ខេត្តសៀមរាប ៖ ផ្ទុះអធិកររវាងព្រះសង្ឃ និងព្រះសង្ឃ នៅក្នុងវត្តព្រះឥន្ទកោសីយ៍ ហៅវត្តលើ ត្រូវបានបញ្ចប់ជាស្ថាពរ ក្នុងរយៈពេល១សប្តាហ៍ក្រោយ ខណៈព្រះភិក្ខុព្រះនាម អ៊ុន សម្ផស្ស បានព្រមព្រៀងធ្វើកិច្ចសន្យានៅចំពោះមុខ អនុគណក្រុងសៀមរាប ព្រះគ្រូចៅអធិការវត្តព្រះឥន្ទកោសីយ៍ និងប្រធានមន្ទីរធម្មការ និងសាសនា ខេត្តសៀមរាប ព្រមទាងអភិបាលរងក្រុង ដែលបានចូលរួមស្តាប់នៅក្នុងសាលាឆាន់ វត្តព្រះឥន្ទកោសីយ៍ នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ពុំមាននរណាម្នាក់បង្ខិតបង្ខំ ព្រះអង្គឡើយ។
បន្ទាប់ពីនាំគ្នារង់ចាំអនុគណក្រុង និងប្រធានមន្ទីរធម្មការ និងសាសនាខេត្ត នោះ ត្រូវបានភិក្ខុ និងសាមណេរជាង៧០អង្គ នៅក្នុងសាលាឆាន់វត្តព្រះឥន្ទកោសីយ៍ បានដាច់ចង្ហាន់ថ្ងៃត្រង់ ដោយសារតែជម្លោះ តឹងតែងរវាងភិក្ខុ១អង្គ ប្រឆាំងមិនទទួលស្គាល់ព្រះគ្រូចៅអធិការវត្ត ដែលទើបតែឡើងកាន់តំណែងថ្មី។ ក្នុងទីវត្តចាប់តាំងតែពីព្រឹកថ្ងៃព្រហស្បតិ៍ទី៣១ ខែសីហា ព្រះភិក្ខុជាច្រើនអង្គ រួមទាំងសាមណេរ បានប្រមូលផ្ដុំគ្នា ដោយនិមន្តភិក្ខុព្រះនាម អ៊ុន សម្ផស្ស ដែលមានទំនាស់មកជួបប្រជុំ ដើម្បីដោះស្រាយជម្លោះ ក៏ប៉ុន្តែព្រះភិក្ខុ អ៊ុន សម្ផស្ស បានប្រកែក រហូតដល់ក្រុមព្រះសង្ឃនាំគ្នាសែងព្រះភិក្ខុអង្គនោះ ចូលទៅកាន់សាលាឆាន់ ដែលមន្ត្រីសង្ឃកំពុងតែរង់ចាំដោយបង្ខំ ហើយបិទទ្វារចាក់សោជិត ក្នុងពេលជួបពិភាក្សា។
ព្រះអង្គព្រះនាមភិក្ខុ អ៊ុន សម្ផស្ស គឺជាព្រះង្ឃ១អង្គ ដែលពុទ្ធបរិស័ទខ្លះ ទទួលស្គាល់ថាជាអ្នកដែលពូកែកសាង សមិទ្ធិផលនានា នៅក្នុងវត្តព្រះឥន្ទកោសីយ៍។ ព្រះអង្គមានព្រះថេរៈដីកាថា វាមិនយុត្តិធម៌ចំពោះព្រះអង្គទេ ដែលមន្ត្រីសង្ឃបានតែងតាំងព្រះគ្រូសូត្រស្ដាំ ដែលនិមន្តចោលវត្តជាង១០ឆ្នាំ ឱ្យធ្វើជាព្រះចៅអធិការវត្ត ជំនួសព្រះចៅអធិការមុន ដែលអនិច្ចធម្មនោះ។ បើយើងគិតទៅតាមច្បាប់គឺព្រះចៅអធិការក៏ដោយ គ្រូសូត្រឆ្វេងស្ដាំ ក៏ដោយ តែចាកចេញចោលវត្ត ដោយអត់ច្បាប់គឺវាដាច់ដោយស្វ័យប្រវត្តិនូវតំណែងចៅអធិការ។
ក៏ប៉ុន្តែការលើកឡើងរបស់ភិក្ខុ អ៊ុន សម្ផស្ស ធ្វើឱ្យភិក្ខុ និងសាមណេរចំនួន៦៩អង្គ ដែលគង់នៅក្នុងវត្តនោះ មិនគាំទ្រឡើយ។ ផ្ទុយទៅវិញ ភិក្ខុ និងសាមណេរភាគច្រើនបានគាំទ្រ ព្រះគ្រូចៅអធិការថ្មី ព្រមទាំងរិះគន់ថាព្រះភិក្ខុ អ៊ុន សម្ផស្ស ទើបតែសាងផ្នួសជាភិក្ខុ ហើយទើបតែបាននិមន្តមកគង់នៅវត្តព្រះឥន្ទកោសីយ៍ រយៈពេល១ឆ្នាំកន្លះប៉ុណ្ណោះ បែរជាចង់ធ្វើជាចៅអធិការវត្ត។ ភិក្ខុខ្លះបានអានប្រវត្តិរបស់ភិក្ខុ អ៊ុន សម្ផស្សថា ជាអ្នកបួស មានប្រវត្តិមិនច្បាស់លាស់ដោយផ្លាស់ប្ដូរពីវត្តរាជបូព៌ទៅវត្តព្រះឥន្ទកោសីយ៍ ហើយបង្កបញ្ហាមិនចេះចប់មិនចេះហើយ ដូចជាបង្កើតពិធីបុណ្យផ្សេងៗ ដើម្បីប្រមូលបច្ច័យទុកផលប្រយោជន៍ផ្ទាល់ខ្លួន និងប្ដឹងចោទប្រកាន់ព្រះសង្ឃនៅក្នុងវត្តខ្លួនឯងខ្លះថា មានជាប់ពាក់ព័ន្ធនឹងគណបក្សប្រឆាំងជាដើម។
ទោះជាយ៉ាងណាព្រះភិក្ខុ អ៊ុន សម្ផស្ស មិនបានឆ្លើយការពារខ្លួនក្នុងពេលដែលក្រុមព្រះសង្ឃជាច្រើនអង្គចោមរោមរិះគន់នោះទេ។ ចៅអធិការវត្តព្រះឥន្ទកោសីយ៍ ដែលទើបតែឡើងកាន់ដំណែងថ្មី ព្រះនាម ភិក្ខុ ច័ន្ទ សុវណ្ណ មានព្រះថេរៈដីកាថា ព្រះអង្គបានគង់នៅ វត្តព្រះឥន្ទកោសីយ៍ តាំងតែពីអំឡុងឆ្នាំ១៩៩២ មកម្ល៉េះ ហើយឆ្នាំ១៩៩៤គឺព្រះអង្គ បានធ្វើជាព្រះគ្រូសូត្រស្ដាំនៅក្នុងវត្តនេះ រហូតមក។ ចាប់ពីឆ្នាំ២០០៤ ព្រះអង្គត្រូវបានខ្មែរនៅក្រៅប្រទេសនិមន្ត ទៅប្រទេសស្វីស ប្រទេសបារាំង អង់គ្លេស រហូតដល់សហរដ្ឋអាមេរិក ដើម្បីជួយបង្រៀនភាសាខ្មែរ និងកសាងវត្តព្រះពុទ្ធសាសនា ដោយព្រះអង្គបានសុំអនុញ្ញាតពីព្រះគ្រូចៅអធិការព្រះនាម ពេជ្រ សន ត្រឹមត្រូវ។
ក្នុងការគង់នៅបរទេសនោះ គឺព្រះអង្គតែងចេញចូលមកវត្តព្រះឥន្ទកោសីយ៍ជាញឹកញាប់ ដោយចាត់ទុកជាគ្រួសារតែមួយ ព្រមទាំងប្រមូលយកបច្ច័យមកពីក្រៅប្រទេស ដើម្បីយកមកកសាងសមិទ្ធិផលនៅក្នុងវត្តនេះជាច្រើនផងដែរ។ ការពិភាក្សានៅអង្គប្រជុំ ក្នុងសាលាឆាន់ នោះ ត្រូវបានភិក្ខុ ច័ន្ទ សុវណ្ណ បញ្ជាក់ថាក្នុងនាមដែលព្រះអង្គជាគ្រូសូត្រស្ដាំ នៅពេលព្រះគ្រូចៅអធិការអនិច្ចធម្មទៅ គឺព្រះអង្គត្រូវតែនិមន្តចូលមកវត្តវិញ ដើម្បីគ្រប់គ្រងបន្ត។
នេះគ្រាន់តែលោកមិនពេញចិត្តនឹងអាត្មា ដោយលោកចង់បានតំណែងខ្លួនឯង គឺអាត្មាមិនដឹងទេ ពីព្រោះអាត្មាមកធ្វើជាចៅអធិការថ្មីនៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៦ ដោយសម្តេចអគ្គមហាសង្ឃរាជ ទេព វង្ស យាងមកធ្វើពិធីបង្សុកូល ប្រគេនព្រះមេគណ ហើយសម្តេចបានចេញព្រះរាជប្រកាសនីយ៍បត្រតែងតាំងភិក្ខុ ច័ន្ទ សុវណ្ណ ជាទីប្រឹក្សាផ្ទាល់សម្តេចព្រះមហាសង្ឃរាជ និងជាចៅអធិការ វត្តព្រះឥន្ទកោសីយ៍ ចាប់ពីថ្ងៃប្រកាសនោះរហូតមកដល់បច្ចុប្បន្ន ព្រមទាំងមានការគាំទ្រ ពីពុទ្ធបរិស័ទផងដែរ។
ជុំវិញក្នុងកិច្ចប្រជុំ ដែលមានមតិច្រើននោះ គឺភិក្ខុ និងសាមណេរចំនួន៦៩អង្គ នៅក្នុងវត្តព្រះឥន្ទកោសីយ៍ បានផ្ដិតមេដៃព្រមព្រៀងគ្នាត្រូវតែបណ្ដេញភិក្ខុ អ៊ុន សម្ផស្ស ឱ្យចេញពីទីវត្តជាដាច់ខាត និងមានលក្ខន្តិកៈ ម្យ៉ាងទៀត បើភិក្ខុអង្គនេះ មិនព្រមនិមន្តចាកចេញទេ គឺត្រូវផ្សឹកពីព្រះសង្ឃ ឱ្យត្រឡប់ទៅជាមនុស្សធម្មតាវិញ។ ប៉ុន្តែនៅខាងក្រៅបន្ទប់ប្រជុំ មានក្រុមពុទ្ធបរិស័ទមួយចំនួន ដែលគាំទ្រ ភិក្ខុ អ៊ុន សម្ផស្ស បានស្រែកឡើង ប្រឆាំងនិងមតិ របស់ព្រះសង្ឃភាគច្រើន ដែលមានបំណងបណ្ដេញ និងផ្សឹកព្រះភិក្ខុអង្គនោះចេញពីវត្ត។
ទីបំផុតភិក្ខុ អ៊ុន សម្ផស្ស ដែលមានតែ១អង្គឯងនៅក្នុងអង្គប្រជុំនោះ ក៏សុខចិត្តធ្វើកិច្ចសន្យាចំពោះមុខមន្ត្រីសង្ឃជាច្រើនអង្គ និងប្រធានមន្ទីរធម្មការនិងសាសនា លោកអភិបាលរងក្រុង សមត្ថកិច្ចពាក់ព័ន្ធ ដែលបានចូលរួមថា លោកនឹងចាកចេញពីវត្ត ប៉ុន្តែសូមឱ្យទុករយៈពេល៧ថ្ងៃ ដើម្បីស្វែងរកវត្តថ្មីស្នាក់នៅជាមុនសិន។ លោក វណ្ណ ប៊ុណ្ណា ប្រធានមន្ទីរធម្មការ និងសាសនាខេត្តសៀមរាប មានប្រសាសន៍ថា មន្ទីរមិនមានចំណាត់ការទៅលើទំនាស់ព្រះសង្ឃ និងព្រះសង្ឃនោះបានទេ គឺជាកិច្ចការរបស់សភាសង្ឃ ហើយបើ ភិក្ខុ អ៊ុន សម្ផស្ស យល់ព្រមចាកចេញពីវត្តទៅហើយនោះ គឺវាអាចនឹងបញ្ចប់បញ្ហាទំនាស់ទាំងអស់នេះ បានហើយ មិនបាច់វែកញែកអ្វីតទៅទៀតនោះទេ៕