ព្រះសង្ឃមួយអង្គ ព្រះនាម នី សុវណ្ណមុនីរ៉េត ដែលកំពុងគង់នៅវត្តនាគវ័ន បានសន្យាថានឹងផ្ដល់ Laptop ម្នាក់មួយគ្រឿងដល់សិស្សបាក់ឌុបទទួលបានលំដាប់ពិន្ទុខ្ពស់ជាងគេ ១០នាក់ក្នុងការប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៦ នៅខេត្តស្វាយរៀង។ ព្រះអង្គ នី សុវណ្ណារ៉េត បានមានសង្ឃដីកាថា ដោយសារព្រះអង្គមានមានដើមកំណើតមកពីខេត្តស្វាយរៀង ទើបចង់ផ្ដល់រង្វាន់ឲ្យសិស្សប្រលងថ្នាក់ទី១២ នៅក្នុងខេត្តនេះ ដើម្បីលើកទឹកចិត្តឲ្យពួកគេខិតខំរៀនសូត្របន្ត។ លើសពីនេះ ព្រះអង្គបានបន្តទៀតថា ប្រសិនបើពួកគេគ្មានកន្លែងស្នាក់នៅពេលមករៀននៅភ្នំពេញ ព្រះអង្គនឹងស្វះស្វែងរកកន្លែងស្នាក់នៅជូនពួកគេ។
រង្វាន់កុំព្យូទ័រ Laptopថ្មីទាំង ១០គ្រឿង គឺសម្រាប់ផ្ដល់ឲ្យសិស្សជាប់បាក់ឌុប ដែលមានលំដាប់ពិន្ទុខ្ពស់ជាងគេទាំង ១០នាក់ក្នុងខេត្តស្វាយរៀង ដោយមិនគិតពីនិទ្ទេសឡើយ។ បន្ទាប់ពីប្រកាសលទ្ធផល ព្រះអង្គ នី សុវណ្ណារ៉េត នឹងទាក់ទងទៅប្រធានមន្ទីរអប់រំខេត្តស្វាយរៀង ឬសិស្សដែលដឹងថាខ្លួនបានទទួលលំដាប់ពិន្ទុខ្ពស់ជាងគេក្នុងចំណោម ១០នាក់ អាចទាក់ទងមកកុដិលេខ២៤ វត្តនាគវ័ន រាជធានីភ្នំពេញដោយផ្ទាល់ក៏បាន។
ការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា ឆ្នាំ២០១៦ នឹងប្រព្រឹត្តទៅ ២ថ្ងៃ គឺថ្ងៃទី ២២ និង ២៣សីហា ដោយមានបេក្ខជនប្រលងសរុបចំនួន ៩៣ ៧៥២ នាក់។ ចំណែកមណ្ឌលប្រលងមានចំនួន ១៥៧មណ្ឌល ចែកចេញជា ៣ ៧៨១បន្ទប់ នៅរាជធានី ខេត្តទាំង២៥ នៃព្រះរាជាណាចក្រកម្ពុជា៕