ខេត្តព្រៃវែង ៖ ពុទ្ធបរិស័ទចំណុះជើងវត្តសាលព្រឹក្ស ហៅវត្តបឹងផ្សោត បាននាំគ្នាផ្ទុះប្រតិកម្មថា ចៅអធិការវត្តបឹងផ្សោតបានធ្វើឲ្យប៉ះពាល់ដល់វិស័យព្រះពុទ្ធសាសនាជាខ្លាំង ហើយបាននាំគ្នាដាក់ពាក្យបណ្ដឹងទៅធម្មការស្រុក និងព្រះអនុគណស្រុកពាមរក៍ ដោយចោទប្រកាន់ថាបានអនុញ្ញាតឲ្យមនុស្សស្រីម្នាក់ទៅរស់នៅជាមួយគ្នាក្នុងព្រះវិហារជាង៣ឆ្នាំមកហើយ ហើយមនុស្សស្រីនោះបានរៀបចំគ្រឿងអាសនៈរបស់ខ្លួននៅខាងមុខបាល្ល័ង្កព្រះ ដោយមានគ្រឿងដង្វាយសែនបូជាគ្រូ២៤ម៉ោងលើ២៤ម៉ោង ព្រមទាំងធ្វើពិធីចូលរូប និងពិធីផ្សេងៗជាច្រើនទៀតនៅពេលមានមនុស្សទៅពឹងពាក់ក្នុងរូបភាពជាអាជីវកម្ម ។
ក្រោយទទួលបានពាក្យបណ្តឹងនេះ មន្ត្រីធម្មការស្រុកពាមរក៍ និងព្រះវិន័យធរស្រុកបាននាំគ្នាចុះទៅពិនិត្យមើលផ្ទាល់ដល់ក្នុងវត្តបឹងផ្សោត ហើយក៏បានឃើញដូចដែលអ្នកស្រុកបានប្តឹងមែន ទើបកោះហៅចៅអធិការវត្តព្រះនាម ជា សុភាព មកសួរនាំនៅវត្តស្ទឹងស្លូត ដែលជាវត្តព្រះអនុគណស្រុក កាលពីថ្ងៃទី២៦ ខែកក្កដា ២០១៦ ។
ក្នុងពេលឆ្លើយបំភ្លឺនោះ ព្រះតេជគុណ ជា សុភាព បានអះអាងថា មនុស្សស្រីម្នាក់នោះឈ្មោះ កែវ ចាន់តារា អាយុ៣៦ឆ្នាំ គឺជារូបស្នងបារមី ដែលគេបញ្ជូនមកដើម្បីជួយឲ្យវត្តរីកចម្រើន ពិសេសគឺជួយរកបច្ច័យកសាងសាលាឆាន់ថ្មី ។ ចំណែករឿងទៅរស់នៅដេកពួននៅក្នុងព្រះវិហារនោះ គឺដោយសារតែគ្មានកន្លែងស្នាក់នៅ ពីដំបូងឲ្យដេកនៅក្នុងសាលាឆាន់ចាស់ យប់ឡើងចេះតែមានអ្នកលួចគប់ដុំថ្មដាក់ ដោយបារម្ភពីសុវត្ថិភាពទើបលោកអនុញ្ញាតឲ្យចូលដេកក្នុងព្រះវិហារ ។ ចំណែករូបព្រះអង្គផ្ទាល់ដែលចូលទៅសឹងក្នុងព្រះវិហារដែរនោះ គឺដោយសារតែមានគេលួចដុតកុដឆេះអស់កាលពី៣ឆ្នាំមុន ដោយគ្មានកន្លែងសឹង ទើបចូលទៅសឹងក្នុងព្រះវិហារដែរ តែសឹងជាប់បល្ល័ង្កព្រះ ឯមនុស្សស្រីដែលជារូបស្នងបារមីនោះ ដេកនៅខាងមុខព្រះ ។
ទោះជាមានហេតុផលយ៉ាងណាក្តី តែការប្រព្រឹត្តបែបនេះគឺវាខុសទៅនឹងក្រឹតក្រម និងវិន័យរបស់ព្រះពុទ្ធសាសនា ដូច្នេះហើយទើបគណសង្ឃស្រុក ព្រមទាំងព្រះមេគណខេត្ត បានសម្រេចដាក់ចេញនូវលក្ខក្ខន្ធ៤ចំណុច តម្រូវឲ្យព្រះតេជគុណ ជា សុភាព ចៅអធិការវត្តបឹងផ្សោត គោរព និងធ្វើតាម ទី១-គឺមិនត្រូវឲ្យស្រីក្មេងមករស់នៅក្នុងវត្តជាដាច់ខាត តែអាចឲ្យមកធ្វើបុណ្យបាននៅពេលថ្ងៃ, ទី២-មិនត្រូវរៀបចំសែនផ្លែឈើថ្វាយព្រះពុទ្ធរូប២៤ម៉ោងលើ២៤ម៉ោងជាដាច់ខាត, ទី៣-ចៅអធិការមិនត្រូវសឹង ឬស្នាក់នៅក្នុងព្រះវិហារ ដោយគ្មានសាមណេរនៅជាមួយឡើយ និងទី៤-រៀងរាល់ថ្ងៃសីល ចៅអធិការអង្គនេះមិនត្រូវកាន់មេក្រូនិយាយអ្វីធ្វើឲ្យរង្កៀសដល់ពុទ្ធបរិស័ទឡើយ ប៉ុន្តែអាចនិយាយធម៌ ណែនាំពុទ្ធបរិស័ទបាន ។
ទោះជាយ៉ាងណាក៏ដោយ លក្ខក្ខន្ធទាំង៤ចំណុចនេះត្រូវបានព្រះតេជគណ ជា សុភាព បដិសេធមិនអនុវត្តតាមឡើយ ដោយអះអាងថា ជាការធ្វើបាបលោកទៅវិញ ជាពិសេសគឺរឿងឲ្យដេញស្ត្រីដែលជារូបស្នងបារមីនោះ លោកមិនព្រមជាដាច់ខាត ព្រោះខាងបារមីគេមិនព្រម ។
ប្រភពព័ត៌មានពីមន្ត្រីធម្មការ បានបញ្ជាក់ឲ្យដឹងថា ដោយសារចៅអធិការវត្តរូបនេះមិនព្រមអនុវត្តតាមការណែនាំរបស់ព្រះមេគណខេត្ត ទើបនៅរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦ ធម្មការខេត្ត និងគណសង្ឃខេត្ត បានសម្រេចកោះហៅចៅអធិការវត្ត ជា សុភាព ទៅកាន់វត្តសុវណ្ណរង្សី នៅក្រុងព្រៃវែង ហើយបង្ខំធ្វើពិធីផ្សឹកនៅរសៀលនោះតែម្តង ។ ក្រោយពីត្រូវចាប់ផ្សឹកហើយភ្លាម អន្ទិត ជា សុភាព ក៏បានធ្វើដំណើរទៅភ្នំពេញភ្លាម ហើយនៅឯក្នុងវត្តសាលព្រឹក្ស ហៅវត្តបឹងផ្សោតឯណោះវិញ ក៏មានបាតុភាពកើតឡើងភ្លាមដែរ គឺស្ត្រីជារូបស្នងក៏បានរើបង្វិចចាកចេញពីវត្តភ្លាមដែរ ៕