Google ជាក្រុមហ៊ុនបច្ចេកវិទ្យាផ្នែក Search Engine ធំមួយលើពិភពលោក ដែលមានអ្នកប្រើប្រាស់រាប់ពាន់លាននាក់។ ប៉ុន្តែ បើក្រឡេកទៅមើល Homepage របស់ក្រុមហ៊ុននេះវិញគឺពិតជាសាមញ្ញ មិនមានអ្វីច្រើននោះទេ ដោយមានតែផ្នែកសំខាន់ៗដូចជាអក្សរ Google និងប្រអប់ស្វែងរកព័ត៌មាន (Search Box) មួយប៉ុណ្ណោះ។ អ៊ីចឹងតើ មូលហេតុអ្វីបានជាក្រុមហ៊ុនយក្សមួយនេះ រចនា Homepage របស់ខ្លួនសាមញ្ញដល់ម្ល៉ឹង?
បើតាមប្រសាសន៍របស់លោកស្រី Amy Kunrojpanya ប្រធានទំនាក់ទំនងនិងកិច្ចការសាធារណៈសម្រាប់ទីផ្សារថ្មីរបស់ ក្រុមហ៊ុន Google ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកបានឱ្យដឹងថា មូលហេតុដែលក្រុមហ៊ុន Google រចនា Homepageបែបសាមញ្ញដោយមានតែ Logo (អក្សរ Google) ប្រអប់ Search ហើយមានផ្ទៃទំនេរពណ៌សដូច្នេះ គឺដោយសារក្រុមហ៊ុនចង់ផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់រាប់ពាន់ លាននាក់ជុំវិញពិភពលោក ក្នុងការស្វែងរកព័ត៌មានផ្សេងៗតាមការចង់បាន។
កាលណាអ្នកប្រើប្រាស់ចូលទៅដល់ Homepage របស់ Google នោះពួកគេនឹងផ្ដោតអារម្មណ៍តែមួយមុខប៉ុណ្ណោះ គឺការស្វែងរកព័ត៌មាន ដោយចាប់ផ្ដើមតាមរយៈការវាយព័ត៌មានដែលគេចង់រកក្នុងប្រអប់ Search ក្រោមពាក្យ Google នេះឯង។
លោកស្រីបានបន្ថែមទៀតថា ដូចដែលប្រិយមិត្តបានឃើញស្រាប់ Homepage របស់ Google មានផ្ទៃទំនេរពណ៌សយ៉ាងធំទូលាយគ្មានផ្ទាំងផ្សាយពាណិជ្ជកម្ម (Ads) និងផ្ទាំងផ្ទុកទិន្នន័យរញ៉េរញ៉ៃផ្សេងទៀតដូច Homepage របស់ក្រុមហ៊ុនបច្ចេកវិទ្យាដទៃ គឺដោយសារតែ Google គិតថាផ្ទាំង Ads ទាំងនោះជាឧបសគ្គធ្វើឱ្យដំណើរការផ្ទុកទិន្នន័យ (Load) យឺត ពេលបើកចូលទៅក្នុង Homepage ហើយវានឹងរឹតតែលំបាកថែមមួយកម្រិតទៀតសម្រាប់អ្នកប្រើប្រាស់ណា ដែលមានល្បឿនអ៊ីនធឺណិតយឺត។
ចក្ខុវិស័យចម្បងរបស់ Google គឺ “Organize the world’s information and make it universally accessible and useful” ដែលមានន័យថា ប្រមូលនិងរៀបចំព័ត៌មានជុំវិញពិភពលោក ហើយធ្វើឱ្យវាងាយ មានប្រយោជន៍និងអាចដំណើរការបានស្រួលទូទាំងសាកលលោក។
សេវាកម្មដែល Google ផ្តល់ជូនសព្វថ្ងៃមានដូចជា Web-based Products, Operating Systems, Desktop Applications, Mobile Application, Hardware និងសេវាកម្មដទៃជាច្រើនផ្សេងទៀត៕
ប្រភព៖ sabay