ក្រុមហ៊ុន Microsoft បានប្រកាសកំពូលស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនពីរម៉ូដែល នៅក្នុងព្រឹត្តិការដ៏ធំរបស់ខ្លួនដែលប្រព្រឹត្តទៅនៅថ្ងៃទី០៦ ខែតុលា ម្សិលមិញ ក្នុងទីក្រុង New York សហរដ្ឋអាមេរិក។
ទូរសព្ទ ស្មាតហ្វូនដែលក្រុមហ៊ុនបានប្រកាសនោះមានដូចជា Lumia 950 និង 950XL។ ចំពោះលក្ខណៈសម្បត្តិរបស់ Lumia 950 វិញគឺមានអេក្រង់ ៥,២ ប្រភេទ QHD OLED , CPU ប្រភេទ Qualcomm’s Snapdragon 808 ។ ចំណែកឯ Lumia 950 XL បំពាក់ដោយអេក្រង់ទំហំ ៥,៧ អ៊ីញ ប្រភេទ QHD OLED និងមាន CPU ប្រភេទ Snapdragon 810។
ស្មាតហ្វូនទាំងពីរគឺត្រូវបានបំពាក់ ដោយកាមេរ៉ាក្រោយទំហំ 20 MP ជាមួយមុខងារ Triple-LED Naural flash, OIS ជំនាន់ទីប្រាំ មានប៊ូតុងកាមេរ៉ា អាចចាប់យករូបភាពក្នុងកម្រិត 4K និងមានកាមេរ៉ាមុខទំហំ 5MP ដូចគ្នា។
ចំពោះទំហំ RAM វិញគឺមានទំហំ 3GB, ម៉េមូរី 32GB និងអាចបន្ថែមទំហំខាងក្រៅបានរហូតដល់ទៅ 2TB ។ ក្រៅពីនេះ Microsoft បានបន្ថែមរន្ធ USB Type-C ដើម្បីបង្កើនល្បឿននៃការសាកថាមពលថ្ម និងល្បឿនផ្ទេរទិន្នន័យឲ្យកាន់តែលឿន និងមានមុខងារសុវត្ថិភាពថ្មីមួយឈ្មោះថា Windows Hello ដោយអាច Unlock ទូរសព្ទបានដោយប្រើតែសំឡេង។
កាន់តែពិសេសទៅទៀតនោះទូរសព្ទស្មាតហ្វូន Lumia ទាំងពីរម៉ូដែលនេះអាចប្រើបានជាកុំព្យូទ័រ PC បានថែមទៀតផង។ Lumia 950 និង 950XL គឺដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Windows 10 ដូចគ្នា។
ចំពោះការដាក់លក់វិញនឹងចាប់ផ្ដើមនៅខែក្រោយ ដោយតម្លៃគឺ ៥៤៩ ដុល្លារ សម្រាប់ Lumia 950 និង ៦៤៩ ដុល្លារសម្រាប់ Lumia 950 XL ជាតម្លៃនៅសហរដ្ឋអាមេរិក៕
ប្រភព៖ digitaltrends , sabay