ខេត្តស្វាយរៀង ៖ លោកស៊ុំ សុជាតិ អភិបាលរងខេត្តបានដឹកនាំប្រតិភូ ធ្វើការចុះសម្របសម្រួលដោះស្រាយរឿងព្រះបាឡាត់គណខេត្ត មុំ សយ បញ្ជាឱ្យមន្ត្រីសង្ឃ អាជ្ញាធរ និងកម្លាំងប្រដាប់អាវុធ ទៅចាប់ព្រះចៅអធិការវត្តអង្គប្ញស្សី ព្រះនាម ភ្លុក សុខខឿន
និងចាប់ជម្លៀសព្រះសង្ឃចេញពីវត្ត ហើយបិទវត្តអង្គប្ញស្សីមិនបានសម្រេច ធ្វើឱ្យប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត នាំគ្នាទៅតវ៉ាសុំឲ្យលោកអភិបាលខេត្តរកយុត្តិធម៌ ត្រូវបានដោះស្រាយបញ្ចប់ទាំងមិនអស់មន្ទិល ។
អាជ្ញាធរខេត្តចុះដោះស្រាយ ធ្វើឡើងកាលពីរវេលាម៉ោង០២ និង៣០នាទីរសៀល រហូតដល់ម៉ោងជិត០៥ល្ងាចថ្ងៃទី២៩ សីហា២០១៦ ស្ថិតនៅវត្តអង្គប្ញស្សី ក្នុងភូមិអង្គប្ញស្សី ឃុំស្វាយធំ ស្រុកស្វាយជ្រំ ដោយមានការចូលរួមពីលោកប្រធានមន្ទីរធម្មការ និងសាសនាខេត្ត ស្រុក អភិបាលរងស្រុក ព្រមទាំងគណៈកម្មាការ អាចារ្យវត្ត ប្រជាពុទ្ធបរិស័ទជិត២០០នាក់ ។
លោកស៊ុំ សុជាតិ អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកអភិបាលខេត្ត បានមានប្រសាសន៍ជម្រាបជូនប្រជាពុទ្ធបរិស័ទថា ការដែលលោកបាឡាត់គណៈខេត្តមុំ សយ បញ្ជាឱ្យមន្ត្រីសង្ឃ និងកងកម្លាំងប្រដាប់អាវុធចុះមកចាប់ព្រះគ្រូចៅអធិការវត្តព្រះនាម ភ្លុក សុខខឿន ផ្សឹក និងចាប់ជម្លៀសព្រះសង្ឃចេញពីវត្ត ហើយបិទវត្តអង្គប្ញស្សីនេះ គឺជាការខុសច្បាប់ ។
ដោយយោងតាមការតែងតាំងជាព្រះចៅអធិការវត្តអង្គប្ញស្សីនេះ គឺតែងតាំងដោយសម្តេចសង្ឃ ។ ដូច្នេះ ការចាប់ផ្សឹក និងការជម្លៀសសង្ឃចេញពីវត្ត ឬបិទវត្តនេះ មិនអាចធ្វើឡើងត្រឹមព្រះបាឡាត់ខេត្ត ឬមេគណស្តីទីខេត្តនោះទេ ត្រូវតែស្នើសុំតាមរយៈមន្ទីរធម្មការ និងសាសនាខេត្ត ស្នើទៅក្រសួងធម្មការ និងសាសនា និងស្នើសុំទៅសម្តេចព្រះសង្ឃ ទើបដកហូតឬផ្សឹកបាន ។
ដោយយោងថា សង្ឃអង្គនោះមានកំហុសក្នុងព្រះវិនយ័ផង ក៏ប៉ុន្តែព្រះអង្គ ភ្លុក សុខខឿន ព្រះចៅអធិការវត្តអង្គឬស្សី គ្មានកំហុសសោះ ដោយលោកបាឡាត់គណៈខេត្តយករឿងចោទប្រកាន់របស់ម្ចាស់គ្រឿងសំណង់ថា គណៈកម្មការសាងសង់ ព្រះវិហារ និងសមិទ្ធផលក្នុងវត្ត នៅជំពាក់ថ្លៃគ្រឿងសំណង់រហូត៤១លានរៀល តាំងពីព្រះចៅអធិកាមុន ហើយមកចាប់បង្ខំឲ្យព្រះចៅអធិការថ្មីសង ដោយគ្មានវិក្កយបត្រ ទិញលក់ទាល់តែសោះ ។