ភ្នំពេញ៖ព្រះតេជគុណប៊ុត ប៊ុនតិញ ដែលបានដឹកនាំធ្វើបុណ្យសពលោកបណ្ឌិត កែម ឡី រហូតដល់នាំអោយមានការចោទប្រកាន់ថាព្រះអង្គកាងពិធីបុណ្យសពនេះនោះ ត្រូវបានសារព័ត៌មានក្នុងស្រុកមួយរាយការណ៍ថាពេលនេះព្រះអង្គបាន និមន្តទៅដល់បរទេសថៃដើម្បីពិនិត្យសុខភាពនិងដើម្បីគេចខ្លួនមួយរយៈ បន្ទាប់សង្ឃអង្គនេះបានប្រកាសប្រាប់សារព័ត៌មានថាមានគេតាមរក។
ព្រះតេជគុណ ប៊ុត ប៊ុនតិញប្រាប់សារព័ត៌មានក្នុងស្រុកនៅព្រឹកថ្ងៃនេះថាព្រះអង្គ កំពុងស្នាក់នៅក្នុងមន្ទីរពេទ្យមួយក្នុងប្រទេសថៃ ដើម្បីព្យាបាលសុខភាព ក្រោយពីមានការនឿយហត់ ពីការរៀបចំពិធីបុណ្យសពលោក បណ្ឌិត កែម ឡីនិងជាការទៅតាមការណាត់ជួបពីក្រុមគ្រូពេទ្យ នៅប្រទេសថៃនោះ។ ប៉ុន្ដែព្រះអង្គថា ការភៀសព្រះកាយនេះក៏ដើម្បីបញ្ចៀសការរំខានរបស់មនុស្សមួយចំនួនដែល តាមសាកសួរព្រះអង្គនៅកន្លែងធ្វើការនៅប្រទេសកម្ពុជា ប៉ុន្ដែព្រះមិនបានបញ្ជាក់ថាជាសមត្ថកិច្ចឬជាជនស៊ីវិលនោះទេ។
ទោះជាយ៉ាងនេះក្តី ព្រះអង្គអះអាងថា នឹងវិលត្រឡប់មកកាន់ស្រុកកំណើត។
មុនពេលចាកចេញពីកម្ពុជា ព្រះតេជគុណ ប៊ុត ប៊ុនតិញអះអាងថាព្រះអង្គបានទទួលទូរស័ព្ទពីជនមិនស្គាល់អត្តសញ្ញាណ ម្នាក់នៅថ្ងៃទី២៦ខែកក្កដានេះ ដោយអះអាងថារូបគេជានគរបាល ហើយប្រាប់ព្រះអង្គថាមានសមត្ថកិច្ចកំពុងតាមរកព្រះអង្គប៉ុន្តែមិន បានបញ្ជាក់ពីមូលហេតុអ្វីទេរួចបិទទូរសព្ទវិញ។
ក្នុងពេល ជាមួយគ្នា និស្សិតក្រីក្រពីរនាក់បងប្អូនដែលជាសកម្មជនការពារបរិស្ថានតំបន់អា រ៉ែង និងវារីអគ្គិសនីដនសាហុងនិងជាមនុស្សស្និទ្ធស្នាលនឹងលោកបណ្ឌិត កែម ឡី ឈ្មោះ លោក ជុំ ហួត និងលោក ជុំ ហួរ បានទទួលឋានៈជាជនភៀសខ្លួនពីអង្គការសហប្រជាជាតិ (អ.ស.ប) ទទួលបន្ទុកជនភៀសខ្លួន (UNHCR) ទៅរស់នៅប្រទេសទីបីហើយ ក្រោយពីមានការជួយជ្រោមជ្រែងរបស់អង្គការសភាអន្តរជាតិ (IKARE) មានមូលដ្ឋានក្នុងសហរដ្ឋអាមេរិក។នេះបើតាមប្រធានIKARE ប្រាប់វិទ្យុក្នុងស្រុកមួយតាមទូរស័ព្ទកាលពីថ្ងៃពុធ ទី២៧ ខែកក្កដា។
យុវជន ជុំ ហួរ និង ជុំ ហួត ជាសាក្សីរស់ដែលបានជួបជាមួយលោកបណ្ឌិត កែម ឡី មួយថ្ងៃមុនខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី១០ ខែកក្កដា ទាំងកណ្ដាលថ្ងៃត្រង់ក្នុងទីក្រុងភ្នំពេញ៕