ភាពយន្តបន្តរបស់កំពូលតារាក្បាច់គុនហុងកុង Jackie Chan មានចំណងជើងថា “Kung Fu Yoga”។ នេះជាសមិទ្ធផលរួមរបស់ផលិតកម្មភាពយន្តចិននិងឥណ្ឌាចូលរួមផលិត។
តាមគេហទំព័រ Variety បានឲ្យដឹងថា អ្នកដឹកនាំសម្ដែង Stanley Tong និង តារាសម្ដែង Jackie Chan បានចាប់ផ្ដើមថតរឿងក្បាច់គុន “Kung Fu Yoga” នៅទីក្រុងឌុយបៃ ប្រទេសអារ៉ាប់រួម កាលពីថ្ងៃទី ២៨ ខែ កញ្ញាកន្លងមក។ ភាពយន្តនេះនឹងត្រូវថតចប់នៅថ្ងៃទី ៣០ ខែតុលា មានន័យថាត្រូវចំណាយរយៈពេល ៣៣ ថ្ងៃដើម្បីថត ហើយនឹងមានឈុតឆាកមួយចំនួនទៀតនឹងត្រូវបានថតនៅក្នុងប្រទេសឥណ្ឌា។
“Kung Fu Yoga” គឺជាការចាប់ដៃលើកទីមួយរវាងផលិតកម្មចិន Taihe Entertainment និង Shinework Media ជាមួយផលិតកម្មឥណ្ឌា Viacom 18 បន្ទាប់ពីបានចុះកិច្ចសន្យាសហការគ្នាកាលពីខែ កញ្ញា ឆ្នាំ ២០១៤។ អ្នកដឹកនាំសម្ដែង Stanley Tong បានឲ្យដឹងថាលោកនឹងប្រើប្រាស់កម្លាំងពលកម្មដែលមានស្រាប់នៅ ឌុយបៃ ក៏ដូចជានឹងយកបុគ្គលិកពីបណ្ដាប្រទេសផ្សេងទៀត ១០០ នាក់ជាជំនួយ។
ដូចគ្នានឹងរឿង “Fast & Furious 7” ដែរ “Kung Fu Yoga” នឹងមានឈុតឆាកប្រដេញគ្នាដោយឡានទំនើបនៅកណ្ដាលទីក្រុងដែលមាន អាគារខ្ពស់កប់ពពករបស់ឌុយបៃ។ បន្ទាប់ពីរឿងក្បាច់គុននេះ រឿងដែលបានបោះទុនយ៉ាងច្រើនរបស់ហូលីវូដមួយទៀតគឺរឿង “Star Trek Beyond” របស់អ្នកដឹកនាំសម្ដែង Justin Lin ក៏នឹងមកថតនៅទីក្រុងស៊ីវិល័យនេះដែរ៕
ប្រភព៖ variety , sabay