទទួលទានកាហ្វេ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង ៩ព្រឹក។ សពលោកកែម ឡី កំពុងតម្កល់នៅវត្តពោធិ៍យារាម ហៅវត្តចាស់ ដើម្បីឱ្យសាធារណៈជនបានមកគោរពវិញ្ញាណក្ខន្ធ។
នៅថ្ងៃទី១៦ កក្កដានេះ គឺជាថ្ងៃបុណ្យគម្រប់ខួប ៧ ថ្ងៃរបស់លោក កែម ឡី នៅថ្ងៃនេះដែរ នៅឯវត្តចាស់ មានរៀបចំកម្មវិធីរាប់បាត្រព្រះសង្ឃចំនួន ៥០០អង្គ។ ក្រៅពីក្រុមគ្រួសារ និងសាច់ញាតិសព ប្រជាពលរដ្ឋរាប់រយនាក់ បានទៅវត្តចាស់ដើម្បីរាប់បាត្រដើម្បីឧទ្ទិសកុសលផលបុណ្យជូនសពលោក កែម ឡី ផងដែរ៕